លោក​ក៏​ប្រហែល​ជា​បាន​ជ្រាប កាល​ដើម​ព្រះ​វររាជ​បិតា​ខ្ញុំ​ដែល​ទ្រង់​ព្រះ​នាម​ថា ព្រះ​បាទ​ម៉ាហ្មូទ គ្រង​រាជ​សម្បត្តិ​នៅ​ទី​នេះ គឺ​នគរ​កោះ​ខ្មៅ​នេះ​ឯង ដែល​យក​ឈ្មោះ​តាម​ភ្នំ​តូចៗ ទាំង​៤​ព្រោះ​ភ្នំ​ទាំង ៤​នេះ​នៅចំជ្រុង​កោះ​ទាំង​៤ មុម ទី​ក្រុង​របស់​ព្រះ​បិតា​ខ្ញុំ​បាន​តាំង​ចំ​កន្លែង​ដែល​ក្លាយ​ទៅ​ជា​ត្រពាំង​ដូច​លោក​បាន​ឃើញ​នោះ​ឯង ។

              ព្រះវរ​បិតា​ខ្ញុំ​ទ្រង់​ទិវង្គត​ក្នុង​ព្រះ​ជន្ម ៧០ ឆ្នាំ ហើយ​ខ្ញុំ​បាន​ទទួល​គ្រប​គ្រង​រាជ​សម្បត្តិ​នោះ​ត​មក បាន​យក​អគ្គមហេសី​ក្រោយ​ទទួល​រាជា​ភិសេក​បន្តិច ។ សត្រី​ដែល​ខ្ញុំ​បាន​រើស​យក​ជា​អគ្គមហេសី​នោះ​គឺ​ប្អូន​ជីដូន​១​របស់​ខ្ញុំ នាង​នោះ​មាន​ចិត្ត​ប្រតិពទ្ធ​ស្មោះ​ស្ម័គ្រ​នឹង​ខ្ញុំ​ដ៏​លើស​លប់ ហើយ​ចំណែក​ខ្ញុំ​វិញ​ក៏​មាន​សេចក្តី​ស្នេហា​ជា​ទី​បំផុត នៅ​ជា​មួយ​គ្នា​ជា​សុខ​ដរាប​មក​លុះ​ដល់​កំណត់​៥​ឆ្នាំ ក្នុង​គ្រា​ក្រោយ​នេះ​ឯង​ខ្ញុំ​សំគាល់​ឃើញ​ថា ប្រពន្ធ​ខ្ញុំ​នឿយ​ណាស់​អស់​ចិត្ត​ពី​ខ្ញុំ ។

              មាន​ថ្ងៃ​១ វេលា​ដែល​នាង​ចេញ​ទៅ​ស្រង់​ជំរះ​កាយ​មុន​វេលា​សោយ​ល្ងាច​នោះ​ខ្ញុំ​ងងុយ​ជា​ខ្លាំង​ ក៏​ប្រាស​ដេក​ទៅ​លើ​កម្រាល​ក្នុង​បន្ទប់​ខ្ញុំ​ទៅ, វេលា​នោះ​មាន​ស្រី​ស្នំ ២ នាក់​ចូល​ទៅ​បក់​ឲ្យ​ខ្ញុំ​ខាង​លើ ១ ខាង​ក្រោម​១ ។ ស្រី​ទាំង​២ នោះ​ស្មាន​ជា​ខ្ញុំ​ដេក​លក់ ក៏​វា​និយាយ​ខ្សឹប​គ្នា​វា​តិចៗ, ឯខ្ញុំ​ខំ​សំងំ​ធ្មេច​ភ្នែក​ធ្វើ​ជា​លក់ ចាំ​ស្តាប់​វា​និយាយ​ ។

              ស្រី​១​និយាយ​ទៅ​កាន់​ស្រី​១​ថា “អើ​ឯង​យល់​ថា​ដូច​ម្តេច? ចំណែក​ខាង​អញ​ៗ​យល់​ថា​ព្រះ​អគ្គមហេសី​ពេញ​ជា​គិត​ខុស​ណាស់, អប្បាល​ដល់​ម្ចាស់​យើង​មាន​រូប​រាង​យ៉ាង​នេះ​ហើយ នៅ​តែ​មិន​ស្រឡាញ់​បាន” ស្រី​១​នោះ​ឆ្លើយ​ឡើង​ថា “មែន​ហើយ​ហង, អញ​ក៏​យល់​ដូច្នោះ​ដែរ, ប៉ុន្តែ​អញ​ឆ្ងល់​គិត​មិន​យល់​សោះ ហេតុ​អ្វី​បាន​ជា​ព្រះ​អគ្គមហេសី​លប​ចេញ​ទៅ​តែ​ឯង​ស្ងាត់ៗ​រាល់​តែ​យប់ ហើយ​ទ្រង់​មិន​ជ្រាប​សោះ ?” នាង​ម្នាក់​ឆ្លើយ​ថា “នែ​ព្រះ​អង្គ​ទ្រង់​ជាប់​ឯ​ណា​បាន ព្រោះ​ព្រះនាង​បាន​យក​ថ្នាំ​ឬសឈើ​មក​លាយ​នឹង​ទឹក​ ឲ្យ​ទ្រង់​សោយ​រាល់​តែ​ល្ងាច, ឯថ្នាំ​នោះ​សោយ​ទៅ​វេលា​ណា ក៏​ផ្ទំ​លក់​ឥត​កំរើក​ដូច​មនុស្ស​ស្លាប់ បាន​ជា​ព្រះ​នាង​ចេញ​ទៅ​ទី​ណា​បាន​តាម​ចិត្ត ឥត​មាន​កោត​ញញើត​អ្វី វេលា​ត្រឡប់​ចូល​មក​វិញ ទើប​យក​ថ្នា​អ្វី​១​មុខ​ផ្សេង​មក​ដាក់​នៅ​ព្រះ​នាសា ឲ្យ​ទ្រង់​ដឹង​ព្រះ​ស្មារតី​ឡើង ” ។

              ត្រង់​នេះ​សូម​ឲ្យ​លោក​ពិចារណ​មើល តើ​មិន​ឲ្យ​ភ្ញាក់​ផ្អើល​ក្រេវ​ក្រោធ​ឯណា​បាន ប៉ុន្តែ​បើ​ទោះ​ណា​ជា​ដូច​ម្តេច​ក្តី​ក៏​ខ្ញុំ​ខំ​អត់​ធ្មត់​មិន​ក្រទី​ក្រ​ទា​ទៅ​បាន ។ កាល​នោះ​ខ្ញុំ​ធ្វើ​ជា​ភ្ញាក់​ដឹង​ខ្លួន​ឡើង ហើយ​ធ្វើ​អការ​ហាក់​ដូច​ជា​ឥត​បាន​ឮ​ពាក្យ​អ្វី ១ មាត់​សោះ ។

              ឯព្រះ​អគ្គមហេសី​ត្រឡប់​មក​ពី​ស្រង់​វិញ​ហើយ ក៏​ចូល​សោយ​ក្រយា​ស្ងោយ​ទាំង​អស់​គ្នា ។ មុន​នឹង​ចូល​ផ្ទុំ​ព្រះ​នាង​កាន់​ទឹក ១ កែវ​យក​មក​ឲ្យ​ខ្ញុំ​នឹង​ដៃ​ឯង គឺ​ជា​កែវ​ដែល​ខ្ញុំ​តែង​សោយ​រៀង​មក ប៉ុន្តែ​ម្តង​នេះ វេលា​ដែល​ទទួល​មក ខ្ញុំ​មិន​បាន​ផឹក​ដូច​មុនៗ ខ្ញុំ​ដើរ​អែប​ទៅ​រក​បង្អួច ហើយ​ក្លែង​បន្លំ​ចាក់​ទឹក​ចោល​អស់​ទៅ ទើប​ខ្ញុំ​ប្រគល់​កែវ​ទៅ​ឲ្យ​វិញ​មិន​ឲ្យ​ដឹង​ជា​បាន​ចាក់​ទឹក​ចោល​ឡើយ ។

              រួច​ក៏​នាំ​គ្នា​ចូល​ទៅ​កាន់​ក្រឡា​បន្ទំ លុះ​យូរ​បន្តិច​ទៅ​ស្មាន​ជា​ខ្ញុំ​ដេក​លក់​ហើយ ព្រះ​នាង​ក៏​ក្រោក​ឡើង​ភ្លាម​ឥត​មាន​ប្រយ័ត្ន​អ្វី​បន្តិច​សោះ ហើយ​និយាយ​សម្លេង​ខ្លាង​ថា “​ចូរ​ឯង​ដេក​ម្នាក់​ឯង​ចុះ ហើយ​កុំ​ក្រោក​ឲ្យ​សោះ ” ថា​តែ​ប៉ុណ្ណេះ​ក៏​ចាប់​គ្រឿង​ប្រដាប់​មក​តែង​កាយ រួច​ចេញ​ពី​ក្រឡា​បន្ទុំ​ទៅ ។

គ្រា​ដែល​ព្រះ​នាង​ចេញ​ផុត​ទៅ ខ្ញុំ​ក៏​ស្ទុះ​ក្រោក​ឡើង​ស្លៀក​ពាក់​យ៉ាង​ប្រញាប់ ហើយ​ចេញ​តាម​ទៅ ១​រំពេច ខ្ញុំ​បាន​លៃ​ជំហ៊ាន​ខ្ញុំ​ឲ្យ​ស្មើ​នឹង​ជំហាន​ជើង​ព្រះ​នាង ដាក់​ស្មើ​គ្នា​លើក​ស្មើ​គ្នា ឥត​ធ្វើ​ឲ្យ​ដឹង​ខ្លួន​ឡើយ​ ។ លុះ​ទៅ​ដល់​ទ្វារ​នីមួយៗ​ទ្វារ​នោះ​បើក​ឯង មិន​បាច់​បើក​ទេ ព្រោះ​ព្រះ​នាង​បាន​សូត្រ​មន្ត​អ្វី​ខ្សិបៗ ទៅ​ផុត​ទ្វារ​ជា​ច្រើន​សង្កាត់ បាន​ដល់​ទៅ​សួន​ច្បារ​ទើប​យាត្រា​ចូល​ក្នុង​ឧស្យាន​ទៅ ។ វេលា​នោះ​ខ្ញុំ​ឈប់​បង្អង់​នៅ​មាត់​ទ្វារ ដើម្បី​កុំ​ឲ្យ​នាង​ឃើញ​ផង ហើយ​ដើម្បី​ឲ្យ​នាង​ដើរ​ផុត​ទៅ​សិន​ផង ប៉ុន្តែ​ភ្នែក​ខ្ញុំ​ចេះ​តែរំពៃ​គយ​គន់​តាម​ក្រោយ​ទៅ ឃើញ​ដើរ​ចូល​ក្នុង​ព្រៃ​ដែល​មាន​ផ្លូវ​កាត់​ខ្វត​ខ្វែង ហើយ​នៅ​ចិញ្ចើម​ផ្លូវ​នោះ មាន​ដាំ​ដើម​ឈើ​ធ្វើ​ជា​របង​យ៉ាង​ក្រាស ។ ខ្ញុំ​បាន​ស្កាត់​តាម​ផ្លូវ​ផ្សេង​ពី​ខាង​មុខ ហើយ​ពួន​នៅ​ក្នុង​របង​ឈើ​នោះ យូរ​បន្តិច​លេច​ព្រះ​នាង​បណ្តើរ​ប្រុស​ម្នាក់​មក ។

