ឰដ៏​កាល​កន្លង​អង្វែង​យូរ​មក​ហើយ មាន​នេសាទ​សំណាញ់​ម្នាក់​ជា​មនុស្ស​ចាស់​ជរា​កំសត់​ទុរគត់​ណាស់ ចិញ្ចឹម​ជីវិត​ខ្លួន ភរិយា​នឹង​កូន ៣ នាក់​តែ​ដោយ​របរ​នេសាទ​បង់​សំណាញ់​ម្យ៉ាង គ្មាន​មុខ​ការ​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ទៀត​ទេ មួយ​ថ្ងៃ ៗ រក​បាន​គ្រាន់​តែ​ចំអែត​អាត្មា​ប៉ុណ្ណោះ​នឹង​បាន​សល់​សម្រាប់​ពេល​មុខ​ទៀត​ឥត​អង្គឺ​មាន នេសាទ​តែង​ទៅ​បង់​សំណាញ់​រាល់​ព្រឹក គាត់​ធ្វើ​មនសិការ​ប្ដេជ្ញា​ចិត្ត​ថា​ក្នុង ១ ថ្ងៃ​បង់​តែ ៤ សំណាញ់​ប៉ុណ្ណោះ​មិន​ដែល​ឲ្យ​កន្លង​ហួស​ពី​កំរិត​នេះ​ឡើយ ។

            មាន​ថ្ងៃ ១ តា​ចាស់​នោះ​ភ្ញាក់​ឡើង​ពី​យប់ ដើរ​ទៅ​ដល់​មាត់​សមុទ្រ​ពេល​ភ្លឺ​ស្រាង ៗ ផ្លះ​ខោអាវ​ចេញ​ហើយ​បង់​សំណាញ់ កាល​ទាញ​សំណាញ់​មក​វិញ​ហាក់​ដូច​ជា​តឹង​ជាង​ធម្មតា មក​គិត​ស្មាន​ក្នុង​ចិត្ត​ថា​ច្បាស់​ជា​មាន​លាភ​បាន​ត្រី​ច្រើន​មិន​ខាន មាន​សង្ឃឹម​ក្នុង​ចិត្ត​ត្រេក​អរ​ជា​មុន​ណាស់​ទៅ​ហើយ​គ្រា​ទាញ​សំណាញ់​ផុត​មិន​ឃើញ​មាន​ត្រី​អ្វី ១ សោះ ទៅ​បាន​ឯ​ឆ្អឹង​សត្វ​លា​ទាំង​មូល​មក​វិញ តា​ចាស់​កើត​សេចក្ដី​ទោមនស្ស​ខ្លាំង​ក្រៃ​ក្នុង​ពេល​នោះ ព្រោះ​ត្រី​ក៏​មិន​បាន​សំណាញ់​ក៏​រហែក​លុះ​ជួស​ជុល​សំណាញ់​ស្រេច​ហើយ ទើប​លើក​គ្រវែង​ទៅ​ក្នុង​ទឹក​ជា​ថ្មី​ទៀត ដល់​ទាញ​មក​វិញ​ម្ដង​ទៀត សំណាញ់​ក៏​រិត​តែ​តឹង​ជាង​លើក​មុន តាចាស់​សង្ឃឹម​មាំ​ក្នុង​ចិត្ត​ថា​ម្ដង​នេះ​ច្បាស់​ជា​បាន​ត្រី​ពេញ​សំណាញ់​ជា​ប្រាកដ ប៉ុន្តែ​លុះ​ទាញ​ផុត​មក​ឃើញ​កញ្ជើ ១ ធំ​ដ៏​ពេញ​ដោយ​ដុំ​ក្រួស​ដុំ​ថ្មនឹង​ផុក តា​ចាស់​រឹង​រិត​តែ​ទោមនស្ស​មុះហិមា ហើយ​ស្រែក​ថ្អូញ​ថា ឱភ័ព​សំណាង​អើយ​ចូរ​អ្នក​លែង​ខឹង​នឹង​ខ្ញុំ​ទៅ ចូរ​អ្នក​អាណិត​ទទួល​អង្វរ​ខ្ញុំ​វិញ​ព្រោះ​ខ្ញុំ​នេះ​ជា​មនុស្ស​ក្រីក្រ​ណាស់ ខ្ញុំ​ចេញ​ពី​ផ្ទះ​ខ្ញុំ​មក​ប្រាថ្នា​នឹង​មក​រក​​ជីវិត ឥឡូវ​អ្នក​យក​តែ​សេចក្ដី​ស្លាប់​មក​បង្ហាញ​ដល់​ខ្ញុំ​ខ្លួន​ខ្ញុំ​គ្មាន​របរ​អ្វី​ផ្សេង​ពី​បង់​សំណាញ់​នេះ​ទេ អម្បាល​ខ្ញុំ​ខំ​ប្រឹង​ទាំង​ម្លេះ ម្ដេច​ក៏​គង់​ចិញ្ចឹម​ជីវិត​ស្ទើ​តែ​មិន​រស់ ហេតុ​អ្វី​ក៏​អ្នក​ចូល​ចិត្ត​តែ​ធ្វើ​បាប​មនុស្ស​សុចរិត​ត្រឹម​ត្រូវ ហើយ​ទៅ​ចំរុង​ចំរើន​ដល់​មនុស្ស​ពាល​អសប្បុរស​វិញ ។

