ក្នុង​កាល​ជា​យូរអង្វែង​មក​ហើយ មាន​ស្ដេច ១ អង្គ​មាន​រាជ​បុត្រា ១ ដែល​សព្វ​ព្រះ​ហឫទ័យ​ខាង​ប្រពាត​ព្រៃ​បរបាញ់​សត្វ​ម្រឹគីម្រឹគា​ជា​ទី​បំផុត ។ មាន​ថ្ងៃ ១ ព្រះវរ​រាជ​បិតា​ទ្រង់​អនុញ្ញាត​ឲ្យ​ព្រះ​រាជ​កុមារ​នោះ​ទៅ​លើក​សត្វ​លេង​ក្នុង​ព្រៃ ហើយ​ចាត់​មហា​មាត្យ​ឲ្យ​ទៅ​ជា​មួយ ដើម្បី​មើល​ការ​ខុស​ត្រូវ ។ ក្នុង​ថ្ងៃ​នោះ​មាន​គេ​បង្អើល​សត្វ​ប្រើស ១ មក​ឆ្ពោះ​ព្រះ​ភក្រ្ត​ព្រះ​រាជ​កុមារ ៗ ក៏​ផែល​ឡើង​អស្សុពា​ដេញ​ស្លៅ​តាម​ទៅ ដោយ​ស្មាន​ថា​មហា​មាត្យ​ជាប់​តាម​ប្រកិត​​ពី​​ខាង​ក្រោយ ហើយ​ក៏​ដេញ​តាម​ឆ្ងាយ​ទៅ ៗ ដរាប​លុះ​ដល់​ក្នុង​ដង​អធ្វា ទើប​ឈប់​ងាក​រក​មើល​មហា​មាត្យ​មិន​ឃើញ ក៏​ចង់​ត្រឡប់​មក​ក្រោយ​វិញ ប៉ុន្តែ​វង្វែង​រក​ផ្លូវ​មិន​ឃើញ ចេះ​តែ​បរ​សេះ​ពាស​ពេញ​តែ​ក្នុង​ព្រៃ មិន​ប្រាកដ​ជា​សំដៅ​ទៅ​ទិស​ដម្បន់​ណា​ឡើយ ក្រោយ​នោះ​យូរ​បន្តិច​ស្រាប់​តែ​ប្រទះ​នឹង​សត្រី​ម្នាក់ រូប​រាង​ល្អ​ប្រពៃ​គួរ​គាប្បី​ស្នេហា​ឈរ​យំ​ខ្សឹក​ខ្សួល​នៅ​ក្បែរ​ផ្លូវ ព្រះ​រាជ​កុមារ​ក៏​ទាញ​បង្ហៀរ​សេះ​ឈប់ ដណ្ដឹង​ទៅ​ស្រ្តី​នោះ​ថា​ជា​កូន​ចៅ​អ្នក​ណា ហេតុ​អ្វី​ក៏​មក​នៅ​ឯ​កា​ក្នុង​កណ្ដាល​អរញ្ញ រួច​សួរ​នាង​នោះ​តើ​ចង់​ឲ្យ​ទ្រង់​ជួយ​សង្រ្គោះ​ដែរ​ឬ​ទេ ឯ​ស្ត្រី​ឆ្លើយ​ថា ខ្លួន​ខ្ញុំ​ជា​បុត្រី​ស្ដេច ១ អង្គ​ក្នុង​ឥណ្ឌៀ​ប្រទេស, ហេតុ​ដែល​ខ្ញុំ​មក​នៅ​តែ​ម្នាក់​ឯង​ក្នុង​ព្រៃ​នេះ ព្រោះ​មាន​កាល ១ ថ្ងៃ ខ្ញុំ​ជិះ​សេះ​លេង ខ្ញុំ​ងងុយ​ងោក​លើ​ខ្នង​សេះ​ហើយ​ក៏​ធ្លាក់​ចុះ ឯ​សេះ​នោះ​រួច​បាត់​ទៅ មិន​ដឹង​ជា​រត់​ទៅ​ទិស​ណា ទ្រង់​ព្រះ​សណ្ដាប់​ដូច្នោះ​ហើយ ព្រះ​រាជ​កុមារ​មាន​សេចក្ដី​អាណិត​នាង​នោះ​ឥត​ឧបមា ទើប​ប្រាប់​ទៅ​នាង​ថា​ឲ្យ​ឡើង​ជិះ​សេះ​ជា​មួយ​ទៅ​ហើយ​ដាក់​ឲ្យ​អង្គុយ​ពី​ខាង​មុខ នាង​ក៏​ព្រម​ទទួល ។

            លុះ​បរ​សេះ​ទៅ​ដល់​ក្បែរ​ខ្ទម ១ នាង​អង្វរ​សុំ​ចុះ​ទៅ​ដី​ព្រោះ​មាន​កិច្ច​បន្តិច ព្រះ​រាជ​កុមារ​ព្រម​បញ្ឈប់​សេះ​ឲ្យ​នាង​នោះ​ចុះ​ហើយ​ទ្រង់​ក៏​ចុះ​ទៅ​ក្រោយ​ដែរ ដឹក​ទាំង​សេះ​ដើរ​ចូល​ទៅ​ប្រប​ខ្ទម​នោះ​ផង ។ ចូល​យើង​រាល់​គ្នា​ពិចារណា​មើល តើ​ព្រះ​រាជ​កុមារ​នោះ​មាន​សេចក្ដី​ភិត​ភ័យ​តក្កមា​ក្នុង​ព្រះ​អង្គ​ដូច​ម្ដេច​ខ្លះ នូវ​វេលា​ដែល​បាន​ឮ​សត្រី​នោះ​និយាយ​ពី​ក្នុង​ខ្ទម​មក​ថា នែ​កូន​ចៅ​អើយ ចូរ​ឯង​ទាំង​អស់​គ្នា​សប្បាយ​ចិត្ត​ចុះ ដ្បិទ​អញ​នាំ​មនុស្ស​ម្នាក់​ធាត់​ហើយ​យ៉ាង​ស្អាត​មក​ឲ្យ ហើយ​មាន​សំឡេង​ជា​ច្រើន​ឆ្លើយ​ឡើង​ថា អ្នក​ម្ដាយ មនុស្ស​នោះ​នៅ​ឯ​ណា​យើង​ទាំង​អស់​គ្នា​នឹង​ស៊ី​ឥឡូវ​ឲ្យ​បាន​ឆ្ងាយ​ក្នុង​គ្រា​នេះ​ម្ដង ។

            ព្រះ​រាជ​កុមារ​បាន​ឮ​ដូច្នេះ​ហើយ ក៏​គិត​ឃើញ​ថា​សេចក្ដី​អន្តរាយ​នឹង​មក​ដល់​ព្រះ​អង្គ​មិន​ខាន ទើប​ទ្រង់​ជ្រាប​ថា​សត្រី​ដែល​ក្លែង​ជា​បុត្រី​ស្ដេច ១ អង្គ​ក្នុង​ឥណ្ឌៀ​ប្រទេស គឺ​ជា​យក្ខិណី​ប្រពន្ធ​យក្ខ​ព្រៃ​ក្នុង​ដម្បន់​នោះ វា​តែង​ដើរ​ធកវើ​កល់​មារយា ១០០ យ៉ាង ដើម្បី​នឹង​បំផ្លាញ​អ្នក​ដំណើរ​ទាំង​ប៉ុន្មាន​ដែល​ទៅ​បៀត​ទី​នោះ ។ ព្រះ​រាជ​កុមារ​ភិត​ភ័យ​មុហិមា ក៏​ប្រវារ​ឡើង​ពាជី​ជា​ប្រញាប់ ។ ឯ​សត្រី​ក្លែង​ចេញ​ពី​ក្នុង​ខ្ទម​មក​ក្នុង​វេលា​នោះ ឃើញ​ថា​មិន​បាន​សម្រេច​ដូច​ប្រាថ្នា ក៏​មាន​វាចា​ថា អ្នក​ឯង​ខ្លាច​ឦ ខ្លួន​អ្នក​ជា​អ្វី ហើយ​អ្នក​មក​ក្នុង​ទី​នេះ​ប្រាថ្នា​រក​អ្វី ព្រះ​រាជ​កុមារ​តប​ថា អញ​វង្វែង​ផ្លូវ ហើយ​អញ​រក​ផ្លូវ​នឹង​ត្រឡប់​ទៅ​នគរ​វិញ នាង​យក្ខិណី​ឆ្លើយ​ថា បើ​អ្នក​វង្វែង​ផ្លូវ ត្រូវ​ឲ្យ​អ្នក​សម្ពះ​អង្វរ​បែបន់​ព្រះ ៗ នឹង​ជួយ​ដោះ​ទុក្ខ​អ្នក​មិន​ខាន ព្រះ​រាជ​កុមារ​ក៏​ងើយ​ឡើង​ទៅ​លើ ហើយ​តាំង​ប្រកាស​ថា បពិត្រ​ព្រះ​ជា​ម្ចាស់​ខ្ញុំ​អើយ សូម​ព្រះ​អង្គ​បើក​ទិព្ពចក្ខុ​ឆ្ពោះ​មក​ខ្ញុំ​ផង ហើយ​មេត្តា​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​សត្រូវ​នេះ វេលា​ដែល​ព្រះ​រាជ​កុមារ​បន្លឺ​នូវ​វាចា​ថា​ដូច្នេះ នាង​យក្ខិណី​ក៏​ចូល​ទៅ​ក្នុង​ខ្ទម​វិញ​ទៅ ឯ​ព្រះ​រាជ​កុមារ​ផាយ​សេះ​រត់​ចេញ​ជា​ប្រញាប់​សំណាង​ល្អ​ជួន​ជា​រក​ផ្លូវ​ឃើញ​បាន​វិល​ត្រឡប់​មក​ដល់​នគរ​វិញ ចូល​ទូល​ព្រះ​វររាជបិតា ថ្លែង​ពី​ឧបតិ​ហេតុ​ដែល​បណ្ដាល​មក​ពី​សេចក្ដី​ធ្វេស​នៃ​មហាមាត្យ គ្រា​នោះ​មហាក្សត្រ​ទ្រង់​ព្រះ​ពិរោធ​នឹង​មហា​មាត្យ ក៏​ត្រាស់​បង្គាប់​ឲ្យ​យក​ទៅ​ប្រហារ​ជីវិត​បង់​ទៅ ។

            និយាយ​ដល់​មក​ត្រង់​កន្លែង​នេះ អគ្គមហា​សេនា​ស្ដេច​ក្រិក​ទូល​ទៅ​ស្ដេច​ថា បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ ឥឡូវ​នេះ​ទូល​ព្រះ​បង្គំ​ត្រឡប់​មក​ប្រារព្ធ​ទូល​អំពី​រឿង​ពេទ្យ​ឌូប័ន​វិញ ឯ​ពេទ្យ​នេះ​ប្រើ​ព្រះ​អង្គ​មិន​ទ្រង់​ប្រយ័ត្ន​ទេ នៅ​តែ​ទុក​ព្រះ​ហឫទ័យ​លើ​វា ព្រះ​អង្គ​ប្រាកដ​ជា​នឹង​ថ្លោះ​ការ​ធំ​មិន​ខាន ទូល​ព្រះ​បង្គំ​បាន​ដឹង​ច្បាស់​ថា ខ្លួន​វា​ជា​បំរើ​របស់​បច្ចា​មិត្រ​ដែល​ចាត់​ឲ្យ​ក្លែង​ខ្លួន​បន្លំ​មក ដើម្បី​នឹង​ធ្វើ​សេចក្ដី​អន្តរាយ​ដល់​ជីវិត​ព្រះ​អង្គ ដែល​ទ្រង់​មាន​ព្រះ​បន្ទូល​ថា​វា​បាន​កែ​ព្រះ​រោគ ឲ្យ​សះ​ជា​នោះ​ក៏​មែន​ហើយ តែ​ថា​នឹង​ទុក​ចិត្ត​លើ​ថ្នាំ​នោះ​ឯ​ណា​បាន នឹង​ថា​វា​គ្រាន់​តែ​ធ្វើ​ឲ្យ​សះ​តែ​ខាង​ក្រៅ ១ វេលា​សិន​ក៏​ថា​បាន ហើយ​ម្យ៉ាង​វិញ​ទៀត​អ្នក​ឯ​ណា​នឹង​អាច​ដឹង​ច្បាស់​ថា​ថ្នាំ​នោះ​មិន​បណ្ដាល​ឡើង​ជា​ពិស​ពុល​ទៅ​ថ្ងៃ​ក្រោយ ។