               វេលា​នោះ​ខ្ញុំ​បាន​ផ្ទៀង​ត្រចៀក​ទាំង ២ ចាំ​ស្តាប់​សំដី​និយាយ​គ្នា, ហើយ​ខ្ញុំ​ស្តាប់​បាន​ជាក់​សំដី​ដែល​ព្រះ​នាង​និយាយ​នឹង​ប្រុស​សាហាយ​ថា​ដូច្នេះ​” មិន​គួរ​ជា​អ្នក​មក​បន្ទោស​ខ្ញុំ​ថា​យឺត​សោះ ព្រោះ​អ្នក​ដឹង​ជា​ប្រាកដ​អំពី​ការ​ដែល​នាំ​ឲ្យ​ទទើស​ទទែង​មក​មិន​បាន បើ​សេចក្តី​ស្នេហា​ដោយ​ស្មោះ​របស់​ខ្ញុំ​តាំង​ពី​ដើម​មក​ដល់​សព្វ​ថ្ងៃ​នេះ នៅ​មិន​ទាន់​ធួន​នឹង​អ្នក​ទេ សូម​ឲ្យ​អ្នក​ប្រាប់​មក​ចុះ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ឃើញ​ច្រើន​លើស​ដើម​ទៀត តើ​អ្នក​មាន​ប្រាថ្នា​យ៉ាង​ណា, អ្នក​ដឹង​ហើយ​តើ​ឫទ្ធា​នុភាព​របស់​ខ្ញុំ​ ប្រសិន​បើ​អ្នក​ឲ្យ​ខ្ញុំ​ធ្វើ ខ្ញុំ​នឹង​ធ្វើ​ឲ្យ​ទី​ក្រុង​នឹង​ប្រាសាទ​ល្អ​នេះ ទៅ​ជា​ប្រាសាទ​បាក់​បែក​គ្រាំ​គ្រា​ហើយ​ឲ្យ​មាន​សុទ្ធ​តែ​សត្វ​ចចក, ទី​ទុយ​នឹង​ក្អែក​នៅ​ពាស​ពេញ​មុន​អរុណរះ​ឡើង ខ្ញុំ​នឹង​ជញ្ជូន​ថ្ម កំផែង​បន្ទាយ​ទាំង​ប៉ុន្មាន​នេះ ទៅ​ចោល​ខាង​នាយ​ភ្នំ​កូកាសឬ​ចោល​ឲ្យ​ផុត​ព្រំ​ដី​ដែល​ឥត​មនុស្ស​នៅ​ក៏​បាន បើ​ង្នក​ចង់​ដឹង​ចូរ​ប្រាប់​តែ​១ មាត់​មក​ចុះ ខ្ញុំ​ធានា​នឹង​ធ្វើ​ឲ្យ​ប្រែ​ប្រួល​ទៅ​បាន​ឥឡូវ​នេះ ។

               និយាយ​ផុត​មាត់ ជើង​ដើរ​ទៅ​ដល់​ផ្លូវ​បែក ១ ក្នុង​ទី​នោះ​ហើយ​ងាក​វិល​ខ្លួន​ទៅ​តាម​ផ្លូវ​ថ្មី ដើរ​កាត់​មុខ​ខ្ញុំ ខ្ញុំ​ក៏​ហូត​ដាវ​ឡើង​ភ្លាម ។ ដោយ​អាប្រុស​ដើរ​ខាង​កន្លេង​ដែល​ខ្ញុំ​ពួន​នៅ​ ខ្ញុំ​បាន​លើក​ដាវ​ឡើង​កាប់​សំដៅ​ករវា ហើយ​ដួល​ដេក ១ រំពេច​ទើប​ខ្ញុំ​ស្ទុះ​រត់​ទៅ​ភ្លាម ដើម្បី​កុំ​ឲ្យ​ព្រះ​នាង​ស្គាល់​បាន ឯខ្លួន​ព្រះ​នាង​ខ្ញុំ​មិន​បាន​ធ្វើ​បាប​ទេ ព្រោះ​ជាប់​ជា​សាច់​លោហិត​របស់​ខ្ញុំ។

               រី​ទំហឹង​ដាវ​ដែល​ខ្ញុំ​ប្រមារ​ប្រុស​សាហាយ​នោះ បណ្តាល​ឲ្យ​វា​ដល់​នូវ​មរណ តែ​ដោយ​អំណាច​អានុភាព​មន្ត​របស់​ព្រះ​នាង មនុស្ស​របួស​ក៏​គង់​ជីវិត​នៅ​បាន ប៉ុន្តែ​គង់​នៅ​តែ​ជីវិត​ប៉ុណ្ណោះ​នឹង​និយាយ​ស្តី​ឬ​លើក​ដៃ​ជើង​មិន​បាន ហៅ​ថា​ជា​មនុស្ស​មិនិ​ស្លាប់​មិន​រស់ ។ វេលា​ដេល​ខ្ញុំ​គេច​រត់​តាម​ក្នុង​សួន​ចូល​ទៅ​ក្នុង​ដំណាក់​នោះ ខ្ញុំ​ឮ​ព្រះ​នាង​ស្រែក​យំ​ថ្លែង​ទុក្ខ​សព្វគ្រប់​ ហើយ​ខ្ញុំ​ក៏​គិត​ឃើញ​ថា ដែល​បាន​ទុក​ជីវិត​ឲ្យ​ព្រះ​នាង​នោះ ជា​ការ​ល្អ​ប្រពៃ​ណាស់ ។

               លុះ​ទៅ​ដល់​ក្នុង​ដំណាក់​វិញ ខ្ញុំ​ក៏​ចូល​ដេក​ចូល​ដែល​ដោយ​មាន​សេចក្តី​អំណរ​ជា​ពន្លឹក ព្រោះ​បាន​ធ្វើ​ទណ្ឌកម្ម​ដល់​អាក្បថ សម​តាម​កិរិយា​ដែល​វា​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចិត្ត ហើយ​ក៏​ដេក​លក់​ទៅ ។ លុះ​ព្រឹក​ឡើង វេលា​ខ្ញុំ​ក្រោក​ឃើញ​ព្រះនាង​ដេក​នៅ​ខាង ប៉ុន្តែ​មិន​ដឹង​ជា​លក់​ឬ​មិន​លក់ ខ្ញុំ​ក៏​ចុះ​ចាក​ទី​សេយ្យាសន៍​ថ្នមៗ មិន​ឲ្យ​ឮសូរ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់​ស្រង់​ទៅ សូរេច​ហើយ​ទើប​ខ្ញុំ​តែង​ខ្លួន​ចេញ​ទៅ​ចំរះ​ការ​ផែន​ដី​តាម​ធម្មតា ។ លុះ​ត្រឡប់​មក​វិញ​បាន​ឃើញ​ព្រះ​នាង​ស្លៀក​ពាក់​ខ្មៅ ប្រដាប់​ជា​មរណ​សញ្ញា​ទាំង​អស់ ទំលាក់​សក់​ស្កូវញ​ស្កាញ​ស្រកេក​ស្រកាក ដើរ​ឆ្ពោះ​ទៅ​ខ្ញុំ ហើយ​និយាយ​ថា “ខ្ញុំ​ម្ចាស់​សូម​ទោស​ព្រះ​បង, សូម​កុំ​ឲ្យ​ទ្រង់​យល់​ទាស់​អំពី​សំលៀក​បំពាក់​យ៉ាង​ដូច្នេះ ព្រោះ​ខ្ញុំ​ម្ចាស់​ទើប​នឹង​បាន​ដំណឹង ៣ ជា​អាក្រក់​មក​ដល់​ក្នុង​ពេល​ជា​មួយ​គ្នា ដំណឹង​នោះ​នាំ​ឲ្យ​ខ្ញុំ​ម្ចាស់​មាន​ទុក្ខ ទោមនស្ស​ជា​យ៉ាង​ធ្ងន់ រក​អ្វី​មក​ប្រៀប​មិន​បាន ខ្ញុំ​ក៏​សួរ​ទៅ​វិញ​ថា “ព្រះ​នាង​មាន​ទុក្ខ​ដោយ​ហេតុ​អ្វី​ខ្លះ ចូរ​ប្រាប់​បង​ឲ្យ​ដឹង​ផង ” ព្រះ​នាង​ឆ្លើយ​តប​ថា “ព្រះ​មាតា​ខ្ញុំ​ម្ចាស់​សោយ​ព្រះ​វិលា​ល័យ ព្រះ​បិតា​ខ្ញុំ​ម្ចាស់​ទ្រង់​ទិវង្គត​កណ្តាល​ចម្បាំង ហើយ​ព្រះ​ជេជ្ឋា ខ្ញុំ​ម្ចាស់​ធ្លាក់​ស្លាប់​ក្នុង​ជ្រោះ​រអាង​ភ្នំ​ នេះ​ហើយ​ជា​មេ​ទុក្ខ​របស់​ខ្ញុំ​ម្ចាស់ សូម​ទ្រង់​ជ្រាប” ។

               វេលា​នោះ​ខ្ញុំ​គ្មាន​ខឹង​អ្វី​នឹង​បាក្យ​ដោះ​ស្រាយ​ដោយ​ឧបាយ​មុសា​វាទ​របស់​ព្រះនាង​ទេ ខ្ញុំ​គិត​ថា​ព្រះ​នាង​ច្បាស់​ជា​គ្មាន​សង្ស័យ​អ្វី​លើ​រូប​ខ្ញុំ អំពី​សម្លាប់​ប្រុស​សាហាយ​នោះ​ទេ ទើប​ខ្ញុំ​និយាយ​ទៅ​កាន់​ព្រះ​នាង​ថា “ម្នាល​ប្អូន​ស្រី, ទុក្ខ​សង្រេង​សង្រៃ​នេះ​បង​មិន​យល់​ទាស់​ទេ ចូរ​ឲ្យ​នាង​ប្រាកដ​ថា​បង​ក៏​ទទួល​ចំណែក​ទុក្ខ​នេះ​ជា​មួយ​នឹង​នាង​ដែរ រី​សេចក្តី​ព្រាត់​ប្រាស​យ៉ាង​នេះ គួរ​ឲ្យ​មាន​ទុក្ខ​ណាស់​ហើយ បើ​ដូច្នេះ​ចូរ​នាង​កុំ​ញញើត ក្នុង​កិច្ចការ​អ្វី​ដែល​នាង​សព្វ​ព្រះទ័យ។