            ថ្អូញ​ថ្ងូរ​តែ​ម្នាក់​ឯង ចូរ​គ្រវែង​សំណាញ់​ទៅ​ក្នុង​ទឹក​ម្ដង​ទៀត លុះ​ទាញ​មក​ម្ដង​នេះ​បាន​តែ​ដុំ​ថ្ម​នឹង​សម្រាម​មាន​កំណាត់​ឈើ​ជា​ដើម តា​ចាស់​ក៏​រឹង​រិត​តែ​ថែម​ទុក្ខ​ធ្ងន់​ឡើង នឹង​ប្រៀប​ឧបមា​មិន​បាន ស្ទើ​តែ​ភាន់​ភាំង​ស្មារតី វេលា​នោះ​ជួន​ជា​ព្រះ​អាទិត្យ​ហៀប​នឹង​រះ​ឡើង ។

            តា​ចាស់​ក៏​រៀប​ចំ​នឹង​ថ្វាយ​បង្គំ​ព្រះ​ធ្វើ​វត្ត​ព្រឹក ព្រោះ​ខ្លួន​គាត់​ជា​អ្នក​កាន់​សាសនា​មហា​មុត​មាំ មិន​ដែល​ដាច់​ខាន​ធ្វើ​វត្ត​ម្ដង​សោះ លុះ​ធ្វើ​វត្ត​ស្រេច​ហើយ គាត់​បន្ថែម​ពាក្យ​ដូច្នេះ​ថា​ឲ្យ​ព្រះ​ម្ចាស់​ថ្លៃ​អើយ ព្រះ​អង្គ​ជ្រាប​ច្បាស់​ហើយ​ថា​ខ្លួន​ខ្ញុំ​នេះ​បង់​ភ្នង ១ ថ្ងៃ​តែ ៤ សំណាញ់​ទេ ឥឡូវ​នេះ​ខ្ញុំ​បាន​បង់ ៣ សំណាញ់​រួច​ហើយ​ឥត​បាន​ត្រី ១ សោះ ខ្ញុំ​ត្រូវ​នៅ​បង់​តែ ១ សំណាញ់​ទៀត​ទេ នឹង​ដល់​កំរិត​ដែល​ខ្ញុំ​បាន​ប្ដេជ្ញា​ទុក សូម​ព្រះ​អង្គ​ជួយ​សង្គ្រោះ​ខ្ញុំ​ឲ្យ​ដូច​កាល​ដែល​ព្រះ​អង្គ​បាន​សង្រ្គោះ​ដល់​ព្រះ​ម៉ូអិស។

            តា​នេសាទ​បន់​ដូច្នេះ​ស្រេច​ហើយ ក៏​គ្រវែង​សំណាញ់​ទៅ​ម្ដង​ទៀត​ជា​គំរប់ ៤ ដង គិត​ក្នុង​ចិត្ត​ថា​ច្បាស់​ជា​បាន​ត្រី​ខ្លះ​មិន​ខាន​ឡើយ លុះ​ទាញ​សំណាញ់​ឡើង​វិញ មិន​ឃើញ​មាន​ត្រី​សោះ ជាប់​ឯ​ខ្លង​ស្ពាន់ ១ វិញ គាត់​ចាប់​ខ្លង​លើក​ឡើង​ឃើញ​មាន​ទំងន់​គ្រាន់​បើ ក៏​គិត​ស្មាន​ថា​ច្បាស់​ជា​មាន​របស់​អ្វី​នៅ​ខាង​ក្នុង​មិន​ខាន តែ​ដល់​ពិនិត្យ​សព្វ​គ្រប់​ទៅ ឃើ​មាន​ផ្សារ​គ្រប​ជិត​ជាប់​នឹង​មេ​ដោយ​សំណ ហើយ​ឃើញ​ស្នាម​ត្រា​បោះ​ពី​លើ​ផង គាត់​សប្បាយ​ក្នុង​ចិត្ត ហើយ​គិត​ថា “អញ​យក​ខ្លង​ស្ពាន់​នេះ​ទៅ​លក់​ឲ្យ​ជាង​ស្មិត យក​ប្រាក់​មក​ទិញ​អង្ករ​បាន ១ តៅ​មិន​ខាន។

            បាន​ផ្ទៀង​មើល​ខ្លង​នោះ​គ្រប់​ជ្រុង ហើយ​លើក​អង្រន់​មើល​ឲ្យ​ដឹង​ថា​មាន​វត្ថុ​អ្វី​នៅ​ខាង​ក្នុង អង្រន់​ទៅ​គ្មាន​ឮ​អ្វី​សោះ​វេលា​នោះ​តា​ចាស់​គិត​ថា ខ្លង​នេះ​គេ​ផ្សារ​ផ្ជាប់​ដោយ​ម៉ត់​ចត់​ណាស់ ហើយ​មាន​ទាំង​ស្នាម​ត្រា​បោះ​ពី​លើ​ផង ប្រហែល​ជា​មាន​របស់​អ្វី​យ៉ាង​ល្អ​ហើយ​មាន​ដំឡៃ​នៅ​ខាង​ក្នុង​មិន​លែង​ឡើយ គិត​ដូច្នេះ​ហើយ ក៏​ចាប់​យក​កាំ​បិត​មក​គាស់​គ្រប​បើក​ឡើង​ហើយ​ផ្កាប់​រលាក់​ទៅ​លើ​ដី មិន​ឃើញ​មាន​ធ្លាក់​អ្វី​មក​សោះ​គាត់​ក៏​ឆ្ងល់​ពន់​ពេក​ណាស់ ទើប​ដាក់​ខ្លង​នោះ​ចុះ​លើ​ធរណី​ហើយ​សំឡឹង​ផ្ទៀង​មើល យូរ​បន្តិច​ស្រាប់​តែ​ឃើញ​ផ្សែង​ចេញ​ភោភៅ​ពី​ក្នុង​ខ្លង​មក លុះ​ឃើញ​ដូច្នោះ​ហើយ ក៏​ស្ទុះ​ភ្ញាក់​ថយ​ក្រោយ​ពីរ​បី​ជំហ៊ាន ឯ​ផែ្សង​នោះ​អណ្ដែត​ឡើង​ទៅ​ឰដ៏​អាកាស​វេហារ ហើយ​ផ្សាយ​ផ្សប់​ដេរ​ដាស​ពាស​ពេញ​ត្រើយ​សមុទ្រ​ក្លាយ​ទៅ​ជា​អាប់​យ៉ាង​ក្រាស រក​មើល​ទិស​ដំបន់​អ្វី​ក៏​មិន​ឃើញ​តា​ចាស់​ងឿង​ឆ្ងល់​ណាស់​ទៅ​ជា​ភាន់​ភាំង​ស្មារតី ដល់​ផ្សែង​នោះ ចេញ​អស់​ពី​ខ្លង​ហើយ ទើប​ប្រមូល​ផ្ដុម​គ្នា​មក​វិញ ក្លាយ​ទៅ​ជា​អារក្ខ ១ យ៉ាង​សម្បើម ធំ​ហើយ​ខ្ពស់​ជាង​យក្ខ​ដែល​ធំ​បំផុត​ពីរ​បី​ភាគ្យ​ទៅ​ទៀត តា​ចាស់​គ្រា​ដែល​បាន​ឃើញ​ដូច្នេះ​ហើយ​ក៏​គិត​ស្ទុះ​រត់ ប៉ុន្តែ​ដោយ​សេចក្ដី​តក់​ស្លុត​ភ័យ​ខ្លាច​ហួស​ប្រមាណ​ណាស់ នឹង​រក​ឈាន​ជើង​រត់​ទៅ​មិន​រួច ។