            ឯ​ស្ដេច​ក្រិក​ដែល​មាន​ប្រាជ្ញា​តិច មិន​បាន​យល់​នូវ​សេចក្ដី​ឫស្យា​នៃ​អគ្គ​មហាសេនា ក៏​មាន​ព្រះ​ហឫទ័យ​ទោទន់​តាម​មិន​នៅ​រឹង​ដូច​គំនិត​ដើម ទើប​មាន​ព្រះ​បន្ទូល​តប​ទៅ​ថា ម្នាល​អគ្គមហា​សេនា ឯង​ថា​ទាំង​ប៉ុន្មាន​នេះ​ពេញ​ជា​ត្រូវ​ណាស់​ច្បាស់​ជា​វា​ប្រាថ្នា​មក​នឹង​ប្រហារ​ជីវិត​អញ​មែន​ហើយ វា​នឹង​សំឡាប់​អញ​បាន​ដោយ​ងាយ ដោយ​អំណាច​ថ្នាំ​វា ដូច្នេះ​ត្រូវ​តែ​ប្រយ័ត្ន​មើល​ឲ្យ​មែន​ទែន។

            ឯ​មហាមាត្យ​ទុច្ចរិត លុះ​ឃើញ​ស្ដេច​កាន់​ភាំង​តាម​ដូច្នេះ​ហើយ ក៏​ទូល​ត​ទៅ​ទៀត​ថា បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់​​ឯ​កិច្ច​យ៉ាង​សំខាន់ ដើម្បី​ឲ្យ​ព្រះ​អង្គ​សម្រាន​ជា​សុខ​ត​ទៅ កុំ​ឲ្យ​មាន​បារម្ភ​អ្វី នោះ​ឃើញ​តែ​ចាត់​ឲ្យ​ទៅ​ហៅ​ខ្លួន​ពេទ្យ​ឌូប័ន​មក​ឥឡូវ​នេះ ហើយ​កាត់​ក្បាល​វា​ចេញ ១ រំពេច វេលា​វា​មក​ដល់​គ្រា​នោះ​ស្ដេច​ឆ្លើយ​វិញ​ថា មែន​ហើយ ឯង​ស្តី​ត្រូវ​ណាស់​គួរ​តែ​សំឡាប់​វា​ចោល​ឲ្យ​ហើយ​ទើប​បាន​សុខ​ស្រួល មាន​ព្រះ​បន្ទូល​តែ​ប៉ុណ្ណេះ ក៏​ត្រាស់​ហៅ​អាមាត្យ​ម្នាក់​ឲ្យ​ទៅ​ហៅ​ខ្លួន​ពេទ្យ​ឌូប័ន​ឲ្យ​ចូល​មក​ដោយ​រួស​រាន់ ឯ​ពេទ្យ​ឌូប័ន​មិន​បាន​ដឹង​ជា​ស្ដេច​មាន​ធុរៈ​អ្វី ក៏​រលះ​រលាំង​ស្ទុះ​រត់​ទៅ​ក្នុង​ព្រះ​រាជ​វាំង ម្នី​ម្នា​ចូល​ថ្វាយ​បង្គំ ទើប​ស្ដេច​មាន​ព្រះ​រាជ​ឱង្ការ​ថា ម្នាល​ពេទ្យ​ឌូប័ន ឯង​ដឹង​ឬ​ទេ​ដែល​អញ​ឲ្យ​ហៅ​មក​នេះ ពេទ្យ​ទូល​តប​ថា សូម​ទ្រង់​ព្រះ​មេត្តា​ប្រោស ទូល​ព្រះ​បង្គំ​គ្មាន​ដឹង​ការ​អ្វី​ទេ រង់​ចាំ​តែ​ព្រះ​ករុណា​ថ្លៃ​វិសេស​មាន​ព្រះ​បន្ទូល​ប្រាប់ ស្ដេច​ឆ្លើយ​ថា អញ​ហៅ​ឯង​មក​ដើម្បី​នឹង​ចៀស​ឲ្យ​ផុត​ពី​ឯង គឺ​យក​ឯង​ទៅ​ប្រហារ​ជីវិត​ចោល។

            យើង​មិន​អាច​នឹង​គណនា​ពី​សេចក្ដី​ឆ្ងល់​របស់​ពេទ្យ​ដូច​ម្ដេច​ឡើយ នូវ​វេលា​ដែល​បាន​ឮ​ព្រះ​រាជ​ដម្រះ​ថា​ប្រហារ​ជីវិត​ខ្លួន​នោះ ពេទ្យ​ឌូប័ន​ក៏​ក្រាប​ទូល​ទៅ​វិញ​ថា បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ ទូល​ព្រះ​បង្គំ​បាន​ប្រព្រឹត្ត​ខុស​អ្វី​នឹង​ព្រះ​អង្គ​បាន​ជា​ទ្រង​ព្រះ​ពិរោធ​ដល់​ទៅ​បំបាត់​ជីវិត​ទូល ព្រះ​បង្គំ​ជា​ខ្ញុំ​ដូច្នេះ ស្ដេច​ប្រាប់​ថា អញ​បាន​ដឹង​ប្រាកដ​ថា​ឯង​នេះ​ជា​បំរើ​របស់​ខ្មាំង ឯង​មក​ក្នុង​ទិ​នេះ​ប្រាថ្នា​មក​សំឡាប់​ឯង​ឲ្យ​ហើយ មាន​ព្រះ​បន្ទូល​តែ​ប៉ុណ្ណេះ ក៏​ត្រាស់​បង្គាប់​ទៅ​ពេជ​ឃាដ​ថា ចូរ​ឯង​យក​ខ្លួន​វា​ទៅ​កាប់​ចោល​ទៅ ព្រោះ​វា​ចូល​មក​នៅ​ក្នុង​ទី​នេះ ប្រាថ្នា​នឹង​បំបាត់​ជីវិត​អញ ។

            លុះ​បាន​ឮ​ព្រះ​ដម្រះ​ដូច្នេះ​ហើយ ពេទ្យ​ក៏​ពិចារណា​ក្នុង​ចិត្ត​ថា ឯ​សេចក្ដី​រាប់​អាន​នឹង​គុណ​បំណាច់​ទាំង​ប៉ុន្មាន​ដែល​ស្ដេច​បាន​ធ្វើ​ដល់​ខ្លួន​អញ​នោះ​ហើយ​ជា​មេ​បណ្ដាល​ឲ្យ​មាន​ខ្មាំង​សត្រូវ រី​ស្ដេច​​មាន​ប្រាជ្ញា​ស្មារតី​អាប់​ឱន​ទន់​ទាប ក៏​ជឿ​តាម​ពាក្យ​ពោល​បង្កាច់ ដោយ​ឥច្ឆា​ឈ្នា​និះ​នៃ​ខ្មាំង​សត្រូវ​នោះ​ឯង​ពេទ្យ​ឌូប័ន​នឹក​ស្ដាយ​ការ​ដែល​បាន​មើល​រោគ​ស្ដេច​ឲ្យ​ជា ទើប​យក​សេចក្ដី​ក្រាប​ទូល​ថា បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់​ជីវិត​លើ​ថ្បូង សូម​ព្រះ​អង្គ​ទុក​ជីវិត​ឲ្យ​ទូល​ព្រះ​បង្គំ​នៅ​រស់​ត​ទៅ​ចុះ​បើ​ព្រះ​អង្គ​សន្ដោស​ដល់​ទូល​ព្រះ​បង្គំ ព្រះ​ជា​ម្ចាស់​នឹង​ចំរើន​ព្រះ​ជន្ម​ព្រះ​អង្គ​ឲ្យ​វែង​ត​ទៅ​ដែរ សូម​ព្រះ​អង្គ​កុំ​ប្រហារ​ជីវិត​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ ក្រែង​ព្រះ​ជា​ម្ចាស់​លោក​ប្ដន្ទា​ព្រះ​អង្គ​វិញ ។

            តា​នេសាទ​និយាយ​មក​ដល់​ត្រង់​នេះ​ក៏​ឈប់ ហើយ​បែ​ទៅ​និយាយ​នឹង​អារក្ខ​ថា ម្នាល​អារក្ខ ឯង​ឃើញ​ឬ​ទេ រឿង​ពេទ្យ​ឌូប័ន​នឹង​ស្ដេច​ក្រិក​នោះ​ដូច​ជា​រឿង​ឯង​នឹង​អញ​អម្បាញ​មេញ​នេះ​ហើយ ។

            តា​នេសាទ​និយាយ​ត​ទៅ​ទៀត​ថា ឯ​ស្ដេច​ក្រិក​ដែល​ពេទ្យ​ឌូប័ន​និយាយ​អង្វរ យក​ព្រះ​នាម​ព្រះ​មក​ជា​ប្រធាន ក៏​មិន​បាន​ព្រម​តាម​សេចក្ដី​អង្វរ​នោះ​ឡើយ ហើយ​ឆ្លើយ​ទៅ​វិញ​ដោយ​ពាក្យ​អសុរស់​ថា ទេ, ទេ, ត្រូវ​តែ​អញ​ប្រហារ​ជីវិត​ឯង​ដោយ​ដាច់​ខាត ព្រោះ​ឯង​អាច​នឹង​សំឡាប់​បាន​ដោយ​ងាយ ជាង​កាល​ដែល​ឯង​ធ្វើ​ឲ្យ​អញ​ជា​រោគ​ឃ្លង់​នោះ ពេទ្យ​ក៏​ជោរ​ជល់​នេត្រ​សស្រាក់​ក្នុង​គ្រា​នោះ ហើយ​ពោល​ថ្អូញ​ថ្ងូរ​គួរ​សង្វែក​អនិច្ចា អំពី​ដំឡៃ​អាក្រក់​នៃ​ការ​ដ៏​ប្រសើរ​ដែល​ខ្លួន​បាន​ធ្វើ​ថ្វាយ​ស្ដេច ហើយ​ក៏​ប្រុង​ខ្លួន​នឹង​ទទួល​ព្រះ​រាជ​អាជ្ញា​ក្នុង​ទី​នោះ ឯ​ពេជឃាដ​ក៏​យក​សំពត់​ចង​រំបិទ​ភ្នែក ហើយ​ចង​ដៃ​ផ្ជាប់​គ្នា​ព័ទ្ធ​ទៅ​ក្រោយ ចាប់​ហូត​ដាវ​ចេញ​ពី​ស្រោម​នឹង​ពិឃាដ​តាម​ព្រះ​រាជ​ដម្រះ ។

            សព្វ​មុខ​មន្ត្រី​ដែល​ជួប​ជុំ​ក្នុង​ទី​នោះ មាន​ចិត្ត​អាណិត​អាសូ​ខ្លោច​ផ្សា​ដល់​ពេទ្យ​ឌូប័ន​ជា​ទី​បំផុត ទើប​សុំ​អង្វរ​ស្ដេច​ឲ្យ​លើក​ទោស​ចេញ ហើយ​បញ្ជាក់​ថា​ពេទ្យ​នេះ​ជា​មនុស្ស​ស្លូត​ត្រង់​មិន​មែន​ជា​មនុស្ស​មាន​ទោស​ក្បថ​អ្វី​ទេ ប៉ុន្តែ​ក្នុង​គ្រា​នោះ​ស្ដេច​ទ្រង់​មានះ​មិន​ព្រម​លើក​តាម​ពាក្យ​សុំ​ឡើយ ហើយ​មាន​ព្រះ​បន្ទូល​ដាក់​ទម្ងន់ ត្រា​តែ​លែង​ហ៊ាន​ទូល​សុំ​អ្វី​ជា​ថ្មី​ទៀត​បាន ។