               សន្ទនា​តែ​ប៉ណ្ណេះ ព្រះនាង​ក៏​យាង​ចូល​ទៅ​ក្នុង​បន្ទប់​អង្គុយ​ទង្គិះ​ខ្សឹក​ខ្សួល​តែ​ឯង​ឯកា ហើយ​នៅ​សង្រេង​សង្រៃ​ដ៏​រាប​ដល់​ទៅ​១​ឆ្នាំ គត់, ទើប​មក​សុំ​អនុញ្ញាត​ពី​ខ្ញុំ ដើម្បី​សាង​ម៉ុង​១ ក្នុង​កំផែង​វាំង ថា​ខ្លួន​ព្រះ​នាង​ឯង​នេះ​ ត្រូវ​ការ​ចូល​ទៅ​ក្នុង​ទី​នោះ​ដល់​វេលា​ដ៏រាប់​លុះ​អស់​ជីវិត ។ ខ្ញុំ​ក៏​បាន​អនុញ្ញាត​ឲ្យ​នាង​សាង​តាម​សេចក្តី​ប្រាថ្នា ។ ព្រះ​នាង​ចាត់​សាង​ម៉ុង​នោះ បែប​ជា​ប្រាសាទ​១​ដ៏​ស្តុក​ស្តម្ភ ប្រកប​ដោយ​កំពូល​ត្រដុង​ត្រដួច​ស្កិម​ស្កៃ ដែល​មើល​ពី​ទី​នេះ​ទៅ​ឃើញ​ច្បាស់ រួច​ឲ្យ​ឈ្មោះ​ហៅ​ថា “​ប្រាសាទ​ទឹក​ភ្នែក ” ។

               សាង​ស្រេច​វេលា​ណា ព្រះ​នាង​លប​យក​ប្រុស​សាហាយ​ដែល​ត្រូវ​របួស ទៅ​ដាក់​ដំកល់​ក្នុង​ប្រាសាទ​នោះ​ឯង ។ នាង​ថៃ​រក្សា​ឲ្យ​មាន​ជីវិត​គង់​ដ៏រាប​មក ដោយ​អំណាច​មន្ត​នឹង​បន្តក់​ទឹក​ថ្នាំ​ឲ្យ​ផឹក​រាល់ៗ​ថ្ងៃ ហើយ​ទៅ​ទ្រាំ​ទ្រ​ដោយ​ដៃ​ឯង​សព្វ​ទិន​ទេវាត​រ​ទៅ ។

               រី​មន្ត​នឹង​ទឹក​ថ្នាំ​នោះ ក៏​មិន​អាច​នឹង​ញាំង​អាប្រុស​ឲ្យ​ជា​បាន​ហើយ​មិន​ត្រឹម​តែ​ដើរ​មិន​រួច ថែម​ទាំង​និយាយ​មិន​បាន​ទៀត តែ​សំគាល់​បាន​ជា​មាន​ជីវិត ដោយ​អាការ​ប៉ប្រិច​ភ្នែក​ប៉ុណ្ណោះ​ឯង ។ ប៉ុន្តែ​បើ​ទោះ​ណា​ជា​ដូច​ម្តេច​ក្តី ព្រះ​នាង​ក៏​នៅ​តែ​ទៅ​ថ្លែង​ទុក្ខ​ចំពោះ​មុខ​អាប្រុស​នោះ ១ថ្ងៃ ២ ដង​មិន​ដែល​ខាន ខ្ញុំ​ដឹង​ទាំង​អស់ តែ​ខ្ញុំ​ធ្វើ​ពុត​ជា​មិន​បាន​ដឹង​វិញ ។

               មាន​ថ្ងៃ​១ ខ្ញុំ​ចង់​ឃើញ​ឲ្យ​ច្បាស់​នឹង​ភ្នែក​ឯង ខ្ញុំ​ក៏​ដើរ​ទៅ​កាន់​ប្រាសាទ​ទឹក​ភ្នែក​នោះ ដើម្បី​លប​មើល​តើ​ព្រះ​នាង​ធ្វើ​អ្វី​ខ្លះ​ទៅ​ដល់​ហើយ​ខ្ញុំ​ពួន​នៅ​ទី​ស្ងាត់ ១ មិន​ព្រះ​នាង​ឃើញ​ខ្លួន​វេលា​នោះ​ខ្ញុំ​បាន​ឮ​ព្រះ​នាង​និយាយ​ទៅ​នឹង​សាហាយ​ថា “ខ្ញុំ​មាន​ទុក្ខ​ធ្ងន់​ណាស់ ដែល​ឃើញ​អ្នក​នៅ​រង​ទុក្ខ​វេទនា​ដូច្នេះ អ្នក​មាន​សេចក្តី​ឈឺ​ចាប់​រង​ទុក្ខ​ដូច​ម្តេច ខ្ញុំ​ក៏​ឈឺ​ចាប់​ដូច្នោះ​ដែរ នែ​អ្នក​ប្រុស​សំឡាញ់ ខ្ញុំ​និយាយ​រក​អ្នក​ប៉ោចៗ រាល់​ថ្ងៃ​អ្នក​ក៏​មិន​ឆ្លើយ​តប​មក​ខ្ញុំ ១ មាត់ តើ​អ្នក​នៅ​ស្ងៀម​តម​មាត់​នឹង​ខ្ញុំ​ដល់​ណា​ទៅ​សូម​អ្នក​និយាយ​តែ​១ មាត់​មក​រក​ខ្ញុំ​ចុះ ឲ្យ​ខ្ញុំ​បាន​ធូ​ទ្រូង​បន្តិច​ពេល​ដែល​ខ្ញុំ​បាន​ហលែ្ហ​ទុក្ខ​បន្តិច​នោះ មាន​តែ​ពេល​ដែលខ្ញុំ​បាន​មក​នៅ​ជិត​អ្នក ក្រៅ​ពី​នេះ​ខ្ញុំ​មាន​តែ​ទុក្ខ​ធ្ងន់​រក​អ្វី​ប្រៀប​មិន​បាន​ដោយ​អំណាច​សេចក្តី​ស្នេហា​ដ៏​លើស​លប់ ខ្ញុំ​មិន​អាច​ឃ្លាត​ឆ្ងាយ​ពី​អ្នក​បាន​ឡើយ ប្រសិន​បើ​អ្នក​ស្លាប់ ខ្ញុំ​ក៏​ស៊ូរ​ស្លាប់​តាម​សិម​យើង​ទៅ​កើត​ជួប​គ្នា​ក្នុង​ជាតិ​ខាង​មុខ​ទៀត​  ។

               លុះ​បាន​ឮ​ព្រះ​នាង​ពណ៌នា​ដាច់​កំបុតៗ ដោយ​អំណាច​ខ្សឹក​ខ្សួល​នោះ ខ្ញុំ​ទ្រាំ​អត់​ធន់​នៅ​ស្ងៀម​មិន​បាន ទើប​ខ្ញុំ​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ​ដើរ​ទៅ​ជិត​ព្រះ​នាង ហើយ​ពោល​នូវ​ពាក្យ​ថា “នែ​ព្រះ​នាង, សេចក្តី​យំ​សោក​របស់​ព្រះ​នាង​ក៏​ធូន​ល្មម​ប៉ុណ្ណេះ​ហើយ ក្នុង​ពេល​នេះ​ត្រូវ​ព្រះនាង​បន្ទោ​បង់​នូវ​សំណោក ដែល​ជា​គ្រឿង​អប្បយស​ចង្រៃ​ដល់​រូប​យើង​ទាំង​២​នាក់​ចេញ ព្រោះ​ធ្វើ​ដូច្នេះ ឃើញ​ថា​ព្រះ​ភ្លេច​គិត​សេចក្តី​គោរព​ដល់​បង​ពន់​ពេក​ណាស់” វេលា​នោះ​ព្រះ​នាង​ឆ្លើយ​តប​ថា “​បើ​ទ្រង់​នូវ​រាប់​អាន​ខ្ញុំ​ម្ចាស់ ឬ​នូវ​អាណិត​អាសូរ​ដល់​ខ្ញុំ​ម្ចាស់​ជា​ស្រ្តី សូម​ទ្រង់​មេត្តា​កុំ​កំហែង​ខ្ញុំម្ចាស់​ឡើយ សូម​ទ្រង់​បណ្តោយ​ឲ្យ​ខ្ញុំ​ម្ចាស់​កាន់​យក​នូវ​ទុក្ខ​នេះ​ តាម​ទំនើង​ចិត្ត​របស់​ខ្ញុំ ព្រោះ​ពេល​ដែល​កន្លង​មក​ទាំង​ប៉ុន្មាន​ មិន​ទាន់​បាន​រំលាយ​នូវ​ទុក្ខ​របស់​ខ្ញុំ​ម្ចាស់​នូវ​ឡើយ ” ។

               លុះ​ឃើញ​ថា​ពាក្យ​ដែល ខ្ញុំ​និយាយ​គ្មាន​ផល​អ្វី​ នាំ​ឲ្យ​នាង​រេ​គំនិត​ទៅ​ជា​មាន​រឿង​ខឹង​វិញ ខ្ញុំ​ក៏​លែង​និយាយ​តប​ទៅ​ទៀត ហើយ​ថយ​ទៅ​ដំណាក់​វិញ​ទៅ ។ ព្រះ​នាង​ក៏​ចេះ​តែ​ទៅ​ឯម៉ុង​នោះ​រាល់​ថ្ងៃ​ដ៏រាប​ដល់​គ្រប់​២​ឆ្នាំ​គត់ ហើយ​មិន​លះ​បង់​នូវ​ទង្គិះ​ខ្សឹក​ខ្សួល​សង្រេង​សង្រៃ​សោះ ។

               គ្រា​ក្រោយ​មក​ ខ្ញុំ​បាន​ទៅ​ឯ​ប្រាសាទ​ទឹក​ភ្នែក​ម្តង​ទៀត​ក្នុង​ពេល​ដែល​ព្រះ​នាង​នៅ​ខាង​ក្នុង ខ្ញុំ​បាន​លាក់​ខ្លួន​មិន​ឲ្យឃើញ ហើយ​ឮ​សូរ​សំឡែង​ព្រះ​នាង​និយាយ​ទៅ​រក​អាប្រុស​ថា ៣ ឆ្នាំ​ហើយ អ្នក​មិន​ដែល​ចេញ​វា​ចា​មក​កាន់​ខ្ញុំ ១ មាត់​សោះ​អ្នក​គ្មាន​ត្រអាល​មេត្រី​តរ​តប​មក​ខ្ញុំ​វិញ​សោះ តើ​អ្នក​លែង​ស្រឡាញ់​ខ្ញុំ អ្នក​ស្ងប់​ខ្ពើម​ខ្ញុំ​ហើយ​ឬ ? ឱម៉ុង​អើយ​ឯង​គិត​ផ្តាច់​នូវ​សេចក្តី​សេ្នហា ដែល​អ្នក​ប្រុស​ធ្លាប់​មេត្រី​ដល់​អញ​តាំង​ពី​ដើម​រៀង​មក​ឬ? តើ​ឯង​បិទ​ភ្នែក​ដែល​តែង​ធ្វើ​ឲ្យ​អញ​បេតី​ជា​ពន្លឹក​នឹង​តែង​ធ្វើ​សេចក្តី​ត្រេក​ត្រអាល​ឲ្យ​កើត​ឡើង​តាំង​ពី​ដើម​រៀង​មក​ឬ? ន្ហើយ​ចុះ ចូរ​ម៉ុង​ឯង​ឆ្លើយ​ប្រាប់​មក​អញ​ថា​ដោយ​ហេតុ​អស្ចារ្យ​យ៉ាង​ណា បាន​ជា​ឯង​ទៅ​ជា​កន្លែង​សំរាប់​ដំកល់​នូវ​សម្បតិ្ត​ដ៏​ត្រកាល​នេះ ។