            អារក្ខ​នោះ​តាំង​ស្រេក​ជា​ដំបូង​ថា សាឡូម៉ុង​សាឡូម៉ុងជា​បំរើ​ព្រះ​ដ៏​ជា​ម្ចាស់ សូម​ឲ្យ​ព្រះ​អង្គ​អត់​ទោស​ឲ្យ​ខ្ញុំ ត​ពី​ពី​ថ្ងៃ​នេះ​ទៅ​ខ្ញុំ​លែង​ទទឹង​នឹង​ព្រះ​រាជ​ហឫទ័យ​ទៀត​ហើយ ខ្ញុំ​នឹង​ទទួល​តាម​ព្រះ​រាជ​អាជ្ញា​ទាំង​អស់ ។

            តា​នេសាទ​គ្រា​បាន​ឮ​ពាក្យ​អារក្ខ​ដូច្នោះ​ហើយ ក៏​ស្រេក​សួរ​ទៅ​ថា នែ​បិសាច​ដ៏​មាន​រិទ្ធី អ្នក​និយាយ​ពី​រឿង​អ្វី ឯ​សាឡូម៉ុង​ជា​សេនា​ព្រះ​ជា​ម្ចាស់​នោះ​លោក​ក្ស័យ​តាំង​ពី​មុន​ឆ្នាំ ១៨០០ ឥឡូវ​នេះ​ដាច់​ឆ្នាំ ២០០០ ទៅ​ហើយ ហេតុ​ដូច​ម្ដេច​ក៏​អ្នក​មក​ជាប់​នៅ​ក្នុង​ខ្លង​ដូច្នេះ ។

            អារក្ខ​បាន​ឮ​ដូច្នោះ ក៏​សំឡឹង​មុខ​តា​ចាស់​ដោយ​កិរិយា​ឆឺយ​ពុំ​នាំ​ពា​ទើប​និយាយ​ប្រាប់​ទៅ​ថា ឯង​ត្រូវ​និយាយ​នឹង​អញ​ឲ្យ​គួរ​សំ​បន្តិច កុំ​ហារ​ឡើង​ហៅ​បិសាច​មាន​រិទ្ធី​ដូច្នេះ តា​ចាស់​ឆ្លើយ​ឡើង​ថា “បើ​ហៅ​ឲ្យ​គួរ​សំ​មាន​តែ​ហៅ​ថា ទីទុយ​មាន​ភ័យ​វិញ តើ​ត្រូវ​ឬ​ខុស” អារក្ខ​ប្រាប់​ទៅ​ទៀត​ថា “អញ​ប្រាប់​ឯង​ឲ្យ​និយាយ​នឹង​អញ​ឲ្យ​គួរ​សំ មុន​ដែល​អញ​នឹង​ប្រហារ​ជីវិត​ឯង” តា​ចាស់​សួរ​ទៅ​ទៀត​ថា ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​គិត​សំឡាប់​ខ្ញុំ​ដែល​ទើប​នឹង​ស្រង់​ជីវិត​អ្នក​ឯង​បាន​រួច​ពិ​សេចក្ដី​ស្លាប់​អ្នក​ភ្លេច​ហើយ​ឬ ? អារក្ខ​ឆ្លើយ​ឡើង​ថា “ទេ, អញ​មិន​ភ្លេច​ទេ អញ​ចាំ​បាន​ដោយ​ច្បាស់​ណាស់​ប៉ុន្តែ​គុណ​បំណាច់​នេះ​មិន​អាច​នឹង​ឃាត់​បង្អាក់​មិន​ឲ្យ​អញ​ប្រហារ​ជីវិត​ឯង​បាទ​ឡើយ តែ​អញ​មាន​សេចក្ដី​សង្គ្រោះ​ម្យ៉ាង​ដល់​ឯង តា​ចាស់​សួរ​ថា នឹង​សង្គ្រោះ​ខ្ញុំ​ដោយ​ប្រការ​យ៉ាង​ណា អារក្ខ​តប​វិញ​ថា “អញ​សង្រ្គោះ​ឯង​ឲ្យ​រើស​តាម​បំណង តើ​ឯង​គាប់​ចិត្ត​ឲ្យ​អញ​សំឡាប់​ដូច​ម្ដេច តា​ចាស់​សួរ​ថា ដែល​អ្នក​នឹង​ធ្វើ​ខ្ញុំ​យ៉ាង​នេះ​តើ​ខ្ញុំ​បាន​ប្រព្រឹត្ត​ខុស​ឆ្គង​អ្វី​នឹង​អ្នក នេះ​ហើយ​ឬ​ជា​សេចក្ដី​តប​ស្នង​សង​ដល់​គុណូបការៈ​ដែល​ខ្ញុំ​បាន​ធ្វើ​លើ​អ្នក?” អារក្ខ​ឆ្លើយ​ថា “អញ​នឹង​ធ្វើ​ឲ្យ​ខុស​ពី​នេះ​ទៅ​ទៀត​មិន​បាន ដើម្បី​កុំ​ឲ្យ​ឯង​នៅ​សន្ធិះ​សង្ស័យ​នោះ អញ​នឹង​អធិប្បាយ​ប្រាប់” ទើប​អារក្ខ​និយាយ​រឿង​ខ្លួន​វា​ដូច​មាន​ខាង​ក្រោយ​នេះ ។