            ឯ​ពេទ្យ​ឌូប័ន​អង្គុយ​លុត​ជង្គង់ ភ្នែក​រំជិត​បម្រុង​នឹង​ទទួល​ស្លាប់​តែ​ខំ​ឆ្លៀត​ទូល​អង្វរ​ម្ដង​ទៀត​ថា បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ បើ​ព្រះ​អង្គ​ពុំ​ទ្រង់​អនុញ្ញាត​ឲ្យ​ទូល​ព្រះ​បង្គំ​នៅ​រស់​ដោយ​ដាច់​ខាត​ដូច្នេះ​ហើយ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​សូម​អង្វរ​ឲ្យ​បាន​នៅ​រស់​តែ ១ ពេល​សិន​ទៅ​រើស​ទី​កន្លែង​ឲ្យ​គេ​ធ្វើ​ម៉ុង (ផ្នូ) នឹង​ទៅ​លា​ផ្ដែ​ផ្ដាំ​ដល់​គ្រួសារ​ឯ​ផ្ទះ ហើយ​បរិច្ចាគ​ទ្រព្យ​ធ្វើ​ជា​ទាន រួច​ប្រគល់​សៀវភៅ​ក្បួន​ខ្នាត​ទាំង​ប៉ុន្មាន ដល់​មនុស្ស​ណា​ដែល​អាច​នឹង​រៀន​សូត្រ​ត​ទៅ​ទៀត​បាន បណ្ដា​សៀវភៅ​ទាំង​នោះ មាន​សៀវភៅ ១ ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ចង់​ថ្វាយ​ព្រះ​អង្គ សៀវភៅ​នោះ​ជា​ក្បួន​ដ៏​វិសេស គួរ​ថ្វាយ​ទុក​ជា​ព្រះ​រាជ​ទ្រព្យ​ត​ទៅ ស្ដេច​ត្រាស​សួរ​ថា សៀវភៅ​នោះ​មាន​សំដែង​ពី​រឿង​អ្វី ក៏​បាន​ជា​ឯង​អួត​ថា​ចំណាន​ពេក​ណាស់ ពេទ្យ​ទូល​តប​ថា ឯ​សៀវភៅ​នេះ​មាន​កត់​ត្រា​ក្បួន​ដម្រា​ជា​ច្រើន​យ៉ាង​ល្អ​ប្លែក ៗ ដែល​ត្រកាល​ជាង​គេ​នោះ គឺ​ថា​កាល​ណា​គេ​កាត់​ក្បាល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ទៅ​ហើយ បើ​ព្រះ​អង្គ​បើក​សៀវភៅ​នេះ ទៅ​ដល់​ត្រឹម​សន្លឹក​ទី ៦ ហើយ​ទ្រង់​ទស្សនា​ការ​នូវ​បន្ទាត់​ទី ៣ នៃ​ទំព័រ​ខាង​ឆ្វេង​ព្រះហស្ថ ក្បាល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​អាច​នឹង​ឆ្លើយ​ទូល​បាន​គ្រប់​ពាក្យ​ដែល​ព្រះ​អង្គ​ទ្រង់​សួរ មហា​ក្សត្រ​ដោយ​អំណាច​ចង់​ឃើញ​រឿង​រ៉ាវ​យ៉ាង​ប្លែក​នោះ ក៏​អនុញ្ញាត​ទុក​ឲ្យ​ពេទ្យ​នៅ​រស់​ក្នុង​ថ្ងៃ​នោះ​ឯង ចាំ​សម្លាប់​ដល់​ថ្ងៃ​ស្អែក​វិញ ហើយ​បើក​ឲ្យ​ពេទ្យ​វិល​ទៅ​លំ​នៅ​អាត្មា មាន​ក្រុម​ដំរួត​បណ្ដើរ​ដិត​ជាប់​ទៅ​ផង ។

            លុះ​បាន​ទៅ​ដល់​ផ្ទះ ពេទ្យ​ឌូប័ន​ក៏​ចាត់​ចែង​ការ​ងារ​គ្រប់​ចំពូក​ជា​ស្រេច​តាម​ដែល​គិត​ទុក រី​ដំណឹង​នៃ​ក្បាល​ចេះ​និយាយ​នេះ ក៏​ផ្សាយ​ទូ​ទៅ​ក្នុង​ព្រះ​នគរ សព្វ​មុខ​មន្ត្រី​ទាំង​ប៉ុន្មាន​បាន​ទៅ​ជួប​ជុំ​នៅ​ទី​ចុង​ព្រះ​រោង​ក្នុង​វេលា​ព្រឹក​ដែល​ធ្វើ​គត់​នោះ ដើម្បី​ជា​កសិណ​នៃ​ហេតុ​ដ៏​ប្លែក​មិន​ដែល​ឃើញ​នោះ​ឯង ។

            ក្រោយ​នោះ ១ ស្របក់​លេច​ពេទ្យ​ឌូប័ន​ដើរ​ចូល​មក​ដរាប​ដល់​រាជ​បល្លង្ក កាន់​ទាំង​សៀវភៅ​ធំ ១ នៅ​ដៃ​ផង រួច​បង្គាប់​ឲ្យ​យក​អាង​ទឹក ១ មក​ដំកល់​ក្នុង​ទី​នោះ ហើយ​យក​ស្រោម​សៀវភៅ​ទៅ​លាត្រដាង​គ្រប​មាត់​អាង ទើប​ថ្វាយ​សៀវភៅ​ទៅ​ស្ដេច ដោយ​វាចា​ថា បពិត្រ​ក្សត្រ​ថ្លៃ​ប្រសើរ​អើយ សូម​ព្រះ​អង្គ​ទទួល​យក​សៀវភៅ​នេះ កាល​ណា​គេ​កាត់​ក្បាល​ទូល​ព្រះ​បង្គំ​ហើយ សូម​ព្រះ​អង្គ​ត្រាស់​បង្គាប់​ឲ្យ​គេ​លើក​ក្បាល​ដាក់​មក​លើ​ស្រោម​សៀវភៅ​នូវ​មាត់​អាង​នេះ លុះ​លើក​ក្បាល​ដាក់​មក​ស្រេច​ហើយ ឈាម​ក៏​ឈប់​ហូរ​ដែរ រួច​ហើយ​សូម​ឲ្យ​ព្រះ​អង្គ​បើក​សៀវភៅ​នេះ ដណ្ដឹង​ទៅ​ក្បាល​ទូល​ព្រះ​បង្គំ ក៏​ក្បាល​នោះ​អាច​នឹង​ឆ្លើយ​ថ្វាយ​គ្រប់​ប្រការ​បាន តាម​សេចក្ដី​ដែល​ព្រះ​អង្គ​ទ្រង់​សួរ ប៉ុន្តែ​ក្នុង​គ្រា​នេះ​ទូល​ព្រះ​បង្គំ​សូម​អង្វរ​តាង​ព្រះ​នាម​ព្រះ​ជា​ម្ចាស់ សូម​ឲ្យ​ព្រះ​អង្គ​រើ​ពិចារណា​ជា​ថ្មី ព្រោះ​ខ្លួន​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នេះ ជា​មនុស្ស​សុចរិត​ដោយ​ពិត ស្ដេច​ទ្រង់​ត្រាស់​តប​ថា សេចក្ដី​អង្វរ​របស់​ឯង​ឥត​ប្រយោជន៍​ទេ ត្រូវ​តែ​ឯង​ស្លាប់​ក្នុង​ពេល​នេះ​ខាន​មិន​បាន ដើម្បី​ឲ្យ​អញ​បាន​ស្ដាប់​ក្បាល​ឯង​និយាយ មាន​ព្រះ​បន្ទូល​តែ​ប៉ុណ្ណេះ ក៏​ទទួល​យក​សៀវភៅ​ពី​ដៃ​ពេទ្យ​ទៅ ទើប​ត្រាស់​បង្គាប់​ដល់​ពេជ​ឃាដ​ឲ្យ​សម្រេច​កិច្ច​ក្នុង​ពេល​នោះ​ឯង ។

            ក្បាល​ដែល​កាត់​ដាច់​ក៏​ធ្លាក់​ចុះ​ទៅ​ក្នុង​អាង​នោះ លុះ​លើក​ឡើង​ដំកល់​លើ​ស្រោម​សៀវភៅ​ឈាម​ក៏​បាត់​ហូរ​ភ្លាម ហើយ​បើក​ភ្នែក​ឡើង​ជា​ទី​អស្ចារ្យ​ប្រាកដ​ដល់​ស្ដេច​នឹង​មន្ត្រី​ទាំង​អស់​មិន​បើក​តែ​ភ្នែក​ថែម​ទូល​ទៅ​ស្ដេច​ទៀត​ថា សូម​ឲ្យ​ព្រះ​អង្គ​បើក​សៀវភៅ​ក្បួន​នេះ​ទៅ ស្ដេច​ក៏​ចាប់​សៀវភៅ​មក​បើក​តាម​លុះ​បើក​ទៅ​ឃើញ​ឯ​សន្លឹក​ដើម​ជាប់​ជិត​ទៅ​នឹង​សន្លឹក​បន្ទាប់​ដើម្បី​នឹង​បើក​ឲ្យ​បាន​ស្រួល​នោះ​ទ្រង់​យក​កម្រាម​ព្រះ​ហស្ថ​ទៅ​ផ្ដិត​នឹង​អណ្ដាត ហើយ​ចេះ​តែ​ធ្វើ​ដូច្នេះ​ដរាប​ដល់​សន្លឹក​ទី ៦ ប៉ុន្តែ​មិន​ឃើញ​មាន​សរសេរ​អក្សរ​អ្វី​ក្នុង​នោះ​សោះ ទើប​មាន​ព្រះ​ដម្រះ​សួរ​ទៅ​ក្បាល​នោះ​ថា នែ​ពេទ្យ ហេតុ​អ្វី​ក៏​មិន​ឃើញ​មាន​អក្សរ ១ តួ​សោះ ក្បាល​នោះ​ឆ្លើយ​ទៅ​វិញ​ថា សូម​ឲ្យ​ព្រះ​អង្ក​បើក ២-៣ សន្លឹក​ទៀត​ទើប​ដល់ ស្ដេច​ក៏​ចេះ​តែ​បើក​ត ៗ ទៅ យក​ម្រាម​ព្រះ​ហស្ថ​ផ្ដិត​ទឹក​មាត់​ជា​ដរាប លុះ​ដល់​ថ្នាំ​ពុល​ដែល​ជាប់​នៅ​គ្រប់​សន្លឹក​សៀវភៅ​ជ្រួត​ជ្រាប​សព្វ​ទៅ ក៏​បណ្ដាល​ជា​ញាប់​ញ័រ​សព្វ​សារពាង្គកាយ ហើយ​វិល​ក្រឡាប់​ចក្រ​ធ្លាក់​ពី​លើ​បល្លង្ក​ចុះ​ទៅ​ខាង​ក្រោម​ក្នុង​ខណ​នោះ ។

            ឯ​ពេទ្យ​ឌូប័ន ឬ​បើ​ថា​ឲ្យ​ចំ​គឺ​ក្បាល​នៃ​ពេទ្យ​នោះ បាន​ឃើញ​ថ្នាំ​ពុល​ជ្រួត​ជ្រាប​ដូច្នោះ ហើយ​ឃើញ​ថា​សេចក្ដី​នឹង​រស់​នៅ​បាន​តែ​បន្តិច​ទៀត ក៏​ស្រែក​ពោល​ឡើង​ថា ស្ដេច​ពាល​កំណាច ស្ដេច​ទ្រុស្ដ​សីល នេះ​ហើយ​ឬ​ដែល​រំលោភ​ដោយ​អំណាច​ឥត​ពិចារណា​ធ្វើ​បាប​ដល់​មនុស្ស​ឥត​ខុស បើ​មិន​ឆាប់​ក៏​យូរ​គង់​តែ​ព្រះ​ជា​ម្ចាស់​លោក​ធ្វើ​ទណ្ឌ​កម្ម ផ្ចាល​ដល់​សេចក្ដី​អយុត្តិធម៌ នឹង​សេចក្ដី​កាច​សាហាវ​ឃោឃៅ​ឥត​បទ​វិញ លុះ​ក្បាល​និយាយ​ផុត​ពាក្យ​ប៉ុណ្ណេះ ទៅ​ស្ដេច​ក៏​ផុត​ដង្ហើម​ត្រឹម​នោះ​ឯ​ក្បាល​ក៏​ផុត​ជីវិត​ឰដ៏​គ្រា​នោះ​ដែរ ។

កន្លែង​ត្រង់​នេះ​នាង​សែរាសាដ​ទូល​ទៅ​ស៊ុលតង់សារ្យា​ថា​បពិត្រ​ព្រះ​ចោម​ម្កុដ​បំផុត​លោក គ្រា​ដែល​តា​នេសាទ​បាន​និយាយ​រឿង​ស្ដេច​ក្រិក​នឹង​ពេទ្យ​ឌូប័ន​ចប់​ហើយ បែរ​ទៅ​និយាយ​នឹង​អារក្ខ​ដែល​នៅ​ក្នុង​ខ្លង​ទៀត​ថា ។