               សូម​ជំរាប​លោក​ដោយ​ត្រង់​ក្នុង​វេលា​នោះ ខ្ញុំ​កើត​ក្តៅ​ក្រហាយ​ក្នុង​ចិត្ត​ឥត​គណនា ព្រោះ​រូប​អាប្រុស​ជា​ទី​គាប់​ចិត្ត ដែល​ព្រះ​នាង​ប្តូរ​ជីវិត​ស៊ូរ​ស្លាប់​ជា​មួយ​នោះ មិន​មែន​ជា​មនុស្ស​មាន​រូប​ឆោម​ដូច​ជា​ដែល​លោក​មាន​បើ​ស្មាន​ក្នុង​ចិត្ត​នោះ​ទេ អា​នោះ​ឯង​ជា​ក្លឹង​ខ្មៅ​គំរិល​គួរ​ឲ្យ​ស្ញើប​ដល់​ភ្នែក​អ្នក​ទាំង​ពួង, វេលា​នោះ​មាហ​កើត​ឡើង នាំ​ឲ្យ​រូប​ខ្ញុំ​ច្រឡោត​ទប់​មិន​ឈ្នះ ក៏​ស្ទុះ​ទៅ​បង្ហាញ​ខ្លួន​ឲ្យ​ឃើញ ហើយ​ស្រែក​ទៅ​រក​ម៉ុង​នោះ​ផង​ថា “នែ​ម៉ុង​អើយ​ហេតុ​ដូច​ម្តេច​ក៏​ព្រះ​ស្តែង​មិន​ស្រូប​យក​ឧត្តបាត​ដែល​ធ្វើ​ឲ្យ​ចង្រៃ​ផែន​ដី​នេះ​បាត់​ទៅ ហើយ​ម្យ៉ាង​វិញ​ទៀត​ដូច​ម្តេច​ក៏​ព្រះ​ស្តែង​មិន​បំផ្លាញ​សាហាយ​ទាំង​ប្រុស​ស្រី​នេះ​ឲ្យ​អន្តរធាន​ទៅ ” ។

               ខ្ញុំ​ទើប​តែ​នឹង​និយាយ​ស្ទើ​មិន​ទាន់​ផុត​មាត់ ស្រាប់​តែ​ព្រះ​នាង​ដែល​អង្គុយ​នៅ​ក្នុង​ទី​នោះ ស្ទុះ​ក្រោក​ដោយ​កំហឹង ស្រែក​ឡើង​ថា “អា! អាកំណាច! ខ្លួន​មឹង​នេះ​ធ្វើ​ឲ្យ​អញ​បាន​សេចក្តី​ឈឺ​ចាប់​ទាំង​អម្បាល​នេះ ចូល​មឹង​កំ​ស្មាន​ថា​អញ​មិន​ដឹង​ជា​ឯង​បង្ករ​ហេតុ ប៉ុន្តែ​អញ​មិន​អើ​ពើ​មក​ជា​យូរ​ហើយ មិន​តែ​ប៉ុណ្ណោះ​ថែម​ព្រះ​ស្តែង​មក​ប្រមាទ​មើល​ងាយ​ដលី​រូប​អញ​ទៀត ” វេលា​នោះ​ខ្ញុំ​ឆ្លើយ​កាត់​ឡើង​ដោយ​កំហឹង​ថា “អើ​ពិត​ជា​ខ្លួន​អញ​នេះ​ហើយ ដែល​បាន​ប្តន្ទា​មេ​ហង​ឯង​ផង​ឲ្យ​ដូច​គ្នា អញ​នឹក​ស្តាយ​ណាស់​ដែល​មិន​បាន​ធ្វើ​ទៅ​វិញ តាំង​ពី​យូរ​ណាស់​មក​ហើយ ហង​ឯង​ប្រព្រឹត្ត​តែ​កិរិយា​អាក្រក់​អាស្រូវ​កាស​ឲ្យ​អញ​ខ្មាស​គេ” ថា​តែ​ប៉ុណ្ណោះ​ខ្ញុំ​ក៏​ហូត​ដាវ​ឡើង ដើម្បី​នឹង​សំលាប់​ប្រពន្ធ​ខ្ញុំ តែ​ព្រះ​នាង​សំឡឹង​មើល​មក​ខ្ញុំ​វិញ​ធ្វើ​ព្រងើយ ឥត​មាន​រន្ធត់​ញញើត​ខ្ញុំ​បន្តិច​សោះ ហើយ​ថែម​ញញឹម​ស្រែក​ឡើង​ថា “កុំ​អាល​ច្រឡោត” ថា​ហើយ​ក៏​តាំង​សូត្រ​អ្វី​ខ្សឹបៗ ខ្ញុំ​ស្តាប់​មិន​បាន រួច​ស្រាប់​តែ​ពោល​ឡើង​ថា “ដោយ​អំណាច​ឫទ្ធិ​នៃ​មន្ត​នេះ​សូម​ឲ្យ​ខ្លួន​ព្រះ​ស្តែង​ក្លាយ​ទៅ​ជា​មនុស្ស​១​កំណាត់ ជា​ថ្ម​១​កំណាត់” ថា​តែ​ប៉ុណ្ណេះ​ខ្លួន​ខ្ញុំ​ក៏​ក្លាយ​១​រំពេច ដូច​ជា​លោក​ឃើញ ស្រាប់​នេះ​ឯង គឺ​ជា​រូប​ស្លាប់​ក្នុង​ចំណោម​មនុស្ស​រស់ ហើយ​ជា​រូប​រស់​ក្នុង​ពួក​មនុស្ស​ស្លាប់ ។

               ក្រោយ​ដែល​មេ​អប្រិយ៍​អគ្គទេពី ធ្វើ​ខ្លួន​ខ្ញុំ​ឲ្យ​ប្រែ​ក្លាយ​ដូច្នេះ​ហើយ​វា​ធ្វើ​ឲ្យ​ខ្ញុំ​រសាត់​មក​ជាប់​ក្នុង​ទី​នេះ ដោយ​អានុភាព​មន្ត​ដ៏​ទៃ​ទៀត ហើយ​វា​បំផ្លាញ​នគរ​ខ្ញុំ ដែល​កាល​ពី​ដើម​សម្បូរ​ឥត​ខ្វះ​អ្វី ព្រម​តាំង​មាន​មនុស្ស​ប្រុស​ស្រី​គ្រប់​ភាសា វា​រំលើង​អស់​ផ្ទះ​សម្បែង​ផ្សារ​ផ្សោ​​នឹង​ផ្លូវ​ធ្លា​ទាំង​អស់ ហើយ​ធ្វើ​ឲ្យ​ក្លាយ​ទៅ​ជា​ត្រពាំង​ធំ​នឹង​ទី​វាល​ស្ងាត់ ដូច​ជា​លោក​បាន​ឃើញ​នោះ​ឯង ។ ឯត្រី​ ៤ ពណ៌​ដែល​មាន​ក្នុង​ត្រពាំង​ធំ​នោះ គឺ​ជា​មនុស្ស​៤​ពួក​ដែល​កាន់​សាសនា​ផ្សេងៗ​គ្នា ត្រី​សរ​ជា​ពួក​កាន់​សាសនា​មហាម៉័ត, ត្រី​ក្រហម​ពួក​បែរ្ស័​ដែល​កាន់​សាសនា​ព្រះ​អគ្គី​(គោរព​ភ្លើង) ត្រី​ខៀវ ពួក​កាន់​សាសន៍​យេស៊ូ ឬ​គ្រិស្តាំង, ឯត្រី​លឿង​ជា​ពួក​ហេប្រី​ឬ​យីហ្វ ។ រី​ភ្នំ​ទាំង​៤ ជា​កោះ​ទាំង​៤ ដែល​នគរ​យក​ឈ្មោះ​តាម​នោះ​ឯង ។ ខ្ញុំ​បាន​ដឹង​រឿង​ដូច្នេះ ដោយ​មេ​កំណាច​វា​ថា ក្នុង​វារៈ​នៃ​សេចក្តី​គំហឹង​របស់​វា តែ​នៅ​មិន​ទាន់​អស់​សេចក្តី​នៅ​ឡើយ គឺ​ថា​ដែល​វា​បាន​បំផ្លាញ​ទាំង​អម្បាល​នេះ នៅ​មិន​ទាន់​ស្កប់​សេចក្តី​ក្រោធ​វា​ទេ វា​នៅ​មក​ដោះ​អាវ​ខ្ញុំ​ហើយ​វាយ​ស្មា​ខ្ញុំ ដោយ​រំពាត់​សិង្គ​គោ ក្នុង​១​ថ្ងៃ ១០០ ខ្វាប់​ត្រា​តែ​ចេញ​ឈាម​រន្ទាល​ច្រាល​ឆ្អៅ លុះ​វាយ​គ្រប់ ១០០ ហើយ​វា​យក​សំពត់​រោម​ពពែ​យ៉ាង​គម្រាត​មក​គ្រប​រុំ​ឲ្យ​ខ្ញុំ ហើយ​យក​អាវ​សារ​បាប់​មក​បំពាក់​ឲ្យ​ពី​លើ ដូច​លោក​ឃើញ​ស្រាប់ វា​ធ្វើ​ដូច្នេះ​មិន​មែន​ជា​ការ​គោរព​ដល់​ខ្ញុំ​ទេ គឺ​ធ្វើ​ដោយ​លរឡក​បញ្ឈឺ​ចិត្ត​ខ្ញុំ ។

               លុះ​សារ​ស័ព្ទ​សេចក្តី​មក​ដល់​ត្រង់​នេះ បុរស​ជំទង់​កោះ​ខ្មៅ​ជោរ​ដល់​ទឹក​នេត្រ​ក្នុង​ខណៈ​នោះ ឯស្តេច​ដែល​បាន​ស្តាប់​ក៏​កើត​នូវ​សេចក្តី​តាន​តឹង​ឱរ៉ា មិន​អាច​ពោល​ថា​អ្វី​បាន ។ បន្តិ​មក​បុរស​ជំទង់​លើក​ដៃ​ទាំង​២​ឡើង ធ្វើ​អញ្ជលី​កម្ម​ទៅ​ខាង​លើ ដោយ​បញ្ចេញ​វា​ចា​ថា “ឱព្រះ​ម្ចាស់​ថ្លៃ​ដ៏​ទ្រង់​ឫទ្ធិ​ឥត​ផ្ទឹម​បាន​វេលា​នេះ ខ្ញុំ​សូម​ផ្ញើ​ខ្លួន​លើ​សេចក្តី​យុត្តិ​ធម៌​របស់​ព្រះ​អង្គ ខ្ញុំ​ស៊ូរ​ទ្រាំ​ឈឺ​ចាប់​រង​កម្ម​លំបាក​តាម​ព្រះ​ហឫទ័យ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា ព្រះ​មហាករុណា​របស់​ព្រះ​អង្គ នឹង​ព្រះ​រាជ​ទាន​រង្វាន់​ដល់​ខ្លួន​ខ្ញុំ​វិញ​មិន​ខាន ” ។