            “អញ​ជា​សត្រូវ​នឹង​ព្រះ​បន្ទូល​ព្រះ បិសាច​ឯ​ទៀត​ទទួល​ស្គាល់​សាឡូម៉ុង​ដែល​ជា​សេនា​ព្រះ ហើយ​គោរព​កោត​ខ្លាច​ឯ​ចំណែក​បី​សាច​សា​កា នឹង​ខ្លួន​អញ​ទាំង​ពីរ​នាក់ មិន​ធ្វើ​កិរិយា​ឲ្យ​ថោក​ទាប​ដូច្នេះ​ទេ ដើម្បី​នឹង​ដាក់​ទណ្ឌ​កម្ម​ដល់​អញ ស្ដេច​សាឡូម៉ុង​បាន​ប្រើ​អាស្សាហ្វ៍​ជា​កូន​បារា​ខ្យា​ដែល​ជា​អគ្គ​មហា​សេនា​លោក​ឲ្យ​មក​យក​ខ្លួន​អញ​ទៅ អាស្សាហ៍្វ​ក៏​ទទួល​ព្រះ​អាជ្ញា ទើប​មក​ចាប់​ខ្លួន​អញ​នាំ​ទៅ​ចំពោះ​ព្រះ​ភក្រ្ដ ឯ​សាឡូម៉ុង​ជា​រាជ​បុត្រា​ដាវិទ បាន​បង្គាប់​អញ​ឲ្យ​លែង​រក​ចិញ្ចឹម​ជីវិត​តាម​ធម្មតា​អញ​ចេញ ឲ្យ​ទទួល​ស្គាល់​ព្រះ​ចេស្ដា​នឹង​ទទួល​តាម​ព្រះ​អាជ្ញា​គ្រប់​ស្ថាន វេលា​នោះ​អញ​ប្រកែក​ដាច់​អហ័ង្ការ មិន​ព្រម​ទទួល​តាម អញ​ស៊ូរង​ទោស​ទុក្ខ​ជា​ជាង​ទៅ​ទទួល​សំបថ​ព្រម​សុខ​ចិត្ត​ចុះ​ឱវាទ​តាម​សេចក្ដី​ចំណង់​របស់​ស្ដេច​នោះ ដើម្បី​នឹង​ធ្វើ​ទោស​ផ្ចាល​អញ ស្ដេច​សាឡូម៉ុង​បាន​បញ្ចូល​អញ​ទៅ​ក្នុង​ខ្លង​ស្ពាន់​នេះ ហើយ​បាន​បោះ​ត្រា​ព្រះ​ជា​ម្ចាស់​លើ​គ្រប​ខ្លង​កុំ​ឲ្យ​អញ​ស្ទុះ​ចេញ​រួច ស្រេច​ហើយ​ទើប​ប្រគល់​ខ្លង​នេះ​ដល់​ដៃ​បិសាច​ម្នាក់​ដែល​ស្ដាប់​បង្គាប់ ឲ្យ​យក​អញ​មក​គ្រវែង​ចោល​នា​កណ្ដាល​សមុទ្រ បិសាច​នោះ​ក៏​ធ្វើ​តាម​អាជ្ញា​ទៅ ក្នុង ១០០ ឆ្នាំ​ដម្បូង​ដែល​អញ​នៅ​ក្នុង​គុក​នោះ អញ​បាន​ប្ដេជ្ញា​ចិត្ត​ថា បើ​មាន​អ្នក​ឯ​ណា ១ មក​ស្រង់​អញ​ឲ្យ​រួច​មុន​នឹង​ផុត​ឆ្នាំ​ទី ១០០ ដែល​អញ​ជាប់​ឃុំ អញ​នឹង​ធ្វើ​អ្នក​នោះ​ឲ្យ​ទៅ​ជា​សេដ្ឋី សូម្បី​ខ្លួន​អ្នក​នោះ​ឯង​ធ្វើ​កាល​កិរិយា​ទៅ​ហើយ​ក្ដី ប៉ុន្តែ ១០០ ឆ្នាំ​កន្លង​ផុត​ទៅ​ហើយ គ្មាន​អ្នក​ឯ​ណា ១ មក​ដោះ​អញ​សោះ ។ ក្នុង ១០០ ឆ្នាំ​បន្ទាប់​មក​ទៀត អញ​ប្ដេជ្ញា​ម្យ៉ាង​ទៀត ថា​នឹង​បើក​កំណប់​លើ​ដី​ទាំង​អស់​ឲ្យ​ដល់​ជន​ណា​ដែល​បាន​មក​ស្រង់​អញ​ឡើង ប៉ុន្តែ​សេចក្ដី​ប្ដេជ្ញា​នេះ​ក៏​ឥត​អំពើ គ្មាន​អ្នក​ឯ​ណា ១ មក​ស្រង់​អញ​សោះ ក្នុង ១០០ ឆ្នាំ​ទី ៣ អញ​តាំង​សច្ចា​ម្ដង​ទៀត​ថា បើ​អ្នក​ណា ១ មក​ដោះ​អញ​ឲ្យ​រួច​ពី​ខ្លង អញ​នឹង​ជួយ​ឲ្យ​បាន​ធ្វើ​ជា​មហា​ក្សត្រ ប្រកប​ដោយ​ឫទ្ធានុភាព​ដ៏​ក្លៀវ​ក្លា ហើយ​អញ​នៅ​ចាំ​ថែរក្សា​ក្បែរ​ខ្លួន​ជា​និច្ច អញ​បើក​ឲ្យ​ប្រាថ្នា​ក្នុង ១ ថ្ងៃ​បាន ៣ យ៉ាង​ទោះ​ប្រាថ្នា​យ៉ាង​ក្ដី អញ​ធ្វើ​ឲ្យ​បាន​សម្រេច​ទាំង​អស់ ប៉ុន្តែ ១០០ ឆ្នាំ​ទី ៣ ក៏​ដាច់​ទៅ ខ្លួន​អញ​នៅ​ជាប់​តែ​ក្នុង​ខ្លង​នេះ​ដដែល ដល់​មក​ជាន់​ក្រោយ​នេះ អញ​តូច​ចិត្ត​ខ្លាំង​ដោយ​អញ​នៅ​តែ​ជាប់​ក្នុង​ខ្លង​ជា​យូរ​អង្វែង​ដូច្នេះ អញ​ក៏​ប្ដេជ្ញា​ថា​បើ​នរណា​មក​ស្រង់​អញ​ក្នុង​ពេល​ក្រោយ​នេះ អញ​ត្រូវ​ប្រហារ​ជីវិត​ចោល​ឥត​អាណិត​អសូរ​ឡើង ហើយ​អញ​នឹង​សង្គ្រោះ​តែ​ម្យ៉ាង គឺ​ឲ្យ​រើស​យក​តាម​ប្រាថ្នា តើ​ចង់​ស្លាប់​យ៉ាង​ណា​អញ​នឹង​ធ្វើ​តាម​ចំណង់ អាស្រ័យ​ហេតុ​នេះ ត្រូវ​ឯង​រើស​យក​ចុះ តើ​ត្រូវ​ឲ្យ​អញ​សំឡាប់​យ៉ាង​ដូច​ម្ដេច ព្រោះ​ឯង​បាន​ស្រង់​អញ​រួច​ក្នុង​ថ្ងៃ​នេះ​ឯង ។