            នែ​អារក្ខ ចូរ​ឯង​ស្ដាប់​ប្រសិប​បើ​ស្ដេច​ក្រិក​បាន​ទុក​ជីវិត​ឲ្យ​ពេទ្យ​ឌូប័ន នោះ​ព្រះ​ជា​ម្ចាស់​ក៏​នឹង​ទុក​ជីវិត​ឲ្យ​វិញ​មិន​ខាន ប៉ុន្តែ​ព្រោះ​ស្ដេច​មិន​ព្រម​ទុក​ជីវិត​ឲ្យ ទើប​ព្រះ​ជា​ម្ចាស់​លោក​ធ្វើ​ទណ្ឌ​កម្ម​ដល់​ស្ដេច​នោះ​វិញ ។ ឯ​ចំណែក​ខាង​ព្រះ​ស្ដែង​ក៏​មាន​ប្រការ​ដូច្នោះ​ដែរ ចូរ​ឯង​ដឹង​ថា បើ​កាល​ដែល​អញ​សុំ​អង្វរ​ឯង ហើយ​ឯង​ព្រម​ស្ដាប់​ពាក្យ​អញ ប្រហែល​ជា​អញ​សន្ដោស​ឯង​វិញ ក្នុង​គ្រា​នេះ​ដែរ ប៉ុន្តែ​ក្នុង​វេលា​នោះ​អញ​សុំ​អង្វរ​ឯង​ដោយ​មធុរ​វាចា​គ្រប់​បែប​យ៉ាង ឲ្យ​ឯង​ទុក​ជីវិត​ឲ្យ ឯង​មិន​ព្រម​ស្ដាប់​សោះ នៅ​រឹង​តែ​ចង់​ប្រហារ​ជីវិត​អញ​បង់ ហើយ​ពេល​នេះ​ត្រូវ​អញ​តាំង​ចិត្ត​ជា​មនុស្ស​ឥត​មេត្តា​វិញ​ដូច​គ្នា អញ​ត្រូវ​ទុក​ឯង​ឲ្យ​នៅ​ក្នុង​ខ្លង​នេះ ហើយ​បោះ​ចោល​ទៅ​ក្នុង​ទឹក​វិញ​ឲ្យ​ឯង​នៅ​អស់​កប្ប​អស់​កល្ប​ក្នុង​លំ​នៅ​ចង្អៀត​តូច​នេះ កុំ​ឲ្យ​ធ្វើ​អ្វី​កើត​ឡើយ នេះ​ហើយ​ជា​សេចក្ដី​សង​សឹក​ដែល​អញ​បម្រុង​នឹង​ធ្វើ​ឯង​វិញ ។

            គ្រា​នោះ​អារក្ខ​និយាយ​អង្វរ​ទៀត​ថា នែ​សំឡាញ់​មហា​មិត្រ អញ​សូម​អង្វរ​ឯង​ម្ដង​ទៀត កុំ​ឲ្យ​ធ្វើ​អំពើ​សាហាវ​យង់​ឃ្នង​ដូច្នេះ ត្រូវ​ឯង​គិត​ថា សេចក្ដី​ដែល​សង​សឹក​ប្ដន្ទា​នោះ មិន​ជា​ការ​ល្អ​ត្រឹម​ត្រូវ​តាម​គន្លង​ធម៌​ទេ គេ​សរសើរ​តែ​មនុស្ស​ដែល​យក​អំពើ​ល្អ​ទៅ​តប​នឹង​អំពើ​អាក្រក់ ឯង​កុំ​គាប្បី​ធ្វើ​អញ​ដូច​យ៉ាង​អីម៉ា​ដែល​ធ្វើ​តប​ដល់​អាតិការ​ក្នុង​រឿង​ព្រេង​នោះ​ឡើយ តា​នេសាទ​សួរ​ទៅ​វិញ​ថា ចុះ​អីម៉ា​ធ្វើ​ដល់​អាតិកា​ដូច​ម្ដេច​ខ្លះ​ អារក្ខ​ឆ្លើយ​ថា បើ​ឯង​ចង់​ដឹង​រឿង ត្រូវ​ឯង​បើក​ខ្លង​ឲ្យ​អញ​ចេញ​សិន ឯង​ស្មាន​ថា​គ្នា​និយាយ​បាន​ឬ​ឦ បើ​គ្នា​នៅ​ក្នុង​គុក​ចង្អៀត​ម្លេះ តា​ចាស់​ឆ្លើយ​ថា ទេ, អញ​មិន​បើក​ឯង​ឡើយ​ពាក្យ​ឯង​និយាយ​នេះ​ឃើញ​ត្រូវ​ហើយ បើ​ដូច្នេះ​អញ​នឹង​គ្រវែង​ខ្លង​នេះ​ទៅ​ក្នុង​ទឹក​ឥឡូវ​នេះ​ឯង អារក្ខ​ស្រែក​ប្រញាប់​ថា ឈប់, ឈប់, អញ​សុំ​និយាយ ១ មាត់​ទៀត អញ​សន្យា​នឹង​ឯង​ថា​អញ​លែង​ធ្វើ​អំពើ​អាក្រក់​ដល់​ឯង​ហើយ រួច​អញ​នឹង​ពន្យល់​ផ្លូវ​ឲ្យ​ឯង​ប្រែ​ជា​ជា​អ្នក​មាន​ធំ​វិញ ។

            រី​សេចក្ដី​ប្រាថ្នា​ចង់​ឲ្យ​រួច​ពី​ក្រលំបាក​នោះ នាំ​ឲ្យ​តា​ចាស់​ទោ​ទន់​ចិត្ត ទើប​និយាយ​ទៅ​កាន់​អារក្ខ​ថា អញ​នឹង​ព្រម​តាម​ពាក្យ​ឯង​បាន ប៉ុន្តែ​ត្រូវ​ឯង​ធ្វើ​ដូច​ម្ដេច​ឲ្យ​អញ​បាន​ជឿ​សំដី​ផង តោង​ឯង​ស្បថ​សច្ចា​យក​នាម​ព្រះ​ជា​ម្ចាស់​មក​ជា​ទី​តាំង នៃ​សំ​ដី​ឯង​ទើប​អញ​ព្រម​បើក​គ្រប​ខ្លង អញ​ឥត​បារម្ភ​ថា​ឯង​នឹង​អាច​ប្រព្រឹត្ត​កន្លង​លើ​ប្រណិធាន​របស់​ឯង​ឡើយ អារក្ខ​ព្រម​សច្ចា​ក្នុង​គ្រា​នោះ ឯ​តា​ចាស់​ក៏​បើក​គ្រប​ខ្លង​ឡើង ១ ស្រ​បក់​ក្រោយ​នោះ​លេច​ផ្សែង​ចេញ​ភោភៅ​ពី​ក្នុង​ខ្លង កើត​ឡើង​ជា​រូប​អារក្ខ​ធំដំបង​ដូច​ជា​មុន កិច្ច​ដែល​អារក្ខ​ធ្វើ​ជា​ដម្បូង​នោះ​គឺ​យក​ជើង​ឈូស​ខ្លង​ស្ពាន់​ទំលាក់​ទៅ​ក្នុង​ទឹក​សមុទ្រ​ទៅ តា​ចាស់​ឃើញ​ដូច្នេះ​ក៏​ភិត​ភ័យ​តក្កមា​ស្រលាំង​កាំង​នឹង​គណនា​មិន​បាន​ទើប​ស្រែក​ប្រាប់​ទៅ​អារក្ខ​ថា នែ​អារក្ខ ឯង​គិត​ដូច​ម្ដេច ឯង​ភ្លេច​សំ​បថ​សច្ចា​អប្បាញ់​មេញ​ហើយ​ឬ អញ​ត្រូវ​រំលឹក​ឯង​ម្ដង​ទៀត​អំពី​ពាក្យ​ដែល​ពេទ្យ​ឌូប័ន​អង្វរ​ស្ដេច​ក្រិក​ថា ទុក​ទូល​ព្រះ​បង្គំ​ឲ្យ​នៅ​រស់​ព្រះ​ជា​ម្ចាស់​នឹង​ចំរើន​ព្រះ​ជន្ម​ព្រះ​អង្គ ដូច្នេះ​ឬ​ឦ ?

            កិរិយា​ដែល​តា​ចាស់​ខ្លាច ធ្វើ​ឲ្យ​អារក្ខ​អស់​សំណើច​ក្នុង​ខណ​នោះ ទើប​អារក្ខ​តប​វិញ​ថា នែ​សំឡាញ់​ចូរ​ឯង​កុំ​បារម្ភ​ហេតុ​ដែល​អញ​ទាត់​ខ្លង​ទៅ​ក្នុង​ទឹក​នោះ គឺ​អញ​ធ្វើ​ល្បង​ចិត្ត​ឯង​មើល​ទេ​តើ ដើម្បី​ឲ្យ​ឯង​ឃើញ​ថា​អញ​នៅ​ចាំ​សំដី​នៅ​ឡើយ​ត្រូវ​ឯង​យក​សំណាញ់​ដើរ​តាម​អញ​មក ថា​ដូច្នេះ​ក៏​ចេញ​ដើរ​ទៅ តា​ចាស់​ស្ពាយ​សំណាញ់​ដើរ​តាម​ក្រោយ​ទៅ ដោយ​ជឿ​ក្នុង​ចិត្ត​ឥត​មាន​ភិត​ភ័យ​សោះ បាន​ដើរ​កាត់​មុខ​ទី​ក្រុង​នោះ​ទៅ​ហើយ​ឡើង​តាម​ភ្នំ ១ ទើប​ចុះ​ទៅ​ក្នុង​វាល​ដែល​មាន​ត្រពាំង​ធំ ១ នៅ​ជា​ចន្លោះ​ភ្នំ ៤ ។

លុះ​ទៅ​ដល់​មាត់​ត្រពាំង អារក្ខ​ប្រាប់​ទៅ​តា​ចាស់​ថា “ចូរ​ឯង​បង់​ទៅ, ហើយ​ចាប់​ត្រី​មក” តា​ចាស់​មិន​បារម្ភ​ថា​មិន​បាន​ត្រី​ឡើយ ព្រោះ​មើល​ទៅ​ឃើញ​ដេរ​ដាស​ក្នុង​ទឹក​ត្រពាំង​នោះ​ប៉ុន្តែ​មក​មាន​សេចក្តី​ឆ្ងល់​ជា​ទី​បំផុត ត្បិត​ត្រី​នោះ​មាន ៤ ពណ៌​ផ្សេង​ពី​គ្នា គឺ​ពណ៌​សរ, ក្រហម, ខៀវ​នឹង​លឿង, តា​ចាស់​ក៏​ចាប់​សំណាញ់​គ្រវែង​ទៅ ហើយ​ទាញ​មក​វិញ បាន​ត្រី ៤ គ្រប់​ពណ៌​ទាំង​អស់, ដោយ​គាត់​មិន​ដែល​ខើញ​ដូច្នេះ​សោះ គាត់​ក៏​អង្គុយ​សំឡឹង​មើល​ ហើយ​គ្មាន​ក្នុង​ចិត្ត​ថា​មុខ​ជា​នឹង​លក់​បាន ប្រាក់​ច្រើន​មិន​ខាន, គិត​ដូច្នេះ​ហើយមាន​អំណរ​ឥត​ឧបមា វេលា​នោះ​អារក្ខ​ប្រាប់​ទៅ​ថា ” ចូរ​ឯង​យក​ត្រី​នេះ​ទៅ​ចុះ ហើយ​ត្រូវ​ឯង​យក​ទៅ​ថ្វាយ​ស្តេចៗ នឹង​ព្រះ​រាជ​ទាន​ប្រាក់​ឯង​ជា​ច្រើន​មិន​ខាន ” ហើយ​ឯង​មក​បង់​ក្នុង​ទី​នេះ​ទៀត​បាន​រាល់​ថ្ងៃ ប៉ុន្តែ​អញ​ហាម​ឯង​ទុក​ថា ត្រូវ​បង់​១​ថ្ងៃ​តែ​១ សំណាញ់​ទេ លើស​ពី​នេះ​ទៅ​ទៀត​មិន​បាន បើ​ឯង​មិន​តាម​ពាក្យ​អញ នឹង​កើត​ថ្លោះ​ការ​មិន​ខាន ត្រូវ​ឯង​ប្រុង​ប្រយ័ត្ន​ឲ្យ​មែន​ទែន អញ​ហាម​តែ​ប៉ុណ្ណេះ បើ​ឯង​ប្រនិតបត្តិ​តាម​នឹង​បាន​សេចក្តី​សុខ​អស់​កាល​ជា​អង្វែង​ត​រៀង​ទៅ ” ថា​ដូច្នេះ​ហើយ​ក៏​ទន្រ្ទាំ​ដី​ព្រឹបៗ ដី​ក៏​បែក​ញែក​ឡើង លុះ​អារក្ខ​ចុះ​ផុត​ទៅ ដី​ក៏​ជិត​ទៅ​វិញ​ក្នុង​ខណ​នោះ​ឯង ។