               ឯស្តេច​ដែល​មាន​ព្រះ​ហឫទ័យ​ខ្លោច​ផ្សា​ដោយ​រឿង​អស្ចារ្យ​ទាំង​នេះ ក៏​តាំង​ព្រះ​ហឫទ័យ​នឹង​សង​សឹក​ជួស​ស្តេច​ទំទង់​នោះ ទើប​មាន​បន្ទូល​ថា “ចូរ​ស្តេច​ប្រាប់​ខ្ញុំ តើ​មេ​កាឡ​កិណី​នោះ វា​នៅ​ក្នុង​ទី​ណា ហើយ​អាប្រុស​នោះ​វា​នៅ​ក្នុង​ទី​ណា? ” ស្តេច​ទំទង់​បត​វិញ​ថា” អាប្រុស​ឧត្ត​បាទ​វា​នៅ​ក្នុង​ប្រាសាទ​ទឹក​ភ្នែក​ដដែល​នោះ​ឯង គឺ​ប្រាសាទ​ដែល​មាន​កំពុល​មូល​ស្រួច ហើយ​មាន​ទ្វារ​ជាប់​គ្នា​នឹង​ប្រាសាទ​នេះ ឯចំណែក​មេកាឡ​កិណី​ ខ្ញុំ​មិន​អាច​នឹង​កំណត់​ឲ្យ​ច្បាស់​ជា​នៅ​ក្នុង​ទី​ណាៗ ឡើយ, ប៉ុន្តែ​រាល់​ វេលា​ព្រះ​អាទិត្យ​រះ​ឡើង វា​ចូល​មក​វាយ​ខ្ញុំ ១០០ រំពាត់​ហើយ​វា​ចូល​ទៅ​មើល​សាហាយ​វា, វា​វាយ​ខ្ញុំ​១​ថ្ងៃ ៗ តាម​ចិត្ត​ ព្រោះ​ខ្ញុំ​គ្មាន​គ្រឿង​អ្វី​នឹង​ការ​ពារ​ខ្លួន ។ អាប្រុស​នោះ​នៅ​រស់​ជីវិត​ដល់​សព្វ​ថ្ងៃ ដោយ​មេកា​ឡ​កិណី​វា​មាន​ថ្នាំ​អ្វី​ម្យ៉ាង​លាយ​នឹង​ទឹក យក​ទៅ​បន្តក់​ឲ្យ​ផឹក​ការ​ពារ​នូវ​ជីវិតិន្រ្ទីយ៍​មិន​ឲ្យ​រលត់​ទៅ​បាន ហើយ​វា​ចេះ​តែ​ទួញ​យំ​ខ្សឹក​ខ្សួល​ក្បែរ​សាហាយ​វា​រាល់​តែ​ថ្ងៃ តាំង​ពី​យប់​ដែល​ត្រូវ​របួស​មក” ។

               ស្តេច​ឮ​ហើយ មាន​ព្រះ​បន្ទូល​ថា “ឱស្តេច, ក្នុង​លោក​នេះ​គ្មាន​អ្នក​ឯណា​មាន​កម្ម​លំបាក​ដូច​ស្តេច​ឡើយ, ម្យ៉ាង​ទៀត​នឹង​មាន​អ្នក​ឯណា​អាណិត​អាសូរ​អ្នក​ដទៃ ដូច​ខ្លួន​ខ្ញុំ​អាណិត​ស្តេច​នេះ​ឥត​អង្គឺ​មាន ព្រោះ​រឿង​នេះ​មិន​ដែល​មាន​ដល់​រូប​បុរស​ណា​សោះ ក្រុម​ព្រះ​រាជា​វតា​រនិពន្ធ​ក្នុង​នគរ​នេះ​អាច​នឹង​អួត​បាន ថា​រឿង​នេះ​ចំឡែក​ជាង​រឿង​ទាំង​លាយ​ដែល​គេ​បាន​ដឹង​ឮ​ពី​ដើម​មក ឥត​មាន​រឿង​ណា​ប្រៀប​ផ្ទឹម​បាន​ឡើយ ។ ប៉ុន្តែ​រឿង​នេះ​នៅ​ខ្វះ​ស្ថាន ១ ទៀន​ទើប​ជួន​បរិបូណ៌ គឺ​ខ្វះ​សេចក្តី​សង​សឹក​តែ​ថា​ត្រង់​នេះ​ខ្ញុំ​ធានា​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន ចូរ​ស្តេច​ចាំ​ទុក​ចុះ ” ។

               លុះ​សន្ទនា​គ្នា​ស្រេច​ហើយ ទ្រង់​ក៏​សម្តែង​ឲ្យ​ស្តេច​ទំទង់​បាន​ដឹង​ថា ទ្រង់​ជា​ស្តេច​ធំ​គ្រង​រាជ​សម្បត្តិ​ក្នុង​នគរ ១ ជិត​គ្នា​ហើយ​អធិប្បាយ​អំពី​ហេតុ​ដែល​នាំ​ឲ្យ​ទ្រង់​យាង​មក​ដល់​ទី​នេះ ទើប​ទ្រង់​គិត​រក​ឧបាយ​កល់​នឹង​ធ្វើ​សង​សឹក លុះ​ឃើញ​ហើយ​ក៏​ប្រាប់​ឧបាយ​ដល់​ស្តេច​ទំទង់ ហើយ​កំណត់​ពេល​នឹង​ធ្វើ​ដល់​ថ្ងៃ​ស្អែក ។ ក្នុង​រាត្រី​នោះ ស្តេច​ថយ​ទៅ​សំណាក់​ក្នុង​ទី​ដទៃ​សិន ។ ឯ​ស្តេច​ជំទង់​ក៏​គង់​ពព្លឺស​តាម​ធម្មតា គឺ​តាំង​បី​ថ្ងៃ​ដែល​ត្រូវ​អំពើ​មន្ត​មក មិន​ដែល​បាន​ផ្ទុំ​១ វេលា​សោះ ប៉ុន្តែ​ក្នុង​សម័យ​នោះ មាន​សង្ឃឹម​ថា​នឹង​បាន​ស្បើយ​ទុក្ខ​មិន​ខាន ។

               លុះ​បែក​បច្ចុស​ភ្លឺ​ឡើង ស្តេច​តើន​ពី​ព្រលឹម ដោះ​ឆ្លង​ព្រះ​អង្គ​វែង​ខាង​ក្រៅ​លាក់​ក្នុង​ទី​១ ដ៏​ស្ងាត់​ ទើប​យាង​បាទ​ឆ្ពោះ​ទៅ​ឯ​ប្រាសាទ​ទឹក​ភ្នែក យាង​ទៅ​ដល់​ក៏​សំគាល់​បាន​ដោយ​ប្រទីប​ជ្វាលា​ភ្លឺ​ព្រោង​ព្រាត​ពេញ​នៅ​ទី​នោះ សុទ្ធ​តែ​ទៀន​ធ្វើ​ដោយ​ក្រមួន​សរ ហើយ​មាន​ខ្លឹម​ក្រអូប​ផ្សព្វ​ផ្សាយ ដោយ​អំណាច​គ្រឿង​ក្រអូប​បំពក់​ក្នុង​ឆ្នាំង​មាស​ដ៏​មាន​ក្បាច់​រចនា រៀប​រៀង​ជា​ជួ​ក្បែ​គ្រែ​ទែន​ដែល​អាប្រុស​ដេក ។ វេលា​ដែល​យាង​ទៅ​ដល់​គ្រែ ស្តេច​ហូត​ដាវ​ឡើង​ក្រហា​មនុស្ស​ខ្មៅ​ដល់​នូវ​មរណ​កាល​ក្នុង​គ្រា​នោះ ហើយ​អូស​សព​ទៅ​ចោល​ក្នុង​អណ្តូង​១​ទៀប ប្រាសាទ​ស្រេច​ហើយ​កាល​ណា ទ្រង់​យាង​ចូល​ទៅ​ផ្ទុំ​សន្ធឹង​លើ​គ្រែ​ទែន​របស់​មនុស្ស​ខ្មៅ​ដាក់​ព្រះ​សែង​ថ្លា​ជិត​ព្រះ​អង្ក ទាញ​ភួយ​គ្រប​ព្រះ​កាយ​សំងំ​ចាំ​សម្រេច​តាម​គំនិត​ដែល​ទ្រង់​បាន​ប្រារព្វ ទុក​ជា​មុន ។