            ពាក្យ​ទាំង​ប៉ុន្មាន​នេះ​នាំ​ឲ្យ​អ្នក​នេសាទ​កើត​ទុក្ខ​ជា​ខ្លាំង​ហើយ​ចេញ​វាចា​ថា ខ្លួន​អញ​បាន​មក​ក្នុង​ទី​នេះ ពេញ​ជា​អកុសល​ធំ បាន​ធ្វើ​គុណ​ដល់​មនុស្ស​អកតញ្ញូ​ដូច្នេះ ទើប​និយាយ​អង្វរ​ទៅ​អារក្ខ​ថា សូម​ឲ្យ​អ្នក​បោះ​បង់​សេចក្ដី​ប្ដេជ្ញា​ដែល​ជា​អធម្ម​នោះ​ចោល​ទៅ អំពើ​ដែល​អ្នក​តាំង​ចិត្ត​នឹង​ធ្វើ​នោះ​មិន​មែន​ជា​អំពើ​យុត្តិ​ធម៌​ទេ បើ​អ្នក​លើក​ទោស​ឲ្យ​ខ្ញុំ ព្រះ​ជា​ម្ចាស់​នឹង​សណ្ដោស​ប្រណី​ដល់​ខ្លួន​អ្នក​វិញ​មិន​ខាន បើ​អ្នក​សន្ដោស​ទុក​ជីវិត​ខ្ញុំ​ក្នុង​ថ្ងៃ​នេះ ព្រះ​ជា​ម្ចាស់​នឹង​ត្រា​ប្រណី​អំពើ​ល្មើស​ទាំង​ប៉ុន្មាន​ដែល​អ្នក​នឹង​ប្រព្រឹត្ត​ត​ទៅ​ក្នុង​ថ្ងៃ​ទាំង​មុខ ក្នុង​ថ្ងៃ​ខាង​មុខ​ទៀត វេលា​នោះ​អ្នក​តប​ទៅ​វីញ​ថា “ទេ, អញ​នឹង​លោក​លា​ត្រា​ប្រណី​មិន​បាន សេចក្ដី​ស្លាប់​របស់​ឯង​នេះ​ពិត​ណាស់ ឲ្យ​ឯង​ប្រាកដ​ក្នុង​ចិត្ត​ចុះ អញ​គ្រាន់​តែ​សង្គ្រោះ​ឲ្យ​ឯង​រើស តើ​ចង់​ឲ្យ​អញ​ប្រហារ​យ៉ាង​ណា​ប៉ុណ្ណោះ នឹង​សង្រ្គោះ​ដូច​ម្ដេច​ក្រៅ​ពី​នេះ​ទៅ​ទៀត​មិន​បាន តា​មេសាទ លុះ​បាន​ឃើញ​អារក្ខ​មិន​ព្រម​លះ បង់​គំនិត​អាក្រក់​ដូច្នេះ​ហើយ​ក៏​បណ្ដាល​ឲ្យ​កើត​ទុក្ខ​ម្នេញ​ខ្លាំង​ក្រៃ​ឯ​ទុក្ខ​នោះ​មិន​មែន​ព្រោះ​តែ​ស្ដាយ​ជីវិត​អាត្មា​ទេ គឺ​បណ្ដាល​មក​ពី​គិត​ទៅ​ដល់​កូន​ទាំង ៣ នាក់​ដែល​នៅ​ផ្ទះ បើ​ឥត​ពី​ខ្លួន​ទៅ​ហើយ សំ​នឹង​ទល់​តុក្ខ​វេទនា​ឥត​ឧបមា ទើប​ខំ​និយាយ​បន្ទន់​ចិត្ត​អារក្ខ​ទៀត​ថា ឱ​លោក​ម្ចាស់​អើយ សូម​លោក​មេត្តា​ដល់​ខ្ញុំ កុំ​ភ្លេច​នៅ​គុណូបការៈ​ដែល​ខ្ញុំ​បាន​ធ្វើ​ដល់​លោក អារក្ខ​ឆ្លើយ​ថា ចុះ​អញ​បាន​ប្រាប់​ឯង​ហើយ​តើ ថា​អញ​មិន​បាន​ភ្លេច​ទេ ឧបការៈ​ដែល​ឯង​បាន​ធ្វើ​ដល់​អញ​នោះ ដោយ​ហេតុ​ហ្នឹង​ហើយ​បាន​ជា​អញ​ត្រូវ​ប្រហារ​ជីវិត​ឯង​ចេញ តា​ចាស់​ឆ្លើយ​ទៅ​ទៀត​ថា ចុះ​ចិត្ត​លោក​ឥ​ក៏​ប្លែក​ម្លេះ ចង់​តែ​យក​អំពើ​អាក្រក់​មក​តប​នឹង​អំពើ​ល្អ​វិញ​ដោយ​ដាច់​ខាត ខ្ញុំ​បាន​ឮ​ពាក្យ​ទំនៀម​បុរាណ​និយាយ​ថា អ្នក​ឯ​ណា​បាន​ធ្វើ​គុណ​ដល់​មនុស្ស​ដែល​មិន​គួរ​ទទួល​នូវ​គុណ​នោះ នឹង​បាន​ហេតុ​មិន​ល្អ​មក​វិញ​មិន​ខាន កាល​បាន​ឮ​ពាក្យ​នេះ​ខ្ញុំ​ស្មាន​ថា​ពាក្យ​មិន​ពិត​ហើយ​ខ្ញុំ​មិន​ព្រម​ជឿ​តែ​ខ្ញុំ​មិន​ហ៊ាន​ទាស់​នឹង​បុរាណ​វាទ ទើប​តែ​ក្នុង​ថ្ងៃ​នេះ​ខ្ញុំ​បាន​ច្បាស់ ថា​ពាក្យ​ទំនៀម​នេះ​ពេញ​ជា​ពាក្យ​ពិត។