           តា​ចាស់​ទើប​ប្តេជ្ញា​ចិត្ត​នឹង​ធ្វើ​តាម​បណ្តាំ​អារក្ខ​មិន​ឲ្យ​ឆ្គង​គឺ​មិន​ហ៊ាន​បង់ ១ សំណាញ់​ថែម​ទៀត​ឡើយ រួច​ត្រឡប់​តាម​ផ្លូវ​ដ៏​ដែល​ទៅ​លំនៅ​អាត្មា​វិញ ដោយ​សេចក្តី​ត្រេក​អរ​រីក​រាយ​ជា​ដរាប ហើយ​ពិចារណា​តាម​ផ្លូវ​១ពាន់​១​ហ្មឺន​យ៉ាង​អំពី​រឿង​របស់ខ្លួន​នោះ​ឯង ។ លុះ​បាន​ទៅ​ដល់​ក្នុង​ក្រុង​ហើយ គាត់​មិន​បាន​ចូល​ទៅ​ឯ​ផ្ទះ គាត់​យូរ​ឯត្រី​នោះ​បង្ហួស​ដម្រង់​ទៅ​ឯ​ព្រះរាជ​វាំង​វិញ ដើម្បី​យក​ទៅ​ថ្វាយ​ដល់​ស្តេច ។

              ឯស្តេច​នោះ​បាន​ឃើញ​ត្រី​ប្លែក​ជា​ទី​អស្ចារ្យ​ដូច្នោះ​ក៏​ទ្រង់​ចាប់​មក​សង្កេត​ពិនិត្យ​១​ម្តងៗ លុះ​បាន​ពិនិត្យ​១ ស្របក់​ទើប​ទ្រង់​ប្រគល់​ឲ្យ​ទៅ​មហាមាត្យ ដោយ​ទ្រង់​ព្រះ​ដម្រាស់​ថា ” ចូរ​មហា​មាត្យ​ឯង​យក​ទៅ​ឲ្យ​សត្រី​នាយ​ពិសេស​ដែល​ស្តេច​ស្រុក​ក្រិក​បាន​សម្រាំង​រើស​ភ្ញើ​មក​អញ ដើម្បី​នឹង​ធ្វើ​ក្រយា​ស្ងោយ​ឲ្យ​អញ​អញ​សង្ឃឹម​ថា​ត្រី​នេះ​ច្បាស់​ជា​មាន​រស់​ពិសារ​ក្រៃ​លែង​ត្រី​ឯ​ទៀត​តាម​ដែល​បាន​ពិនិត្យ​ដល់​រូប​រាង​របស់​វា ” មហាមាត្យ​បាន​ទទួល​ត្រី​នោះ ហើយ​យក​ទៅ​ប្រគល់​ដល់​ដៃ​សត្រី​នាយ​ពិសេស​ដោយ​ខ្លួន​ឯង ហើយ​ប្រាប់​ថា “ត្រី​ទាំង ៤ នេះ​គេ​ទើប​នឹង​យក​មក​ថ្វាយ, ស្តេច​ត្រាស់​បង្គាប់​ឲ្យ​យក​មក​ចំអិន​ធ្វើ​ក្រយា​ស្ងោយ” ប្រគល់​ឲ្យ​យក​រូបិយ​មាស ៤០០ រៀល​ប្រគល់​ឲ្យ​ទៅ​តា​នេសាទ​ម្ចាស់​ត្រី ។ តា​ម្ចាស់​ត្រី​គ្រា​ដែល​បាន​ទទួល​ប្រាក់​ហើយ ក៏​នឹក​មមៃ​តែ​ក្នុង​ចិត្ត មិន​ដឹង​ថា​ខ្លួន​បាន​ប្រាក់​មែន​ទែន ឬ​គ្រាន់​តែ​ស្រមៃ​យល់​សព​ទេ ព្រោះ​មិន​ដែល​បាន​កាន់​ប្រាក់​ច្រើន​ដូច្នេះ ម្តង​សោះ លុះ​តែ​បាន​យក​ប្រាក់​នោះ​ទៅ​ចំណាយ​ក្នុង​កិច្ចការ​ផ្សេងៗ​ឯផ្ទះ ទើប​បាន​ច្បាស់​ក្នុង​ចិត្ត​អំពី​ភ័ព​សំណាង​របស់​ខ្លួន ។

              ដល់​មក​ត្រង់​កន្លែង​នេះ នាង​សែរាសាដក្រាប​ទូល​ទៅ​ស៊ុល​តង់​សារ្យាថា “​ បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់, ខ្ញុំ​ម្ចាស់​បាន​ថ្វាយ​រឿង​អ្នក​នេសាទ​នេះ​រួច​ហើយ ត្រូវ​ខ្ញុំ​ម្ចាស់​និយាយ​អំពី​សត្រី​នាយ​ពិសេស​ផង ព្រោះ​រឿង​នេះ​ត​ទៅ​នឹង​មាន​សេចក្តី​ប្លែក​អស្ចារ្យ​ណាស់, នាង​នាយ​ពិសេស​នោះ កាល​បាន​លាង​សំអាត​ត្រី​ទាំង ៤ ហើយ ក៏​ដាក់​ជៀន​ក្នុង​ខ្ទះ​ទៅ លុះ​ឆ្អឹន​១​ចំហៀង​ហើយ ក៏​ប្រែ​ត្រឡប់​ទៅ​១​ចំហៀង​ទៀត ទើប​តែ​នឹង​ត្រឡប់​ស្រេច ស្រាប់​តែ​ជញ្ជាំង​រោង​ពិសេស​ប្រែះ​របើក​ឡើង​លេច​ឯសត្រី​ម្នាក់​រូប​ឆោម​ល្អ​ឆើត​នាយ​ចេញ​ពី​ក្នុង​នោះ​មក នាង​នោះ​ស្លៀក​ពាក់​សុទ្ធ​ព្រែ រំលេច​ដោយ​ផ្កា​ដេរ​ដាស​បែប​ស្រុក​ឥសី​ប្ត ពាក់​រយ៉ា​ពេជ្រ​នឹង​ខ្សែ​ករ​ប្រដាប់​ដោយ​កែវ​មុក្តា​ពាក់​កង​ដាំ​ត្បូង​ទទឹម​នៅ​ដៃ​ទាំង​សង​ខាង ហើយ​កាន់​ចង្កើស​ត្រាំង​១​គូ​ដើរ​ចូល​ទៅ​ប្រប​ខ្ទះ,​រី​នាង​នាយ​ពីសេស​ឃើញ​ដូច្នោះ​ ក៏​ភាន់​ភាំង​ស្មារតី​សំងំ​ស្ងៀម​នៅ​ពុំ​នាំ​ពា សត្រី​កាន់​ចង្កឹះ​នោះ​យក​ចង្កឹះ​គោះ​ក្បាល​ត្រី​១ ហើយ​សួរ​ថា “នែ​មច្ឆា, ឯង​កំពុង​ជាប់​កិច្ច​រវល់​ឬ?” លុះ​មិន​ឮ​ត្រី​ឆ្លើយ​ក៏​សួរ​ពាក្យ​ដដៃល​ម្តង​ទៀត ក្នុង​វេលា​នោះ​ត្រី​ទាំង​៤ ងើប​ក្បាល​ឡើង ឆ្លើយ​ប្រាប់​ទៅ​វិញ​ដោយ​សំឡេង​ក្បោះ​ក្បាយ​ថា ” បាទ, បាទ, កំពុង​ជាប់​កិច្ច, ប៉ុន្តែ​បើ​អ្នក​ចេញ​ថ្លៃ យើង​ចេញ​ថ្លៃ​ដែរ, បើ​អ្នក​សង​បំណុល​គេ យើង​សង​បំណុល​គេ​ដែរ, បើ​អ្នក​គេច​រត់​យើង​មាន​ជ័យ​ជុំនះ ហើយ​យើង​សប្បាយ​ចិត្ត​”​ត្រី​និយាយ​ដូច្នេះ​ហើយ សត្រី​នោះ​ក៏​ចាប់​ខ្ទះ​ចៀន​ផ្កាប់​ទៅ​ក្នុង​ភ្លើង ហើយ​ចេញ​តាម​កន្លែង​នោះ​ទៅ​វិញ​បាត់​ទៅ ឯជញ្ជាំង​ដែល​ប្រែះ​បើក​ក៏​ជិត​ដូច​ដើម​វិញ​ ។

              ក្នុង​គ្រា​នោះ​សត្រី​នាយ​ពិសេស​បាន​ដឹង​ស្មារតី​ភ្ញាក់​ខ្លួន​ឡើង​វិញ ទើប​ស្ទុះ​ទៅ​ចាប់​ទាញ​យក​ត្រី​ពី​ក្នុង​ភ្លើង​ចង្រ្កាន​មក​តែ​ត្រី​នោះ​ខ្លោច​ខ្មៅ​ទៅ​ជា​ធ្យូង​អស់ នឹង​កែ​កុន​រៀប​ក្រយា​ស្ងោយ​ថ្វាយ​ស្តេច​មិន​កើត ។ នាង​នោះ​កើត​ទុក្ខ​អម្នេញ​ឥត​ឧបមា​អង្គុយ​ទ្រហោ​យំ​អស់​អំហឹង​ថា “ឱម្ចាស់​ថ្លៃ​ខ្ញុំ​អើយ, ខ្លួន​ខ្ញុំ​នេះ​ មិន​ដឹង​ជា​ទៅ​ជា​អ្វី​ទេ បើ​ទុក​ជា​ខ្ញុំ​យក​សេចក្តី​ក្រាប​ទូល​ស្តេចៗ​ក៏​មិន​ជឿ​តាម ម្លោះ​ហើយ​សំព្រះ​អង្គ​ទ្រង់​ព្រះ​ភិរោធ​នឹង​ខ្ញុំ​មិន​ខាន”

              កំពុង​តែ​ខ្សឹក​ខ្សួល​តែ​ម្នាក់​ឯង ស្រាប់​តែ​លេច​មហាមាត្យ​មក​សួរ​ថា​ត្រី​នោះ​ឆ្អិន​ហើយ​ឬ​នៅ, នាង​ក៏​សារ​សព្ទ​សេចក្តី​ជំរាប​មហាមាត្យ​គ្រប់​ប្រការ ឯមហាមាត្យ​កើត​សេចក្តី​ងឿង​ឆ្ងល់​ណាស់ តែ​មិន​បាន​យក​រឿង​ក្រាប​ទូល​ស្តេច​តាម​ដំណើរ រក​ឯ​ហេតុ​ដទៃ​ផ្សេងៗ​ទូល​បន្លប់​ឲ្យ​បាន​ស្រួល​ព្រះរាជ​ហឫទ័យ​វិញ ។ ក្នុង​វារៈ​នោះ​ក៏​ចាត់​បំរើ​ឲ្យ​ទៅ​តាម​យក​ខ្លួន​តា​ចាស់​មក​ហើយ​ប្រាប់​ថា ” ម្នាល​នេសាទ​ចូរ​ឯង​រក​ត្រី​ឲ្យ​អញ​៤​ទៀត​ឲ្យ​បាន​ដូច​ត្រី​ពី​មុន ត្បិត​ត្រី​មុន​នោះ​គេ​ធ្វេស​ប្រហែស​ធ្វើ​ឲ្យ​ខូច​មិន​បាន​ចំអិន​ថ្វាយ​ជា​ក្រយា​ស្ងោយ” តា​នេសាទ​មិន​បាន​បរិយាយ​អំពី​រឿង​អារក្ខ​ផ្តាំ​ថា ឲ្យ​បង់​តែ​១​សំណាញ់​ក្នុង​១​ថ្ងៃ យក​ឯ​រឿង​ផ្សេង​មក​ជំរាប​កែ​ដោះ​សា​វិញ ថា​ផ្លូវ​នោះ​ឆ្ងាយ​ដាច់​ស្រយាល​ណាស់ នឹង​ទៅ​រក​មក​មិន​ទាន់ សន្យា​ដល់​ថ្ងៃ​ស្អែក, ទើប​រក​មក​ជូន​ឲ្យ​បាន ។