               កាល​នោះ​នាង​ដែល​ចេះ​វេទមន្ត​ក៏​ចូល​ទៅ​ដល់​ប្រាសាទ​ឯកិច្ច​ជា​បឋម​របស់​នាង គឺ​ដើរ​សំដៅ​ទៅ​បន្ទប់​ដែល​ស្តេច​ស្វាមី នៅ ទៅ​ដល់​ហើយ​ដោះ​អាវ​រួច​បកល​សំពត់​ដែល​រុំ​ចេញ ទើប​ចាប់​វាយ​ដោយ​រំបាត់​អស់​ទមហឹង ។ រី​ស្តេច​អាភ័ព​ក៏​ស្រែក​ទ្រហ៊ោ​យំ អង្វរ​ដោយ​មធុរវាចា គួរ​ឲ្យ​អាណិត​ពន់​ពេក​ណាស់ តែ​នាង​នោះ​មិន​ព្រម​ទទួល​អង្វរ​សោះ វាយ​គ្រប់ ១០០ រមពាត់​ហើយ​ទើប​ឈប់ ថែម​ពោល​ឡើង​ថា ” វេលា​ដែល​ព្រះ​ស្តែង​ឯង​ធ្វើ​សាហាយ​អញ ហេតុ​អ្វី​ក៏​មិន​គិត​អាណិត​ផង ដល់​វេលា​ដែល​អញ​ធ្វើ​ព្រះ​ស្តែង​ឯង​វិញ អញ​ក៏​មិន​អាណិត​ដូច​គ្នា, ចូរ​កំ​សង្ឃឹម​ថា​អញ​យក​សេចក្តី​អង្វរ​ព្រះ​ស្តែង​ឯង​ឡើយ” ថា​ដូច្នេះ​ហើយ​ក៏​យក​សំពត់​គគ្រា​រុំ​ទៅ​វិញ បំពាក់​នូវ​អាវ​សារ​បាប់​ឲ្យ​ដូច​ដើម​រួច​យាត្រា​ទៅ​កាន់​ប្រាសាទ​ទឹក​ភ្នែក វេលា​ដែល​ដើរ​ចូល​ទៅ​ក៏​កើត​ទង្គិះ​ខ្សឹក​ខ្សួល​អួល​អាក់ ដើរ​ថ្នមៗ ជើង​ឆ្ពោះ​ទៅ​ឯ​គ្រែ​ដោយ​ស្មាន​ថា​ជា​ប្រុស​សាហាយ​ដេក​សន្ធឹង​ក្នុង​ទី​នោះ ទើប​ពោល​ឡើង​ថា ” ចុះ​វា​សាហាវ​យង់​ឃ្នង​អ្វី​ម្លេះ មក​ធ្វើ​ឲ្យ​អញ​រង​ទុក្ខ​វេទនា​យ៉ាង​នេះ វេលា​ដែល​អញ​ទៅ​វាយ​វាៗ តេះ​ដៀល​អញ ថា​អញ​មាន​សន្តាន​ចិត្ត​ជាតិ​រច្ឆាន ឱ​អា​កំណាច​អើយ​អញ​បន្ទា​អំពើ​សាហាវ​របស់​ឯង​នេះ មិន​ធួន​នឹង​កំហុស​ដែល​ឯង​ប្រព្រឹត្ត​ល្មើស​ឡើយ នែ​អាក្បត់, ឯង​បៀត​បៀន​ដល់​ជីវិត​ប្រុស​អញ ដែល​កំពុង​តែ​ស្រឡាញ់​ពេញ​ចិត្ត​ដូច្នេះ មិន​គឺ​ឯង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​ជីវិត​អញ​ដែរ​ឬ​អី ?” ទើប​បែ​ទៅ​និយាយ​នឹង​ស្តេច​ដែល​ផ្ទុំ​លើ​គ្រែ ដោយ​ស្មាន​ថា​ជា​ប្រុស​សាហាយ​ខ្លួន​ថា ” ឱជីវិត​ប្អូន​អើយ ហេតុ​ម្តេច​ក៏​អ្នក​សំងំ​ស្ងៀម​ជា​និច្ច​ដូច្នេះ ? អ្នក​តាំង​ចិត្ត​ស៊ូរ​បណ្តោយ​ឲ្យ​ប្អូន​ក្ស័យ​ប្រាណ ឬ? បាន​ជា​គ្មាន​មេត្រី​មក​រក​ប្អូន ហើយ​ប្រាប់​ប្អូន ១ ម៉ាត់​ឲ្យ​ដឹង​ជា​អ្នក​នៅ​ស្រឡាញ់​ប្អូន​ឡើយ, នែ​ព្រលឹង​មាស​ប្អូន ចូរ​ឆ្លើយ​តប​១​ម៉ាត់​មក​ឲ្យ​ឆាប់ កុំ​ផ្សូរ​ផង​ឡើយ” ។

               គ្រា​នោះ​ស្តេច​ធ្វើហាក់​ដូច​ជា​ទើប​នឹង​ដឹង​ព្រះ​អង្គ​ពី​ផ្ទុំ​លក់​ហើយ​ទ្រង់​ត្រាប់​សំឡែង​ពួក​ក្លឹង​ខ្មៅ ឆ្លើយ​តប​ទៅ​ដោយ​សំដី​ធ្ងន់​ថា ” ឯ​កម្លាំង​នឹង​ឫទ្ធី មាន​តែ​ព្រះ​ជា​ម្ចាស់​ប៉ុណ្ណោះ​ដែល​លោក​ខ្លាំង​ពូកែ” វេលា​ដែល​បាន​ឮ​សំដី​ដូច្នេះ នាង​មិន​បាន​ជា​ប្រុស​ចាំ​ស្តាប់ ក៏​បន្លឺ​នូវ​សម្រែក​អំណរ​ខ្លាង​ឡើង​ថា “ឱម្ចាស់​ខ្ញុំ​អើយ ខ្ញុំ​មិន​មែន​ជា​ភាន់​ច្រឡាំ​ទេ​ឬ​អី ?” ស្តេច​ជេរ​ទៅ​ថា ” មេ​អកុសល តាម​មារ​យាទ​ហង​ឯង​នេះ មិន​គួរ​អញ​ឆ្លើយ​តប​សោះ ” នាង​សួរ ” ចុះ​ហេតុ​អ្វី​បាន​ជា​អ្នក​ជេរ​ខ្ញុំ​ដូច្នេះ” ស្តេច​តប ” អើ​បាន​ជា​អញ​ជេរ ព្រោះ​សម្រែក​យោបំ​នឹង​សំឡែង​ថ្ងូរ​របស់​ប្តី​ហង​ដែល​ហង​ឯង​ទៅ​វាយ​រាល់​ថ្ងៃ ដោយ​អំពើ​ពាល​នោះ ធ្វើ​ឲ្យ​អញ​ថ្លង់​សំងំ​ដេក​មិន​បាន បើ​កុំ​តែ​ដូច្នេះ​ប្រហែល​អញ​បាន​ជា​សះ​ស្បើយ​និយាយ​បាន​តាំង​ពី​យូរ​មក​ណាស់​ហើយ ហេតុ​នេះ​ហើយ​ដែល​នាំ​ឲ្យ​អញ​តម​មិន​និយាយ​តប​នឹង​ពាក្យ​ថ្លែង​ទុក្ខ​របស់​ហង​ឯង” នាង​ឆ្លើយ​ថា ” បើ​ដូច្នោះ​ខ្ញុំ​នឹង​ទៅ​ស្រាយ​មន្ត​ចេញ​ដើម្បី​អ្នក​បាន​ស្បើយ​ឥឡូវ​នេះ អ្នក​ឲ្យ​ខ្ញុំ​ទភ​ធ្វើ​វា​ឲ្យ​មាន​សភាប​ដូច​ដើម​វិញ ឬ​យ៉ាង​នា? “ឆ្លើយ ” អើ, ចូរ​ឯង​ទៅ​ឲ្យ​ឆាប់ ហើយ​ធ្វើ​វា​ឲ្យ​រួច​ចេញ​ឥឡូវ កុំ​ឲ្យ​អញ​ឮ​សំឡេង​វា​ទៀត” ។

               នាង​ចេញ​ពី​ប្រាសាទ​ទឹក​ភ្នែក​ដោយ​រួស​រាន់ យក​ទឹក​១​ពែង​មក​សូត្រ​ផ្លុំ​ពី​លើ ទឹក​នោះ​ក៏​ពុស​ខ្ជោល​ហុយ​ផ្សេង​ឡើង ហាក់​ដូច​ជា​ដាំ​លើ​ចង្រ្កាន​ភ្លើង​ រួច​ដើរ​ឆ្ពោះ​ទៅ​ក្នុង​បន្ទប់​ស្តេច​ជា​ស្វាមី ដោយ​ស្រោច​ទឹក​នោះ​ពី​លើ ដោយ​បញ្ចេញ​វា​ចា​ថា ” បើ​ព្រះ​ជា​ម្ចាស់​បង្កើត​ឯង​មក​ភាព​សណ្ឋាន​ដូច្នេះ ឬ​ព្រះ​ជា​ម្ចាស់​ទ្រង់​ខ្ញាល់​នឹង​ឯង សូម​ឲ្យ​ឯង​នៅ​គង់​ភាព​សណ្ឋាន​ដូច្នេះ​ចុះ​ប៉ុន្តែ​បើ​ឯង​ក្លាយ​មក​ជា​ភាព​សណ្ឋាន​ដូច្នេះ ដោយ​អំណាច​មន្ត​របស់​អញ​ទេ សូម​ឲ្យ​ឯង​វិល​ក្លាយ​ទៅ​តាម​ភាព​ចាស់​ដូច​ដើម​របស់​ឯង​វិញ​ទៅ ” គ្រាន់​តែ​ថា​ប៉ុណ្ណេះ​ស្ទើរ​មិន​ទាន់​ផុត​ពី​មាត់​ស្តេច​ជំទង់​ក៏​ក្លាយ​ទៅ​តាម​ភាព​ចាស់​វិញ ឥត​ប្រែ​ប្រួល​ឡោះយ ក្រោក​ឈរ​ឡើង​ភ្លាម ដោយ​សេចក្តី​ត្រេក​អរ​ឥត​ឧបមា ហើយ​ពោល​អរ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ ។ បាន​ឃើញ​ដូច្នេះ នាង​ក៏​និយាយ​ប្រាប់​ទៅ​ថា “​ត្រូវ​ឯង​ថយ​ចេញ​ឲ្យ​ឆ្ងាយ​ពី​ប្រាសាទ​នេះ​កុំ​ត្រឡប់​មក​វិញ​ឲ្យ​សោះ បើ​មិន​ធ្វើ​តាម អញ​នឹង​ដាក់​អាជ្ញា​ឲ្យ​ដល់​ជីវិត ។

               ស្តេច​ជំទង់​ទទួល​តាម ហើយ​ថយ​ចេញ​ពី​នាង​នោះ ឥត​ពោល​ថា​អ្វី យាង​ទៅ​គង់​ចាំ​សេចក្តី​សម្រេច​របស់​រាជ​មិត្រ នា​ទី ១ ដ៏​សម​គួរ​ឆ្ងាយ​ពី​កន្លែង​នោះ ។

               នាង​ក៏​វិល​ត្រឡប់​ទៅ​ឯ​ប្រាសាទ​ទឹក​ភ្នែក​វិញ លុះ​ចូល​ទៅ​ដល់​ទើប​និយាយ​ទៅ​កាន់​ព្រះ​រាជា ដោយ​ស្មាន​ជា​សាហាយ​របស់​ខ្លួន​ថា ” នែ​អ្នក​ប្រុស​សំឡាញ់ ឥឡូវ​នេះ​ខ្ញុំ​បាន​ធ្វើ​តាម​បង្គាប់​អ្នក​ជា​ស្រេច​ហើយ សូម​ឲ្យ​អ្នក​ក្រោក​ឡើង​មក​កាន់​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​បាន​ក្រេប​នូវ​ដំរេក ដែល​ខ្ញុំ​អាក់​អាន​ជា​យូរ​ណាស់​មក​ហើយ ។