            អារក្ខ​ឆ្លើយ​កាត់​ថា ឯង​កុំ​និយាយ​ច្រើន​នាំ​ឲ្យ​យូរ​ការ​ខាត​វេលា​អញ ឯ​ពាក្យ​ច្រើន​នាំ​ឲ្យ​យូរ​ការ​ខាត​វេលា​អញ ឯ​ពាក្យ​ពិត​ពាក្យ​មែន​របស់​ឯង​ទាំង​ប៉ុន្មាន​នោះ មិន​អាច​នឹង​ផ្លាស់​ចិត្ត​គំនិត​អញ​ជា​ថ្មី​បាន​ឡើយ ចូរ​ប្រាប់​ឲ្យ​ឆាប់​តើ​ឲ្យ​អញ​សំឡាប់​ដូច​ម្ដេច។

            ក្នុង​គ្រា​នោះ​តា​នេសាទ​ភ្នក​គំនិត ១ ឡើង ទើប​និយាយ​ជា​ឧបាយ​ទៅ​កាន់​អារក្ខ​ថា បើ​ខ្ញុំ​គេច​មិន​ផុត​ពី​សេចក្ដី​មរណ​នេះ​ហើយ ខ្ញុំ​ព្រម​ទទួល​តាម​តេជា​នុភាព​របស់​ព្រះ​ជា​ម្ចាស់​ប៉ុន្តែ​មុន​នឹង​រើស​យក​សណ្ឋាន​ស្លាប់ ខ្ញុំ​សូម​ឲ្យ​អ្នក​ឆ្លើយ​ប្រាប់​ខ្ញុំ​ដោយ​សុចរិត​តាម​ពាក្យ ១ ម៉ាត់​ដែល​ខ្ញុំ​សួរ​នេះ មាន​ព្រះ​នាម​ព្រះ​ជា​ម្ចាស់​ដែល​ធ្លាក់​ដាប់​នៅ​លើ​ត្រា​សាឡូម៉ុង​ជា​បុត្រ​ដាវិទ​នេះ​ជា​ប្រធាន។