              តា​នេសាទ​ចេញ​ពី​ផ្ទះ​ទៅ​តាំង​ពី​យប់ ឆ្ពោះ​ទៅ​ត្រពាំង​នោះ​ឯង ហើយ​បាន​បង់​សំណាញ់​ចុះ​លុះ​ទាញ​ឡើង​វិញ បាន​ត្រី​៤ ពណ៌​ផ្សេង​គ្នា​ទាំង​អសើ​ដូច​កាល​ជាន់​មុន​ទៀត គាត់​ក៏​ត្រឡប់​ទៅ​វិញ ហើយ​យក​ត្រី​ទៅ​ប្រគល់​ជូន​មហាមាត្យ​នូវ​ពេល​ដែល​បាន​ណាត់​ទុក ។ មហាមាត្យ​យក​ត្រី​នោះ​ចូល​ទៅ​រោង​ពិសេស​ហើយ​អង្គុយ​ចាំ​ពិនិត្យ​មើល​ជា​មួយ​នឹង​សត្រីនាយ​ពិសេស​ដាក់​ត្រី​លើ​ខ្ទះ​ចៀន​ដូច​ជាន់​មុន លុះ​ឆ្អិន​១​ចំហៀង​រួច​ត្រឡប់​ប្រែ​១ ចំហៀង​ទៀត ខណ​នោះ​ជញ្ជាំង​រោង​ពិសេស ប្រែះ​របើក​ឡើង ហើយ​សត្រី​ដដែល​កាន់​ចង្កឹះ​ចេញ​មក​ទៀត​ដើរ​ចូល​ទៅ​ជិត​ខ្ទះ​ចៀន​និយាយ​ពាក្យ​ដដែល​ដូច​ពី​មុន, ឯត្រី​ក៏​ងើប​ក្បាល​ឡើង​ឆ្លើយ​តប​ដូច​កាល​ពី​មុន​នោះ​ទៀត ។

              សត្រី​នោះ​ក៏​លើក​ខ្ទះ​ផ្កាប់​ទៅលើ​ភ្លើង ហើយ​ចេញ​ទៅ​តាម​ប្រហោង​ជញ្ជាំង​វិញ​ដូច​ជាន់​មុន។ ឯមហាហាត្យ​លុះ​បាន​ឃើញ​ជាក់​នឹង​ភ្នែក​អាត្មា​ដូច្នេះ​ហើយ ក៏​និយាយ​នឹង​នាង​ពិសេស​ថា “រឿង​នេះ​អស្ចារ្យ​ចំឡែក​ណាស់​គួរ​ឲ្យ​ឆ្ងល់ ខ្ញុំ​ត្រូវ​យក​សេចក្តី​ក្រាប​ទូល​ដល់​ស្តេច​ឲ្យ​ទ្រង់​ជ្រាប​អំពី​រឿង​នេះ ថា​តែ​ប៉ុណ្ណេះ​ក៏​ក្រោក​ដើរ​ចេញ​ទៅ ក្រាប​ទូល​ដល់​ស្តេច​គ្រប់​ប្រការ ។

              គ្រា​នោះ​ស្តេច​មាន​សេចក្តី​សន្ទិះ​សង្ស័យ​ជា​ខ្លាង ដើម្បី​ឲ្យ​ច្បាស់​ហេតុ​ដោយ​ព្រះ​អង្គ​ឯង, ទ្រង់​ក៏​ត្រាស់​ឲ្យ​ទៅ​ហៅ​តា​នេសាទ​ឲ្យ​ចូល​មក, លុះ​តា​នេសាទ​មក​ដល់​ស្តេច​សួរ​ថា ” នែ​នេសាទ, តា​ឯង​រក​ត្រី​៤​ពណ៌​នេះ​ឲ្យ​អញ​បាន​ទៀត​ឬ​ទេ? តា​ចាស់​ក្រាប​ទូល​ថា ” បើ​ព្រះ​ករុណា​ជា​ម្ចាស់​អនុញ្ញាត​ឲ្យ​ចូល​ព្រះ​បង្គំ​រក​ដល់​៣​ថ្ងៃ នោះ​ទូល​ព្រះ​បង្គំ​រក​ដល់​៣​ថ្ងៃ​នោះ​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ហ៊ាន​សន្យា​ថ្វាយ ថា​ច្បាស់​ជា​នឹង​រក​ថ្វាយ​បាន​មិន​ខាន​ឡើយ ស្តេច​ក៏​ព្រម​អនុញ្ញាត​ឲ្យ ។

              លុះ​ដល់​ថ្ងៃ​សន្យា តា​ចាស់​ស្ពាយ​សំណាញ់​ទៅកន្លែង​ដ៏ដែល បង់​បាន​ត្រី​ទាំង​៤ ពណ៌​នោះ​មក​ទៀត ហើយ​យក​ទៅ​ថ្វាយ​ស្តេច​តាម​សន្យា ស្តេច​មាន​សេចក្តី​សោមនស្ស ទើប​ព្រះ​រាជ​ទាន​ប្រាក់​៤០០ រៀល​ទៀត​ឲ្យ​តា​នេសាទ ។

              លុះ​បាន​ត្រី​ហើយ ស្តេច​បង្គាប់​ឲ្យ​យក​ទៅ​ក្នុង​បន្ទប់​ព្រះ​អង្គ ហើយ​ឲ្យ​យក​គ្រឿង​ប្រដាប់​សម្រាប់​ចៀន​ទាំង​ប៉ុន្មាន​ទៅក្នុង​ទី​​នោះ ព្រះ​អង្គ​ទ្រង់​គង់​ចាំ​មើល​ត្រី​ជា​មួយ​នឹង​មហាមាត្យ ។ កាល​ណា​មហាមាត្យ​ចៀន​ឆ្អិន​ម្ខាង​ហើយ ក៏​ចាប់​ត្រឡប់​ទៅ​ម្ខាង​ទៀត ខណ​នោះ​ជញ្ជាំង​បន្ទប់​ប្រែះ​របើក ហើយ​លេច​ឯ​មនុស្ស​ខ្មៅ​ម្នាក់​ធំ​សម្បើម កាន់​ដំបង​១ ធំ​នៅ​ដៃ​ដើរ​ចូល​មក​មិន​ឃើញ​សត្រី​ទន់​ភ្លន់​ជាន់​មុន​ទេ ។ មនុស្ស​ខ្មៅ​នោះ​លុះ​ដើរ​ចូល​មក​ជិត​ខ្ទះ​ចៀន​ក៏​យក​ដំបង​គោះ​ក្បាល​ត្រី ហើយ​បន្លឺ​នូវ​សំឡេង​លាន់​ខ្ទរ​សួរ​ទៅ​ត្រី​ថា ” ម្នាល​ត្រី, ឯង​កំពុង​ជាប់​កិច្ច​រវល់​ឬ” សួរ​តែ​ប៉ុណ្ណេះ ត្រី​ក៏​ងើប​ក្បាល​ឡើង​ឆ្លើយ​ថា ” បាទ​យើង​ទាំង​អស់​គ្នា​ជាប់​កិច្ច​រវល់, ប៉ុន្តែ​បើ​អ្នក​ចេញ​ថ្លៃ យើង​ក៏​ចេញ​ដែរ, បើ​អ្នក​សង​បំណុល, យើង​ក៏​សង​បំណុល​ដែរ, បើ​អ្នក​គេច​រត់ យើង​មាន​ជ័យ​ជំនះ ហើយ​យើង​សប្បាយ​ចិត្ត”

              ត្រី​និយាយ​ស្ទើរ​មិន​ទាន់​ផុត មនុស្ស​ខ្មៅ​ក៏​ចាប់​ខ្ទះ​ចៀន​ផ្កាប់​ទៅ​លើ​ភ្លើង​ចង្រ្កាន​ខ្លោច​ទៅ​ជា​ធ្យូង​អស់​ទៅ រួច​ថយ​គឃ្លើន​តាម​ច្រក​ដែល​ចេញ​មក ឯជញ្ជាំង​នោះ​ក៏​ជិត​ដូច​ដើម​វិញ ។ ក្នុង​គ្រា​នោះ​ស្តេច​មាន​បន្ទូល​ទៅ​នឹង​មហាមាត្យ​ថា​ “ម្នាល​មហាមាត្យ តាម​ដែល​អញ​បាន​ឃើញ​អម្បាញ់​មិញ​នេះ អញ​មិន​អាច​នឹង​ដំរង់​ចិត្ត​ឲ្យ​ស្ងៀម​នៅ​ជា​សុខ​បាន​ឡើយ ត្រី​ទាំង​ប៉ុន្មាន​នេះ ប្រហែល​ជា​មាន​បើ​អ្វី​ម្យ៉ាងៗ មិន​លែង មួយ​ទៀត​អញ​ចង់​ដឹង​ឲ្យ​ប្រាកដ​ណាស់” រួច​ស្តេច​មាន​ព្រះ​ដម្រាស់​ឲ្យ​ហៅ​ខ្លួន​តា​នេសាទ​ចូល​មក​គាល់ ។ លុះ​តា​ចាស់​ចូល​មក​ដល់​ស្តេច​មាន​ព្រះ​បន្ទូល​សួរ​ថា “នែ​នេសាទ, ត្រី​ទាំង​ប៉ុន្មាន​ដែល​ឯង​បាន​យក​មក​ឲ្យ​អញ នាំ​ឲ្យ​អញ​មាន​សេចក្តី​សន្ធឹះ​សង្ការ​ពន់​ប្រមាណ​ណាស់ តើ​ឯង​ទៅ​ចាប់​ពី​ណា​មក” តា​នេសាទ​ក្រាប​ទូល​ថា “បពិត្រ​ព្រះ​ករុណា​ថ្លៃ​វិសេស សូម​ទ្រង់​ជ្រាប​ក្រោម​ល្អង​ធូលី​ព្រះ​បាទ, ទូល​ព្រះ​បង្គំ​ចាប់​មក​ពី​ក្នុង​ត្រពាំង​១ នៅ​ជា​ចន្លោះ​ភ្នំ​៤ ដែល​យើង​មើល​ឃើញ​ពី​នេះ​ទៅ” ស្តេច​សួរ​ទៅ​មហាមាត្យ​ថា “ឯង​ដែល​ស្គាល់​ត្រពាំង​នោះ​ដែរ​ឬ​ទេ” ស្តេច​សួរ​ទៅ​មហាមាត្យ​ថា “ទូល​ព្រះ​បង្គំ​បាន​ទៅ​បរ​បាញ់​សត្វ​លេង​នាទី​ជិត​ភ្នំ​នោះ​ប្រហែល ៦០ ឆ្នាំ​ហើយ តែ​មិន​ដែល​ឃើញ​ត្រពាំង​នោះ​សោះ ហើយ​មិន​ដែល​ទាំង​ឮ​គេ​និយាយ​ផង” ស្តេច​មាន​ព្រះ​បន្ទូល​សួរ​ទៅ​នេសាទ​ទៀត​ថា “ពី​វាំង​អញ​ទៅ​ត្រពាំង​នោះ បើ​ដើរ​ដោយ​ជើង​ចំនួន​ប៉ុន្មាន​ម៉ោង​ដល់” តា​ចាស់​ក្រាប​ទូល​ថា​ប្រហែល ៣ ម៉ោង​ប៉ុណ្ណោះ​ឯង ។ ជួន​ជា​វេលា​នោះ​នៅ​ថ្ងៃ​នៅ​ឡើយ ស្តេច​ត្រាស់​បង្គាប់​ឲ្យ​រៀប​ទីនាំង​អស្សុត្តរ​ជា​ប្រញាប់ យាង​ចេញ​ទៅ​ជា​មួយ​នឹង​សេនាមាត្យ​ដ៏​ច្រើន យក​តា​នេសាទ​ជា​មគ្គនា​យក់​នាំ​ផ្លូវ​ផង ដើម្បី​ឲ្យ​បាន​ដល់​ទៅ​ទី​នោះ​មុន​អស្តង្គត   ។