               ស្តេច​ត្រាប​សំឡេង​ក្លឹង​ខ្មៅ​ឆ្លើយ​មក​កាន់​ទៀត​ថា ” ការ​ដែល​ឯង​ទើប​នឹង​ធ្វើ​ហើយ​នោះ នៅ​មិន​ទាន់​ធួន​ឲ្យ​អញ​ជា​ស្រឡះ​ទេ គឺ​ឯង​គ្រាន់​តែ​បាន​សម្រាល​នូវ​សេចក្តី​ឈឺ​ចាប់​អញ​តែ​១ភាគ​ប៉ុណ្ណោះ ឥឡូវ​គួរ​តែ​ឯង​រំលើង​ឲ្យ​អស់​ឬស​ចេញ នាង​សួរ​ទៅ​វិញ ” អ្នក​ថា​ឲ្យ​ខ្ញុំ​រំលើង​ឬស​នោះ​តើ ឲ្យ​ខ្ញុំ​ធ្វើ​ដូច​ម្តេច​ទៀត ” ស្តេច​តបៈ “ឱកម្ម​ក្រាស! ឯង​មិន​ទាន់​យល់​ទេ​ឬ គឺ​អញ​ចង់​និយាយ​ពី​នគរ​នឹង​អាណា​ប្រជានុរាស្រ្ត​ព្រម​ទាំង​កោះ​៤ ដែល​ឯង​បាន​បំផ្លាញ​ដោយ​វេទមន្ត​នោះ, រាល់​តែ​ថ្ងៃ​នៅ​វេលា​ពាក់​កណ្តាល​អាធ្រាត្រ ត្រី​ទាំង​លាយ​ដែល​នៅ​ក្នុង​ត្រពាំង​ងើប​ក្បាល​ឡើង​ផុត​ពី​ទឹក​បន្លឺ​នូវ​សម្រែក​ព្រម​ៗគ្នា​ថា សង​សឹកៗ ចំពោះ​ខ្លួន​អញ​នឹង​ខ្លួន​ឯង នេះ​ហើយ​ជា​ឫស​កែវ​យ៉ាង​ធំ ដែល​ជំទាស់​មិន​ឲ្យ​អញ​បាន​សះ​ស្បើយ​ដោយ​រួស​រាន់​ត្រូវ​ឯង​ទៅ​ធ្វើ​របស់​ទាំង​នេះ ឲ្យ​មាន​កំណើត​ភាព​សណ្ឋាន​ដូច​ដើម​វិញ សឹម​ត្រឡប់​មក​កាន់​ទីនេះ អញ​នឹង​ហុច​ដៃ​ឲ្យ​ឯង​ ដើម្បី​ជួយ​លើក​អញ​ឲ្យ​ក្រោក​អង្គុយ​ឡើង” ។

               ស្រី​កំណាច​បាន​ឮ​ពាក្យ​ដូច្នេះ​ហើយ កើត​មាន​សេចក្តី​ប្រីតា​ប្រាមោទ្យ​សប្បាយ​រីក​រាយ​ក្នុង​ដួង​ហឫទ័យ​ឥត​គណនា​ទើប​ពោល​ឡើង​ថាៈ “នែ​ព្រលឹង​ប្អូន បើ​ច្នោះ​អ្នក​នឹង​បាន​សេចក្តី​សុខ​ស្រួល​ក្នុង​គ្រា​ឥឡូវ​នេះ​មិន​ខាន ខ្ញុំ​នឹង​ទៅ​ធ្វើ​តាម​បង្គាប់​អ្នក​ដោយ​រួស​រាន់” ថា​ភ្លាម​ក៏​ដើរ​ចេញ​ពី​ប្រាសាទ ឆ្ពោះ​ទៅ​កាន់​ត្រពាង​នោះ​ឯង ដល់​ហើយ​លូក​ក្បង់​ទឹក​ឡើង សូត្រ​សេព​វេទមន្ត​ផ្លុំ​ទឹក​នោះ​បាច​ទៅ​ក្នុង​ត្រពាំង​វិញ សូត្រ​ស្ទើរ​តែ​មិន​ទាន់​ផុត ទី​ក្រុង​ធំ​ក៏​កើត​ឡើង​ដូច​ដើម​ឰ​ដ៏​កាល​នោះ ។ ត្រី​ទាំង​៤ ពណ៌​ក៏​ក្លាយ​ទៅ​ជា​មនុស្ស​ប្រុស​ស្រី​ក្មេង​ចាស់​ទាំង​អស់ ពួក​កត្តូលិក ក៏​ទៅ​ជា​កត្តូលិក, ពួក​ពែរ្ស័ ក៏​ទៅ​ជា​ពែរ្យ៍, ពួក​ហេប្រើ ក៏​ទៅ​ជា​ហេប្រើ, នរណា​កាល​ពី​ដើម​ជា​មនុស្ស​អ្នក​ជា ក៏​ទៅ​ជា​អ្នក​ជា​វិញ ដែល​ធ្លាប់​ជា​បាវ​ព្រាវ​គេ ក៏​ទៅ​ជា​បាវ​ព្រាវ​តាម​ថ្នាក់​នឹង​ភាវធម្មតា​របស់​ខ្លួន​ពី​ដើម​រៀង​មក​ឥត​មាន​ប្រែ​ប្រួល​អ្វី មាន​ផ្ទះ​សម្បែង, ហាង​លក់​ទំនិញ​មាន​មនុស្ស​នៅ​ពេញ ទំនិញ​ចុក​ហាង មាន​ផ្លូវ​ខ្វាត់​ខ្វែង​ពាល​ពេញ​ក្នុង​នគរ​ដូច​គ្រា​មុន ។

               ឯពួក​ពល​មហាក្សត្រ​ដែល​បោះ​បារាស​សំចត​ក្នុង​ទី​វាល​ ក៏​កើត​សេចក្តី​ភ្ញាក់​ផ្អើល​ជា​ខ្លាំង កាល​ដែល​បាន​ឃើញ​ទិវាល​ក្លាយ​ទៅ​ជា​ទី​ក្រុង​ធំ​១ រំពេច​ដូច្នោះ ។

               រី​នាង​កាឡកិណី លុះ​បាន​ធ្វើ​ស្រេច​ហើយ ក៏​ត្រឡប់​ទៅ​កាន់​ប្រាសាទ​ទឹក​ភ្នែក​វិញ ដើម្បី​ត្រេក​ត្រអាល​នឹង​​សាហាយ​ខ្លួន​ទៅ​ដល់​ហើយ​និយាយ​ថា “នែ​អ្នក​ប្រុស​សំឡាញ់​ម្ចាស់​ប្អូន​ ប្អូន​បាន​ធ្វើ​ជា​ស្រេច​តាម​បង្គាប់​អ្នក​ហើយ ឥឡូវ​នេះ​ប្អូន​ចូល​មក​សប្បាយ​ជា​មួយ​នឹង​អ្នក ព្រោះ​អ្នក​បាន​សះ​ស្បើយ​សព្វ​សារ​ពាង្គ​កាយ គ្មាន​ឈឺ​ចាប់​អ្វី​ទៀត​ទេ សូម​អ្នក​ប្រុស​ងើប​ក្រោក​ឡើង ចាក​គ្រែ​ទែន ហើយ​ហុច​ដៃ​មក​ប្អូន ” សេចក្តី​ឆ្លើយ​ឡើង ” ចូរ​អូន​ខិត​ឲ្យ​ជិត​មក​បង” នាង​ក៏​ខិត​ចូល​ទៅ ស្តេច​ប្រាប់​ទៀត​ថា៖ ” នៅ​មិន​ទាន់​ល្មម​ទេ, ខិត​ចូល​មក​បន្តិច​ទៀត” នាង​ក៏​ខិត​ចូល​ជិត​ទៅ ។ វេលា​នោះ​ស្តេច​ចាប់​បាន​ដៃ​ហើយ​ទ្រង់​ស្ទុះ​ក្រោក​ឡើង​ភ្លាម មិន​ឲ្យ​នាង​មើល​មុខ​ច្បាស់​ទាន់ ហើយ​ទ្រង់​ចាប់​ដាវ​ពុំ​ចំ​កណ្តាល​ក្បាល​រយះ​ចេញ​ជា ២ ផ្នែក​ទៅ​ខាង​ក្រោម​ដល់​នូវ​មរណ​ភាព​ក្នុង​ទី​នោះ ១ រំពេច ស្រេច​ហើយ​ទ្រង់​បោះ​បង់​ខ្មោច​នៅ​កន្លែង​ដែល​ស្លាប់ ទើប​យាង​ចេញ​ទៅ​រក​ស្តេច​ក្មេង​ដែល​នៅ​រង់​ចាំ​នៅ​ទី​ដទៃ ដល់​ហើយ​ទ្រង់​ស្ទុះ​ទៅ​ឱប​ហើយ​មាន​បន្ទូល​ថា “ចូរ​ស្តេច​ត្រអាល​សប្បាយ​ទៅ កុំ​មាន​បារម្ភ​អ្វី​ទៀត​សត្រូវ​របស់​ស្តេច​រលាយ​អស់​ហើយ” ។

               គ្រា​នោះ​ស្តេច​ជំទង់ ថ្លែង​សេចក្តី​អំណរ​គុណ​ដល់​មហា​ក្សត្រ​ធិរាជ ដោយ​មធុរ​វា​ចា​ផ្សេងៗ នឹង​គណនា​ត្រា​រាប់​ពុំ​បាន ។ ស្តេច​ក៏​ថ្វាយ​សព្ទ​សាធុការ​ពរ​ទៅ​វិញ ឲ្យ​ប្រកប​ដោយ​អាយុ, វណ្ណ, សុខ, ពល, នឹង​សេចក្តី​ចម្រើន​គ្រប់​ប្រការ​ជា​និចរន្ត​ត​ទៅ រួច​មាន​ព្រះ​បន្ទូល​តប​ទៅ​ថា៖ ” សូម​ឲ្យ​ស្តេច​គង់​នៅ​ជា​សុខ​ក្នុង​នគរ​នេះ​ចុះ ឬ​មួយ​ប់​ចង់​ទៅ​ក្រសាល​ឯ​នគរ​ខ្ញុំ​ដែល​នៅ​ជិត​ទី​នេះ ក៏​បាន​ឥត​មាន​ទាស់​អ្វី ខ្ញុំ​នឹង​ផ្គត់​ផ្គង់​ឲ្យ​បាន​សេចក្តី​សុខ​សម្រាន ដូច​ជា​គង់​ក្នុង​នគរ​នេះ​ដែរ” ស្តេច​ជំទង់​ទូល​តប​ទៅ​វិញ​ថាៈ ” បពិត្រ​មហាក្សត្រ​ដ៏​ប្រកប​ដោយ​បុញ្ញរិទ្ធិ ដែលមាន​ព្រះ​គុណ​លើ​ខ្លួន​ខ្ញុំ​ជា​អនេក, តើ​ព្រះ​អង្គ​ទ្រង់​ស្មាន​ថា​ទី​នេះ នៅ​ជិត​នគរ​ព្រះ​អង្គ​ឬ​អ្វី ?” ស្តេច​ឆ្លើយ ” ខ្ញុំ​ស្មាន​ថា​នៅ​ជិត​ទី​នេះ​មែន ព្រោះ​កាល​ដែល​ខ្ញុំ​មក​ចំងាយ​ផ្លូវ​មិន​លើស​ពី ៤-៥ ម៉ោង” ស្តេច​ជំទង់​ទូល​ថា មិន​មែន​ដូច្នោះ​ទេ​ព្រះ​អង្គ, ចំងាយ​ផ្លូវ​ពី​ទី​នេះ​ទៅ​នគរ​ព្រះ​អង្គ បើ​កំណត់​ដោយ​ឆ្នាំ ១ ឆ្នាំ​គត់​ទើប​ដល់ ព្រះ​អង្គ​មាន​ព្រះ​បន្ទូល​ថា​ជិត​នោះ​ក៏​ពិត​មែន​ហើយ តែ​ថា​កាល​ដែល​ទ្រង់​យាង​មក​នោះ នគរ​ទូល​បង្គំ​នៅ​ក្នុង​រវាង​អំពី​វេទមន្ត ផែន​ដី​ក៏​រួញ​ទៅ តែ​ឥឡូវ​នេះ ដោយ​បាន​រដោះ​ចេញ​ពី​អំណាច​មន្ត​ហើយ ដី​ដែល​រួញ​ក៏​យឺត​យារ​ទៅ​តាម​ភាព​សណ្ឋាន​ដើម​វិញ ប៉ុន្តែ​បើ​ទោះ​ណា​ជា​ឆ្ងាយ​ដល់​ផុត​ផែន​ដី​ក្តី ក៏​ទូល​បង្គំ​គួរ​តាម​ហែ​ព្រះ​អង្គ​ទៅ​ជា​ដរាប ។ ព្រះ​អង្គ​គុណូបការ​ដ៏​ធ្ងន់​លើ​ទូល​បង្គំ ត្រូវ​ទូល​បង្គំ​ចាក​រាជ​សម្បត្តិ​តាម​ហែ​ព្រះ​អង្គ​ទៅ ដើម្បី​ឲ្យ​ឃើញ​ចា​បន្ទាល់​ដាក់​ស្តែង​នៃ​សេចក្តី​តាម​ហែ​ព្រះ​អង្គ​ទៅ ដើម្បី​ឲ្យ​ឃើញ​ជា​បន្ទាល់​ដាក់​ស្តែង​នៃ​សេចក្តី​តប​ព្រះ​តេជ-គុណ​របស់​ទូល​បង្គន់​ជា​ខ្ញុំ ” ។