            អារក្ខ​បាន​ឮ​សេចក្ដី​ប្ដេជ្ញា យក​ព្រះ​នាម​ព្រះ​មក​ជា​ប្រធាន​ក៏​នឹក​បារម្ភ​ញាប់​ញ័រ​ក្នុង​អាត្មា ទើប​ប្រាប់​ទៅ​ថា ចូរ​អ្នក​ឯង​សួរ​មក​ចុះ​តាម​ត្រូវ​ការ តែ​សួរ​ឲ្យ​ឆាប់​កុំ​បង្អង់​ឲ្យ​យឺត​យូរ កាល​នោះ​តា​ចាស់​ក៏​សួរ​ទៅ​ថា ខ្ញុំ​ចង់​ដឹង តើ​ប្រាកដ​ជា​អ្នក​ឯង​បាន​នៅ​ក្នុង​ខ្លង​ស្ពាន់​នេះ​មែន​ឬ បើ​មែន​តើ​អ្នក​ឯង​ហ៊ាន​យក​ព្រះ​នាម​ព្រះ​ជា​ម្ចាស់ មក​ជា​ប្រធាន​នៃ​សេចក្ដី​ពិត​ឬ​ទេ អារក្ខ​ឆ្លើយ​ថា មែន​អញ​ប្រកដ​ជា​នៅ​ក្នុង​ខ្លង​ដោយ​ពិត​ហើយ មាន​ព្រះ​ជា​ម្ចាស់​ជា​កសិណ​ដោយ​ពេជ​ញាណ” តា​ចាស់​ឆ្លើយ​ប្រាប់​ថា តាម​ខ្ញុំ​ពិចារណា​មើល​ដោយ​ម៉ត់​ចត់​ទៅ​ឃើញ​ថា​នឹង​ជឿ​តាម​ពាក្យ​អ្នក​ឯង​មិន​បាន ព្រោះ​ខ្លង​នេះ​ដាក់​ជើង​អ្នក​ឯង​តែ ១ មិន​ចុះ​ផង ម្ដេច​ឡើយ​ក៏​អ្នក​ឯង​ថា​ចូល​នៅ​ខ្លួន​ទាំង​មូល​បាន គ្រា​នោះ​អារក្ខ​តប​ថា ខ្លួន​អញ​ពិត​ជា​បាន​នៅ​ក្នុង​ខ្លង​មែន អញ​យក​ព្រះ​នាម​ព្រះ​មក​ស្បថ​ដូច្នេះ​ហើយ​ឯង​នៅ​តែ​មិន​ព្រម​ជឿ​ទៀត​ឬ តា​នេសាទ​ឆ្លើយ​ថា ខ្ញុំ​នឹង​ជឿ​អ្នក​ឯង​មិន​បាន​ទេ បើ​ទុក​ជា​ចេះ​និយាយ​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មិន​ព្រម​ជឿ ក្រែង​តែ​អ្នក​ឯង​ធ្វើ​ឲ្យ​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក ទើប​ខ្ញុំ​ជឿ​បាន។

            វេលា​នោះ​អារក្ខ​ក៏​តាំង​រំលាយ​ខ្លួន​ទៅ​ជា​ផ្សែង​ផ្សាយ​ផ្សប់​ពាស​ពេញ​ក្នុង​សមុទ្រ​នឹង​ឆ្នេ​សមុទ្រ​នឹង​ឆ្នេរ​សមុទ្រ​ដូច​កាល​ពី​ដើម រួច​ប្រមូល​មូល​មក​វិញ ចូល​តាម​មាត់​ខ្លង​គ្រឿន​ៗ ទៅ​ត្រា​តែ​អស់​រលីង​គ្មាន​សល់​នៅ​ក្រៅ​សោះ យូរ ១ ស្របក់​ស្រាប់​តែ​ឮ​សព្ទ​សំឡេង​ស្រែក​ចេញ​ពី​ក្នុង​ខ្លង​ប្រាប់​មក​តា​ចាស់​នោះ​ថា នែ​អាកញ្ចាស់​ក្បាល​រឹង ឥឡូវ​នេះ​អញ​ចូល​មក​នៅ​ក្នុង​ខ្លង​ហើយ តើ​ឯង​ជឿ​ហើយ​ឬ​នៅ។

            តា​នេសាទ​ឮ​ដូច្នោះ មិន​ឆ្លើយ​តប​ទៅ​អារក្ខ​ថា​អ្វី​ឡើយ​ក៏​មី្នម្នា​ចាប់​យក​គ្រប​ៗ ភ្លាម​ទៅ​លើ​មេ ហើយ​ស្រែក​ប្រាប់​ភ្លាម​ទៅ​ថា ម្នាល​អារក្ខ វេលា​នេះ​ឯង​ត្រូវ​អង្វរ​អញ​វិញ​ចុះ ហើយ​ព្រះ​ស្ដែង​គាប្បី​រើស​យក តើ​ត្រូវ​ឲ្យ​អញ​សំឡាប់​ឯង​បែប​ណា​ប៉ុន្តែ​ខ្លួន​ឯង​នេះ គួរ​ណាស់​តែ​អញ​បោះ​ទៅ​ក្នុង​ទឹក​សមុទ្រ​វិញ ត្រង់​កន្លែង​ដែល​អញ​បាន​រើស​ឯង​មក រួច​សិម​អញ​មក​សង់​ផ្ទះ ១ នៅ​មាត់​សមុទ្រ ហើយ​អញ​មក​នៅ​ចាំ​ប្រាប់​ដល់​អ្នក​នេសាទ​ទាំង​ឡាយ​ដែល​មក​ចាប់​ត្រី​នាទី​នេះ ឲ្យ​ប្រយ័ត្ន​កុំ​ឲ្យ​រើស​យក​អាបីសាច​ចង្រៃ​ដូច​យ៉ាង​ឯង​នេះ​ឡើយ ព្រោះ​វា​បាន​ប្ដេជ្ញា​ចិត្ត​វា​ថា​នឹង​សំឡាប់​អ្នក​ដែល​បាន​ស្រង់​វា”