              លុះ​ស្តេច​មក​ដល់​ភ្នំ ១ ក៏​ឆ្លង​កាត់​ខ្នង​ភ្នំ​នោះ​ទៅ ស្រាប់​តែ​ឃើញ​វាល​វែង​១ ធំទូលាយ​គួរ​ជា​តី​អស្ចារ្យ ដែល​មនុស្ស​មិន​ដែល​ឃើញ​សោះ ស្តេច​ទៅ​ពី​នោះ​បន្តិច​ទៅ ក៏​ដល់​ត្រពាំង​ធំ​១ នៅ​ជា​ចន្លោះ​ភ្នំ​ទាំង ៤ ដូច​ពាក្យ​តា​នេសាទ​ទទួល​មែន ក្នុង​ត្រពាំង​នោះ​មាន​ទឹក​ថ្លា​ស្អាត ហើយ​មើល​ឃើញ​ត្រី​ទាំង​អសើ​សុទ្ធ​តែ​ដូច​ត្រី​ដែល​តាចាស់​បាន​យក​ទៅ​ថ្វាយ ។ ស្តេច​បាន​ទៅ​ពិនិត្យ​ត្រី​លើ​មាត់​ត្រពាំង​នោះ​១​វេលា ទើប​មាន​ព្រះ​ឱង្ការ​នឹង​សេវកា​មាត្យ​រាល់​គ្នា ថា​យើង​មិន​គួរ​ជា​មិន​ដែល​ស្គាល​ត្រពាំង​ដែល​នៅ​ជិត​ទីក្រុង​នេះ​សោះ សេនា​រាល់​គ្នា​ក៏​ទូល​តប​ថា ទាំង​អស់​គ្នា​មិន​ដែល​បាន​ឮ​អ្នក​ណា​និយាយ​ម្តង​អំពី​ត្រពាំង​នេះ ទើប​ស្តេច​មាន​ព្រះ​ដម្រាស់​ថា “បើ​អ្នក​រាល់​គ្នា​មិន​ដែល​ដឹង​ មិន​ដែល​ឮ​គេ​និយាយ​ពី​ត្រពាំង​ថ្មី​នេះ​ដូច្នោះ ខ្លួន​អញ​ក៏​ឆ្ងល់​ណាស់, មួយ​ទៀត​អញ​តាំង​ចិត្ត​ថា​មិន​ត្រឡប់​ទៅ​នគរ​វិញ ជា​មុន​ដែល​បាន​ដឹង​ច្បាស់​នៃ​រឿង​រ៉ាវ​របស់​ត្រពាំង​នេះ នឹង​ត្រី​ទាំង​៤​ពណ៌​នោះ​ឯង ” មាន​ព្រះ​បន្ទូល​តែ​ប៉ុណ្ណេះ ហើយ​ត្រាស់​បង្គាប់​ឲ្យ​បោះ​បារាំ​ជា​ព្រះ​បន្លា នៅ​លើ​មាត់​ត្រពាំង​ក្នុង​គ្រា​នោះ ។

              លុះ​ចូល​រាត្រី​មក​ស្តេច​យាង​ចូល​ក្នុង​ព្រះ​ពន្លា ហើយ​ទ្រង់​មាន​ព្រះ​បន្ទូល​នឹង​មហា​មាត្យ​ថា “មហាមាត្យ, អញ​មាន​សេចក្តី​បរិវិត​ក​ជា​ខ្លាំង​អំពី​ត្រពាំង​ទើប​មាន​ក្នុង​ទី​នេះ​ផង អំពី​មនុស្ស​ខ្មៅ​ចូល​ទៅ​ក្នុង​បន្ទប់​ដែល​យើង​បាន​ឮ​សំដី​និយាយ​ផង រឿង​ទាំង​នេះ​បណ្តាល​ឲ្យ​អញ​ចង់​ដឹង​ដើម​ឫស​ពន់​ពេក​ណាស់ អញ​នឹង​ទប់​ទល់​នៅ​ស្ងៀម​កន្តើយ​ពុំ​បាន អញ​បាន​គិត​ជា​ស្រេច​ថា នឹង​ភៀស​ខ្លួន​ចេញ​ទៅ​តែ​ម្នាក់​ឯង ត្រូវ​ឯង​នៅ​រក្សា​ទី​កន្លែង កុំ​ប្រាប់​អ្នក​ឯណា​ឲ្យ​ដឹង​១​ជា​២ ។ លុះ​ព្រឹក​សែ្អក​ឡើង បើ​សេនា​យោធា​រាល់​គ្នា​ចូល​មក​គាល់ ត្រូវ​ឯង​ពោល​បញ្ឆោត​ថា​អញ​មាន​សេចក្តី​វិតក​បន្តិប ចង់​នៅ​ស្ងាត់​តែ​ម្នាក់​ឯង ហើយ​ឲ្យ​វា​​ត្រឡប់​ទៅ​វិញ​ចុះ ដល់​ថ្ងៃ​ក្រោយ​ត្រូវ​ឯង​និយាយ​ដូច​ដែល​ទៀត ដ៏រាប​ដល់​អញ​ត្រឡប់​មក​វិញ ” ។

              មហាមាត្យ​ក្រាប​ទូល​ឃាត់​ជា​ច្រើន​ដង​មិន​ឲ្យ​ស្តេច​ចេញ​ក្រែង​មាន​អន្តរាយ​ក្នុង​ទី​ស្ងាត់​នោះ ប៉ុន្តែ​ទូល​ទាស់​យ៉ាង​ណា​ក៏​ឥត​អំពើ ព្រោះ​ស្តេច​មិន​ព្រម​លះ​បង់​ព្រះ​ដំរិះ​ដែល​ទ្រង់​បាន​គិត​ទុក​ជា​មុន​សោះ ហើយ​ក៏​រៀប​ចំ​ព្រះ​អង្គ​និង​យាង​បាទ​ចេញ​ទៅ​យក​តែ​ព្រះ​សែង​ថ្លា​១​សៀត​ជាប់​នឹង​ព្រះ​អង្គ ដល់​ពេល​ស្ងាត់​ទរ្ង់​ក៏​យាង​ចាក​ព្រះ​ពន្លា​ឥត​មាន​យក​អ្នក​ណា​តាម​ហែ​ជា​មួយ​ផង ។

              ទ្រង់​សីហនាទ​សំដៅ​ទៅ​ភ្នំ​១ ហើយ​យាង​ឡើង​ទៅ​លើ​ភ្នំ​នោះ ដោយ​សេចក្តី​លំបាក​នឿយ​ហាត់​ជា​ខ្លាង ទ្រង់​ឆ្លង​កាត់​ខ្នង​ភ្នំ​នោះ​លេច​ទៅ​ក្នុង​វាល ១ ហើយ​ដល់​ពេល​អរុណ​រះ​ឡើង​ទើប​ទ្រង់​ប្រទះ​ឃើញ​ផ្តះ​១​ធំ ទ្រង់​មាន​សេចក្តី​សោមនស្ស​ក្នុង​គ្រា​នោះ​ពន់​ពេក​ណាស់ ដោយ​សង្ឃឹម​ថា​នឹង​បាន​ជ្រាហ​ហេតុ​ភេទ​មិន​ខាន ។ លុះ​យាង​ចូល​ទៅជិត​ ឃើញ​ជា​ប្រាសាទ​១ ស្តុក​សំ្ត​ស្គិម​ស្កៃ​ល្អ​ឆើត ដ៏​ប្រជាប់​ដោយ​ថ្លើម​ថ្ម​ខ្មៅ​រលោង​ស្រិល​ប្រកប​ដោយ​ដែក​ថែប​យ៉ាង​ឯក​ភ្លឺ​ភ្លេក​ដូច​កញ្ចក់ ស្តេច​ក៏​សង្កេត​នូវ​ក្បួរ​ក្បាច់​រំលេចនា​ជញ្ជាំង​ថែវ​ក្រៅ​ រួច​យាង​រហូត​ទៅ​ដល់​ទ្វារ​ថែវ ឃើញ​ទ្វារ​នោះ​មាន​ស្លាប​២ បើ​ម្ខាង​បិទ​ម្ខាង ។ មុន​នឹង​ចូល​ទៅ​ខាង​ក្នុង ស្តេច​បាន​គោះ​ទ្វារ​សិន, ដើម​ឡើយ​ទ្រង់​គោះ​យ៉ាង​ស្រាល តែ​មិន​ឃើញ​មាន​មនុស្ស​ចេញ​មក​សោះ ទើប​គោះ​ម្តង​ទៀត​ខ្លាំង​បន្តិច ដោយ​ទ្រង់​ស្មាន​ថា ក្រែង​គេ​មិន​ឮ​លុះ​គ្មាន​ខើញ​មនុស្ស​ម្នាក់​ចេញ​មក​សោះ ស្តេច​ក៏​គោះ​យ៉ាង​ខ្លាំង​ម្ត​ទៀត ជាន់​ក្រោយ​នេះ​ក៏​នៅ​តែ​មិន​ឃើញ​មាន​មនុស្ស​ចេញ​មក​ ស្តេច​មាន​សេចក្តី​សង្ស័យ​ក្នុង​វេលា​នោះ​មុះ​ហិមា​ដោយ​ទ្រង់​ពិចារណា​ថា​ប្រាសាទ​ធំ​ហើយ​ស្អាត​យ៉ាង​នេះ មិន​សំជា​គ្មាន​មនុស្ស​នៅ ទើប​ទ្រង់​ព្រះ​ដំរិះ​ថា “​បើ​ទុក​ជា​គ្មាន​មនុស្ស​ក៏​អញ​ឥត​ខ្លាច ហើយ​បើ​ប្រសិន​ជា​មាន​មនុស្ស​មក​ក៏​អញ​មាន​គ្រឿង​ប្រដាប់​នឹង​ការ​ពារ​ខ្លួន​អញ ។

              ទ្រង់​ព្រះ​ដំរិះ​ដូច្នេះ​ហើយ ក៏​យាង​ចូល​ទៅ​តាម​ទ្វារ​ថែវ​នោះ​ឯង​ដ៏​រាប​ដល់​ទី​ធ្លា​១ ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​តែ​១ ព្រះ​អង្គ​ឯង​ថា ” នៅ​ទី​នេះ​គ្មាន​មនុស្ស​សំរាប់​ទទួល​អ្នក​ដំណើរ​ដែល​ត្រូវ​ការ​ជ្រក​អាស្រ័យ ១ វេលា​ទេ​ឬ?” ទ្រង់​មាន​ព្រះ​បន្ទូល​ដ៏​ដែល​នេះ​៣-៤ ដង​ទៀត​យ៉ាង​ខ្លាំងៗ តែ​គ្មាន​ឮ​មាត់​មនុស្ស​ម្នាក់​ឆ្លើយ​តប​សោះ ។ ហេតុ​ដែល​ស្ងៀម​ស្ងាត់​សូន្យ​ដូច្នេះ បណ្តាល​ឲ្យ​ទ្រង់​មាន​ព្រះ​វិតក​ជា​ខ្លាំង​ខណៈ​ដែល​ទ្រង់​យាង​កាត់​ឆ្លង​ទី​ធ្លា​ធំ​នោះ​ទ្រង់​ងាក​ឆ្វេង​ងាក​ស្តាំ​រក​មើល​ក្រែង​ឃើញ​មាន​មនុស្ស​នៅ​ក្នុង​ទី​នោះ លុះ​ផុត​ទី​ធ្លា​ទៅ​ទ្រង់​យាង​ចូល​ទៅ​ក្នុង​មហាមណ្ឌីរ ដែល​ក្រាល​ពាស​ពេញ​ដោយ​ព្រែ​ព្រំ​ជា​ទ្រនាប់​ជើង ហើយ​មាន​ទាំង​បង្អួច​ប្រដាប់​សុទ្ធ​តែ​រនាង​ព្រែ​យ៉ាង​ល្អ​អំពី​ស្រុក​ភ្លឹង ផុត​ពី​ទី​នោះ ទៅ​ទ្រង់​យាង​ទៅ​ដល់​បន្ទប់ “អស្ចារ្យ” នៅ​កណ្តាល​បន្ទប់​នោះ មាន​ស្រះ​១ មាន​រូប​រាជ​សីហ៍​ឈរ​គ្រប់​ជ្រុង​ទាំង​៤ ហើយ​មាន​ទឹក​ហូរ​ចេញ​ពី​មាត់ ទឹក​ដែល​ហូរ​ធ្លាក់​មក​កើត​ទៅ​ជា​ត្បូង​ពេជ្រ​នឹង​កែវ​មុក្តា ធ្លាក់​ខ្ចាយ​ឡើង​ទៅ​លើ​ស្ទើរ​នឹង​ដល់​ដម្បូល ។

              ប្រាសាទ​នោះ​មាន​សួន​ឱស្យាន​ព័ទ្ធ​គ្រប់​ទាំង ៣ ហើយ​មាន​ផ្លូវ​ខ្វាត់​ខ្វែង មាន​ស្រះ​មាន​ដំណាំ​នឹង​ផ្កា​គ្រប់​បែប​យ៉ាង​ប្រឡង​សំអ​គ្នា ប៉ុន្តែ​ដើម្បី​ញាំង​ទី​នោះ​ឲ្យ​រឹត​តែ​សប្បាយ​គួរ​គន់​ទៅ​ទៀត នោះ​គឺ​មក​ពី​បក្សី​គ្រប់​ភាសា​បន្លឺ​នៅ​សម្រែក​អឺង​អាប់​សព្ទ​ស៊ាន​តាម​ភាសា​ទី​ទៃៗ នៅ​ជា​និច្ច​ក្នុង​ទី​នោះ ព្រោះ​មាន​រនាង​លួស​ព័ទ្ធ​ជុំ​វិញ​ពី​ក្រៅ​ដើម​ឈើ​ទាំង​អស់ មិន​ឲ្យ​បក្សី​ទាំង​នោះ​ហើរ​ចេញ​ចាក​ទី​កន្លែង​សួន​បាន ។