               គ្រា​នោះ​ស្តេច​លោភ្ញាក់​ព្រះ​អង្គ​ឡើង ដោយ​ទ្រង់​បាន​ជ្រាប់​សេចក្តី​ថា ព្រះ​រាជធានី​របស់​ព្រះ​អង្គ​នៅ​ឆ្ងាយ​ពី​នគរ​ស្តេច​ជំទង់​ពេក​ណាស់ ហើយ​ទ្រង់​យោបល់​មិន​យល់​ហេតុ​ដែល​ប្រែ​ប្រួល​នេះ​សោះ ស្តេច​ជំទង់​ក៏​អធិប្បាយ​ពន្យល់​ការ​ដែល​ផ្លាស់​ប្រែ​ត្រា​តែ​អស់​វិមុតិ​សង្ស័យ រួច​ពី​នោះ​ស្តេច​មាន​ព្រះ​បន្ទូល​ថា ” សេចក្តី​នឿយ​ព្រួយ​ដោយ​ផ្លូវ​ឆ្ងាយ ក្នុង​ការ​ដែល​វិល​ត្រឡប់​ទៅ​កាន់​នគរ​វិញ​នោះ​មិន​ជា​អ្វី​ទេ ព្រោះ​ថា​ខ្ញុំ​បាន​បំពេញ​កិច្ច​ដ៏​ឧត្តម​រួច​ហើយ គឺ​ខ្ញុំ​បាន​ដោះ​ទុក្ខ​ស្តេច​ឲ្យ​រួច​ពី​កម្ម​លំបាក​នេះ​ឯង កុសល​នេះ​នាំ​ឲ្យ​ខ្ញុំ​បាន​ខ្លួន​ស្តេច​ធ្វើ​ជា​កូន ព្រោះ​បាន​ប្តេជ្ញា​ថា​នឹង​ជូន​ខ្ញុំ​ទៅ​នគរ​វិញ រី​ខ្លួន​ខ្ញុំ​នេះ​គ្មាន​កូន​មួយ​សោះ​បើ​ដូច្នេះ​ខ្ញុំ​យក​ស្តេច​ធ្វើ​ជា​កូន ហើយ​ខ្ញុំ​នឹង​បង្វែ​រាជ​សម្បត្តិ​ឲ្យ​ទាំង​អស់” ។

               លុះ​ប្រាស្រ័យ​ដោយ​សេចក្តី​មេត្រី​ហើយ ស្តេច​ទាំង​២​អង្គ​ក៏​ប្រកៀក​ប្រឱប​គ្នា​យ៉ាង​ស្និទ ហាក់​បី​ដូច​ជា​បិតា​នឹង​បុត្រ​បង្កើត​ដូច្នោះ រួច​ស្តេច​ជំឬង់​ក៏​ចាត់​ការ​រៀប​ព្រះ​រាជ​ដំណើរ​ដោយ​រួស​រាន់ ។ ការ​ចាត់​ចែង​នេះ​កំណត់​ ៣ សប្តាហ៍ គឺ ៣ អាទិត្យ ទើប​ហើយ​ស្រេច ។ អស់​មុខ​មន្រ្តី​សេនា​បតី​រាល់​គ្នា​ដេល​ទទួល​នៅ​​ថែ​រក្សា​ព្រះ​នគរ ក៏​អាលោះ​អាល័យ​ពន់​ប្រមាណ ។

               ស្រេច​ហើយ​ទើប​ក្សត្រ​ទាំង ២ អង្គ​យាង​ចេញ​ចាក​រាជ​បុរី​ទៅ មាន​សត្វ​អូដ្ឋ ១០០ ផ្ទុក​នូវ​វត្ថុ​ផ្សេងៗ ដ៏​មាន​តំលៃ ដែល​រើ​ចេញ​ពី​ព្រះ​ឃ្លាំង​មក ហើយ​មាន​ពួក​សេនា​សេះ​៥០​ នាក់ ហែ​ហម​ព្រះ​អង្គ​តាម​មាគា​ទៅ ព្រះ​រាជ​ដំណើរ​នេះ ប្រកប​ដោយ​សេចក្តី​សុខ​ស្រួល ឥត​មាន​មោះ​មន្ទិល​អ្វី​ដល់​តិច​ឡើយ ។ លុះ​យាង​ហៀប​ដល់​ព្រះ​នគរ ទ្រង់​ចាត់​រាជ​ទូត​ឲ្យ​នាំ​រាជ​សារ​ទៅ​ឲ្យ ដំណឹង​ដល់​សេវកាមាត្យ ដែល​នៅ​ចាំ​រក្សា​ព្រះរាជ​វាំង ព្រម​ទាំង​សារសព្ទ​ប្រាប់​ហេតុ​ភេទ​ផ្សេងៗ ដែល​នាំ​ឲ្យ​យឺត​យូរ​ដំណើរ​នេះ​ផង ។

               សេនាបតី​ទាំង​ឡាយ​ដែល​នៅ​រក្សា​ព្រះរាជ​និវេស លុះ​បាន​ដំណឹង​ដូច្នេះ​ហើយ ក៏​រួស​រាន់​ចេញ​ទៅ​ទទួល​ស្តេច​ដល់​ទី​ដែល​ទ្រង់​ប្រថាប់​សំចត​នៅ បាន​យក​សេចក្តី​ក្រាប​ទូល​អំពី​ការ​សុខ​សប្បាយ​ក្នុង​ព្រះរាជ​ធានី ឥត​មាន​ហេតុ​ភេទ​អ្វី​បណ្តាល​ឲ្យ​ចលាចល់​ឡើយ ។ រី​បណ្តា​រាស្រ្ត​ក៏​លើក​គ្នា​ជា​ពួក​ជា​កង​ចេញ​ទៅ​ថ្វាយ​បង្គំ​គាល់​ទាំង​ពីរ​ព្រះ​អង្គ​ដោយ​សេចក្តី​រលឹក ហើយ​ម្នី​ម្នា​រៀប​ចាត់​ចែង​ធ្វើ​បុណ្យ​ទទួល​អមណរ​នៅ​ទី​នោះ ជា​ច្រើ​ថ្ងៃ ។

               ក្រោយ​ដែល​ទ្រង់​យាង​ចូល​ក្នុង​ព្រះ​រាជ​វាំង ១ ថ្ងៃ​ទ្រង់​បាន​ប្រកាស​ដល់​សេនា​បតី​នឹង​អាមិន​សព្វ​មុខ​មន្រ្តី​ដែល​គាល់​ត្រៀប​ត្រា​ក្នុង​ទី​នោះ ពី​ហេតុ​ផ្សេងៗ​ដែល​នាំ​ឲ្យ​យឺត​យូរ​មិន​បាន​យាង​ត្រឡប់​មក​វិញ​ដោយ​រួស​រាន់ ហើយ​នាំ​ឲ្យ​បាន​បោះ​បង់​រាជ​សម្បត្តិ តាម​ហែ​ទ្រង់​មក ដើម្បី​នៅ​គង់​ជា​មួយ​ក្នុង​រាជ​បុរី​នេះ ។ ស្រេច​ហើយ​ទើប​ទ្រង់​ព្រះរាជ​ទាន​រង្វាន់​ដល់​សព្វ​មុខ​មន្រ្តី​ទាំង​អស់​ដែល​បាន​ថែរក្សា​នគរ ដោយ​សុចរិត​ស្លូត​ត្រង់ ឥត​មាន​គិតក្បថ​ប្រទុស្ត​រាយ​ដល់​ផែនដី ព្រម​តាំង​ឲ្យ​ឡើង​យស​សក្តិ​តែ​រៀង​ខ្លួន គ្រប់​ក្រុំ គ្រប់​ដំណែង មុខ​ក្រសួង​ទាំង​អស់​ក្នុង​គ្រា​នោះ ។

               ឯចំណែក​តា​ចាស់​នេសាទ ដោយ​គាត់​ជា​ដើម​ហេតុ​នៃ​ការ​ ដែល​នាំ​ឲ្យ​បាន​រំដោះ​ទុក្ខ​ស្តេច​ជំទង់ ស្តេច​ព្រះរាជ​ទាន​នូវ​រង្វាន់​ជា​អនេក​ឥត​គណនា ហើយ​ចិញ្ចឹម​រក្សា​ឲ្យ​បាន​សេចក្តី​សុខ មួយ​អន្លើ​ដោយ​គ្រួសារ​ដរាប​ដល់​អស់​ជីវិត​តែ​រៀង​ខ្លួន ៕

               រឿង​ដែល​នឹង​មាន​ត​ទៅ​ទៀត ក្នុង​ខ្សែ​ទី ៨ ពីរោះ​អស្ចារ្យ​មាន​រឿង​បួស​ ៣ នាក់​ភ្នែក​ខ្វាក់​ម្ខាង​ទាំង​អស់​គ្នា កាល​ណា​មើល​តៗ​ទៅ សេចក្តី​ដែល​ប្លែក​កាន់​តែ​មាន​ឡើង​ជា​និច្ច​សូម​អញ្ជើញ​ត​ទៅ​ខ្សែ​ក្រោយៗ​ទៀត​កុំ​ខាន ។

ដកស្រង់ចេញពីៈ កម្ពុជសូរិយា

នាំមកជូនដោយៈ THE KHMER SPOT