            អារក្ខ​កាល​ណា​បាន​ឮ​ពាក្យ​និន្ទា​តេះ​ដៀល​ដូច្នេះ​ហើយ​ក៏​កើត​សេចក្ដី​ក្រេវ​ក្រោធ​ក្ដៅ​ក្រហាយ ខំ​ប្រឹង​បម្រះ​ដៅ​កំឡាំង ដើម្បី​នឹង​ជែញ​ចេញ​ពី​ក្នុង​ខ្លង នោះ​មក ប៉ុន្តែ​មិន​អាច​នឹង​ចេញ​បាន ព្រោះ​ស្នាម​ត្រា​សាឡូម៉ុង​ជា​បុត្រ​ដាវិទ​មាន​អានុភាព​ជា​ខ្លាំង​ទប់​មិន​ឲ្យ​ចេញ​រួច លុះ​បាន​ឃើញ​តា​នេសាទ​មាន​អំណាច​លើ​ខ្លួន​ដូច្នេះ ក៏​រក​ឧបាយ​និយាយ​បន្ទន់​ចិត្ត​ដោយ​មធុរ​វាចា​ថា នែ​អ្នក​នេសាទ ចូរ​អ្នក​កុំ​ធ្វើ​ដូច​ជា​ពាក្យ​ដែល​អ្នក​ពោល​នោះ ដែល​ខ្ញុំ​បាន​និយាយ​នឹង​អ្នក​គឺ​ខ្ញុំ​ចំអន់​លេង​ទេ​អ្នក​មិន​ត្រូវ​យក​រឿង​នោះ​មក​ទុក​ជា​ការ​មែន​ឡើយ គ្រា​នោះ​តា​ចាស់​ឆ្លើយ​ទៅ​វិញ​ថា ម្នាល​អារក្ខ ដើម​ឡើយ​ខ្លួន​ព្រះ​ស្ដែង​ជា​ធំ​លើស​លប់​ទាំង​អស់ ឥឡូវ​នេះ​ខ្លួន​ឯង​ធ្លាក់​ចុះ​មក​ថ្នាក់​តូច​បំផុត​ជាង​អារក្ខ​ឯ​ទៀត ចូរ​ឯង​ប្រាកដ​ក្នុង​ចិត្ត​ថា ពាក្យ​ដែល​ព្រះ​ស្ដែង​ក្លែង​និយាយ​ទាំង​ប៉ុន្មាន​នេះ ឥត​ប្រយោជន៍​អ្វី​ដល់​ខ្លួន​ឯង​បន្តិច​ឡើយ ត្រូវ​តែ​ឯង​ត្រឡប់​ទៅ​នៅ​ក្នុង​សមុទ្រ​ដូច​ដើម​វិញ​ចុះ ឯង​បាន​ប្រាប់​អញ​ថា​ឯង​បាន​នៅ​ឯ​បាទ​សមុទ្រ​ជា​យូរ​អង្វែង​ណាស់​មក​ហើយ បើ​ដូច្នេះ​ត្រូវ​ឯង​ទៅ​នៅ​ទៀត​ឲ្យ​ត្រា​តែ​ដល់​មាហា​វិនិច្ឆ័យ​ទៅ​ចុះ អញ​បាន​អង្វរ​សុំ​ឯង​តាង​ព្រះ​នាម​ព្រះ​ជា​ម្ចាស់​ថា កុំ​ឲ្យ​ប្រហារ​ជីវិត​អញ ឯង​មិន​ព្រម​ទទួល​អង្វរ​អញ​សោះ ឥឡូវ​នេះ​អញ​ក៏​ត្រូវ​តែ​មិន​ព្រម​ទទួល​អង្វរ​ឯង​វិញ​ឲ្យ​ដូច​គ្នា។

គ្រា​នោះ​អារក្ខ​ខំ​រក​រឿង​និយាយ​ឲ្យ​តា​ចាស់​ទន់​ចិត្ត​ថា បើ​អ្នក​បើក​គ្រប​ខ្លង​ឲ្យ​ខ្ញុំ​ចេញ​បាន​ឥឡូវ​នេះ ខ្ញុំ​សន្យា​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​សប្បាយ​មិន​ខាន តា​នេសាទ​ឆ្លើយ​ឡើង​ថា ឯង​នេះ​ទុច្ចរិត ខ្លួន​អញ​សំ​នឹង​អស់​ជីវិត​ណាស់ បើ​ប្រសិន​ជា​អញ​ធ្វេស​ទៅ​ឡើង​ជំនោរ​ដោយ​តាម​ពាក្យ​ឯង ព្រោះ​ថា​បើ​អញ​នឹង​បើក​ឲ្យ​ឯង​ចេញ​ទៅ ឯង​ច្បាស់​ជា​នឹង​ធ្វើ​ទុក្ខ​អញ​វិញ ដូច​ជា​ស្ដេច​ក្រិក ១ អង្គ​បាន​ធ្វើ​ដល់​គ្រូ​ពេទ្យ​ឌូប័ន​មិន​ខាន រឿង​នេះ​អញ​ចង់​និយាយ​ឲ្យ​ឯង​ស្ដាប់ ចូរ​ឯង​ប្រុង​ស្ដាប់​ចុះ រឿង​ស្ដេច​ក្រិក​និង​គ្រូ​ពេទ្យ​ឌូប័ន​”

ដកស្រង់ចេញពីៈ កម្ពុជសូរិយា

នាំមកជូនដោយៈ THE KHMER SPOT