              គ្រា​នោះ​ស្តេច​យាង​ពី​បន្ទប់​១ ទៅ​បន្ទប់​១ ដ៏​ប្រដាប់​ប្រជា​ឥត​មាន​ខ្ចស់​ដោយ​របស់​សុទ្ធ​សឹង​មាន​ដំឡៃ លុះ​ទ្រង់​នឿយ​ព្រះ​កាយ​ក៏​ឈប់​សម្រាក​ព្រះ​អង្គ​ត្រង់​កន្លែង ១ មាន​បង្អួច​ចំហារ​ឆ្ពោះ​ទៅ​សួន​ឧស្យាន ហើយ​រចនា​ប្រដាប់​ប្រដា​ដូចៗ​គ្នា, យូរ​បន្តិច​ឮ​សូរ​សំឡែង​ថ្អូញ​ថ្ងូរ​គួរ​សង្វេគ​អនិច្ចា មក​ប៉ះ​ពាល់​ដល់​សោត​បសាទ ទ្រង់​ក៏​ផ្ទៀង​ព្រះ​កម្មា​ទាំង​សង​ស្តាប់ ហើយ​បាន​ឮ​ជាក់​ស្តែង​ជា​ពាក្យ​ថ្អូញ​ថ្ងូរ​ថា ” ឱភ័ព​សំណា​ងើយ, បើ​ឯង​មិន​ឲ្យ​អញ​ត្រអាល​សប្បាយ​យូរ​ទេ, ឯង​ធ្វើ​ឲ្យ​អញ​រង​កម្មវេទនា​ជាង​មនុស្ស​ទាំង​អស់​ដូច្នេះ​ហើយ ក៏​ចូរ​ឯង​កុំ​ទុក​ជីវិត​អញ​ឲ្យ​នៅ​រស់​យូរ​រង​ទុក្ខ​វេទនា​ឡើយ, ចូរ​ឯង​ផ្តិល​ផ្តាច់​ជីវិត​អញ​ឲ្យ​ឆាប់​ ដើម្បី​ឲ្យ​ផុត​អំពី​ទុក្ខ​ទាំង​នេះ ឱព្រះ​ម្ចាស់​ថ្លៃ​ខ្ញុំ​អើយ, ចុះ​គួរ​ឲ្យ​ខ្ញុំ​នៅ​រស់​ដល់​ណា​ទៀត បើ​ខ្ញុំ​សោយ​ទុក្ខ​វេទនា​យ៉ាង​ដូច្នេះ។

              ដោយ​ទ្រង់​មាន​សេចក្តី​អាសូរ​ដល់​សំដី​ថ្អូញ​ថ្ងូរ​នោះ​ពេក​ណាស់ ក៏​ទ្រង់​ក្រោក​ឡើង ហើយ​យាង​ឆ្ពោះ​ទៅ​កន្លែង​ដែល​ឮ​សំឡេង​នោះ លុះ​យាង​ទៅ​ដល់​ទ្វារ​បន្ទប់​១ ទ្រង់​បើក​ទ្វារ​នោះ​ឡើង ស្រាប់​តែ​ឃើញ​មនុស្ស​ជំទង់​ម្នាក់​រូប​ស្អាត​បាត ប្រដាប់​កាយ​ដោយ​របស់​មាន​ដំឡៃ អង្គុយ​លើ​អសនៈ​១ដ៏​ខ្ពស់​ឡើង​ពី​ផ្ទៃ​ឥដ្ឋ ទំនង​ជា​មនុស្ស​មាន​ទុក្ខ​មែន ស្តេច​ក៏​យាង​ចូល​ទៅ​ជិត​ហើយ​គំនាប់​ទៅ​មនុស្ស​នោះ ឯ​មនុស្ស​ជំទង់​ក៏​ឱន​សិរសា​យ៉ាង​ទាប​គំនាប់​តប​មក​វិញ ហើយ​ដោយ​ខ្លួន​មិន​បាន​ក្រោក​ចុះ​ពី​ទី​អាសនៈ ក៏​ពោល​ពាក្យ​ថា “បពិត្រ​លោក​ម្ចាស់, សូម​លោក​អត់​ទោស​ដល់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា​គួរ​ណាស់​តែ​ក្រោក​ទៅ​ទទួល​លោក ហើយ​គោរព​ដោយ​កិរិយា​ប្រពៃ, ប៉ុន្តែ​ខ្ញុំ​ធ្វើ​កិច្ច​នោះ​មិន​បាន​ឡើយ ព្រោះ​មាន​ហេតុ​ជា​ធំហួស​កំឡាំង ខា​ខាំង​មិន​ឲ្យ​ខ្ញុំ​សម្រេច​បាន សូម​លោក​ម្ចាស់ កុំ​យល់​ថា​ខ្ញុំ​ជា​មនុស្ស​ជូអសប្បុរស​ឡើយ ” វេលា​នោះ​ស្តេច​មាន​ព្រះ​បន្ទូល​តប​វិញ​ថា “​ខ្ញុំ​មាន​សេចក្តី​សោមនស្ស​ណាស់​ទៅ​ហើយ ដោយ​បាន​ឃើញ​អ្នក​មាន​សេចក្តី​រោះ​រាយ​ដល់​ខ្ញុំ រឿង​ដែល​អ្នក​សូម​ទោស​ខ្ញុំ ព្រោះ​មិន​បាន​ក្រោក​ទទួល​នោះ ចូរ​អ្នក​កុំបារម្ភ ខ្ញុំ​ឥត​ប្រកាន់​ថា​អ្វី​ឡើយ ខ្ញុំ​បាន​ឮ​សំឡែង​អ្នក​ថ្អូញ​ថ្ងូរ​អំពី​សេចក្តី​ទុក្ខ​វេទនា ខ្ញុំ​ក៏​មាន​ចិត្ត​អាណិត​អ្នក​ពន់​ប្រមាណ ទើប​ខ្ញុំ​ចូល​មក​ដើម្បី​ជួយ​សង្រ្គោះ​អ្នក​ឲ្យ​រួច​ចាក​ទុក្ខ តាម​កម្លាំង​ដែល​ខ្ញុំ​ជួយ​បាន ហើយ​ខ្ញុំ​សង្ឃឹម​ថា​អ្នក​មុខ​ជា​ពណ៌នា​រឿង​របស់​អ្នក​ប្រាប់​ខ្ញុំ​មិន​ខាន ប៉ុន្តែ​មុន​នឹង​និយាយ​រឿង​នោះ ខ្ញុំ​សូម​ឲ្យ​អ្នក​ប្រាប់​ខ្ញុំ​សិន​ពី​ត្រពាំង​ធំ​នៅជិត​ទី​នេះ ដែល​មាន​ត្រី​៤ ពណ៌​ផ្សេង​គ្នា​តើ​មាន​ហេតុ​ភេទ​ដូច​ម្តេច ហើយ​ប្រសាទ​នេះ​ជា​ប្រាសាទ​អ្វី, គេ​សាង​ពី​ក្នុង​គ្រា​ណា ហេតុ​អ្វី​បាន​ជា​អ្នក​មក​នៅ​ក្នុង​ប្រាសាទ​នេះ​តែ​ម្នាក់​ឯង “បុរស​នោះ​បាន​ឮ​ពាក្យ​សួរ​ទាំង​ប៉ុន្មាន​នេះ​ហើយ ក៏​ខ្សឹក​ខ្សួល​ឡើង​ក្នុង​វេលា​នោះ មាន​វាចា​ថា ” ឱវាសនា​មនុស្ស​យើង​នេះ​ជា​របស់​ប្រែ​ប្រួល​ណាស់ , អាច​រុញ​មនុស្ស​ឲ្យ​ខ្ពស់ ឡើង​ហើយ​អាញ​ទំលាក់​ឲ្យ​ទាប​ចុះ​វិញ​បាន នរណា​មួយ​ដែល​អា​សោយ​សុខ​បាន​អស់​កាល​ជា​និច្ច” ។

              ឯស្តេច​នោះ​បាន​ឮ​វាចារ​ដូច្នេះ ក៏​កើត​ធម្ម​សង្វេគ​ពន់​ពេក​ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​សួរ​ហេតុ​ដែល​នាំ​ឲ្យ​កើត​ទុក្ខ​ធ្ងន់​នោះ​មនុស្ស​ជំទង់​ឆ្លើយ​តប​វិញ​ថា “ឱម្ចាស់​ខ្ញុំ​អើយ, ចុះ​មិន​ឲ្យ​ខ្ញុំ​កើត​ទុក្ខ​ដូច​ម្តេច​បាន ទុក្ខ​របស់​ខ្ញុំ​នេះ​ធ្ងន់​ពេក​ណាស់ ឥត​មាន​អ្នក​ឯ​ណា​ជួយ​ឲ្យ​រួច​ឡើយ” ថា​តែ​ប៉ុណ្ណេះ​បុរស​នោះ​ក៏​ភើច​ជាយ​អាវ​ឡើង​បង្ហាញ​ទៅ​ស្តេច ហើយ​ថា​ខ្លួន​នេះ​ជា​មនុស្ស​តែ​ពី​ត្រឹម​ក្បាល​ចុះ​មក​ដល់​ចង្កេះ​ប៉ុណ្ណោះ​ទេ ចុះ​ពី​ចង្កេះ​ទៅ​សុទ្ធ​តែ​ថ្លើម​ថ្ម​ទាំង​អស់ ។

              វេលា​នោះ​ស្តេច​មាន​សេចក្តី​ឆ្ងល់​ឥត​ឧបមា ទើប​ទ្រង់​មាន​ព្រះ​បន្ទូល​ទៅ​នឹង​បុរស​នោះ​ទៀត​ថា “​ដែល​អ្នក​បង្ហាញ​ខ្ញុំ​អម្បាញ់​មិញ​នេះ​នាំ​ឲ្យ​ខ្ញុំ​ព្រឺ​សិរសា​ពន់​ពេក តែ​សេចក្តី​ព្រឺ​នេះ​ក៏​រឹង​រិត​តែ​នាំ​ខ្ញុំ​ឲ្យ​ចង់​ដឹង​រឿង​របស់​អ្នក​ទៅ​ទៀត ព្រោះ​ជា​រឿង​ចំឡែក​ចន្លោះ​មិន​ដែល​ប្រទះ​ឃើញ មួយ​ទៀត​ខ្ញុំ​នឹក​ស្មាន​ថា​ឯ​ត្រពាំង​នឹង​ត្រី​នោះ ក៏​គង់​មាន​រឿង​ប្លែក​អស្ចារ្យ​ណាស់​ដែរ, បើ​ដូច្នេះ​ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​ស្មោះ​សរ សូម​ឲ្យ​អ្នក​អធិប្បាយ​ប្រាប់​ខ្ញុំ​ឲ្យ​សព្វ​គ្រប់​បើ​អ្នក​និយាយ​ប្រាប់​ខ្ញុំ ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​ឲ្យអ្នក​បាន​សេចក្តី​សម្រាក​ទុក្ខ​ខ្លះ​មិន​ខាន” វេលា​នោះ​បុរស​ជំទង់​ឆ្លើយ​តប​វិញ​ថា “ខ្ញុំ​នឹង​ពណ៌នា​ជូន​លោក​ស្តាប់​មិន​ខាន ថ្វី​បើ​រឿង​នេះ​និយាយ​ទៅ​ហើយ​នាំ​ឲ្យ​ខ្ញុំ​បាន​ទុក្ខ​ជា​ថ្មី​ទៀត ប៉ុន្តែ​សូម​ឲ្យ​លោក​ប្រុង​ត្រចៀក​ទាំង​២ និង​ស្មារតី ដើម្បី​កត់​សំគាល់​នូវ​សេចក្តី​ដែល​លោក​បាន​ស្តាប់​ទាំង​ប៉ុន្មាន ទោះ​បី​សេចក្តី​នោះ​ជា​ការ​ហួស​ធម្មតា, ហួស​គំនិត​ដូច​ម្តេច​ក្តី។​​ អានបន្ត រឿង​ ស្តេចក្មេងនៅនគរកោះខ្មៅ

ដកស្រង់ចេញពីៈ កម្ពុជសូរិយា

នាំមកជូនដោយៈ THE KHMER SPOT