មាន​បុរស​ម្នាក់ មាន​ភរិយា ១ ប្រកប​ដោយ​រូប​ល្អ​ប្រពៃ​បុរស​នោះ​ស្រឡាញ់​ភរិយា​អាត្មា​ហួស​ប្រមាណ មិន​ដែល​ទៅ​ណា​ឲ្យ​ឃ្លាត​ឆ្ងាយ ១ វេលា​ឡើយ មាន​ថ្ងៃ ១ មាន​ធុរៈ​ទៅ​ស្រុក​ឆ្ងាយ​នឹង​ខាន​មិន​បាន បុរស​នោះ​ក៏​យាត្រា​ទៅ​កាន់​​កន្លែង​លក់​បក្សី ហើយ​ទិញ​សត្វ​សេក ១ យក​មក ឯ​សេក​នោះ​មិន​គ្រាន់​តែ​ចេះ​និយាយ​ភាសា​មនុស្ស ថែម​ទាំង​មាន​ប្រាជ្ញា​វាង​វៃ​ចេះ​ចាំ​រឿង​រ៉ាវ​ផ្សេង​ៗ ដែល​បាន​ដឹង​បាន​ឮ​នោះ​ផង បុរស​នោះ​យក​សេក​ទៅ​ដាក់​ក្នុង​ទ្រុង ហើយ​និយាយ​នឹង​ភរិយា​អាត្មា​ឲ្យ​យក​ទៅ​ដាក់​ទុក​ក្នុង​បន្ទប់​ថែរក្សា​ឲ្យ​ស្រួល​ល្អ ក្នុង​ពេល​ដែល​ខ្លួន​មាន​ដំណើរ​ទៅ​នោះ ផ្ដាំ​ស្រេច​ហើយ​ក៏​ដើរ​ចេញ​ទៅ ។

            វេលា​ដែល​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ចូល​ទៅ​ពិចារណា​សួរ​សេក​នោះ អំពី​ហេតុ​ភេទ​ដែល​កើត​ឡើង​ក្នុង​គ្រា​ដែល​ខ្លួន​មិន​នៅ សត្វ​សេក​ឆ្លើយ​ប្រាប់​អស់​កិច្ចការ​ដែល​នាំ​ឲ្យ​ស្វាមី​ស្ដី​បន្ទោស​ជា​ទំងន់​ដល់​ភរិយា ។ នាង​នោះ​គិត​ស្មាន​ថា​មាន​ទាសី​ណា​ក្នុង​ផ្ទះ​លួច​ប្រាប់​រឿង​រាវ​នេះ ក៏​ហ៊ាន​ស្បថ​ស្បែ​ឲ្យ​ប្ដី​ថា ខ្លួន​មាន​ចិត្ត​ស្លូត​ត្រង់​ឥត​មាន​ល្អៀង​ប្រែ​ប្រួល​ទេ វេលា​ក្រោយ​មក​នាង​នោះ​បាន​ដឹង​ថា​រឿង​រ៉ាវ​ទាំង​ប៉ុន្មាន​បែក​ពី​សត្វ​សេក​និយាយ​ប្រាប់​ស្វាមី ។

            លុះ​ដឹង​ដូច្នោះ​ហើយ ក៏​គិត​តែ​ក្នុង​ចិត្ត​រក​ឧបាយ​នឹង​បំបាត់​សេចក្ដី​សង្ស័យ​របស់​ស្វាមី​ខ្លួន​ផង នឹង​ញាំង​សេក​នោះ​ឲ្យ​វិនាស​ផង ត្រេះ​រិះ​មក​ទាន់​បាន​ប៉ុន្មាន​ឃើញ​ឧបាយ​ដូច​មាន​ខាង​ក្រោយ ថ្ងៃ ១ ស្វាម៉ី​មាន​ដំណើរ​ទៅ​ឆ្ងាយ​កំណត់ ១ ថ្ងៃ​យប់​នោះ​នាង​ប្រើ​ទាសី​ម្នាក់​ឲ្យ​យក​រហាត់​ទៅ​រវៃ​នៅ​ក្រោម​ទ្រុង​សេក ទាសី​ម្នាក់​ទៀត​ឲ្យ​យក​ទឹក​ទៅ​សាច​ពី​លើ​ដម្បូល​ទ្រុង​ធ្វើ​ដូច​ជា​ភ្លៀង ឯ​ទាសី​ម្នាក់​ទៀត​ឲ្យ​យក​កញ្ចក់​ទៅ​ឆ្លុះ​បញ្ចាំង​ដោយ​ពន្លឺ​ទៀន ឆ្លុះ​ពី​ខាង​ឆ្វេង​ម្ដង​ពី​ខាង​ស្ដាំ​ម្ដង រីបាវ​ព្រាវ​ទាំង​ប៉ុន្មាន​នោះ​ក៏​ទៅ​ធ្វើ​តាម​មុខ​ក្រសួង​តែ​រៀង​ខ្លួន តាំង​ពី​ក្បាល​ព្រលប់​លុះ​ដល់​យប់​ជ្រៅ​ទើប​ឈប់ ។

            វេលា​ថ្ងៃ​ស្អែក​ឡើង​ប្ដី​ត្រឡប់​មក​វិញ ក៏​ទៅ​ពិចារណា​សួរ​សេក​ទៀត អំពី​ហេតុ​កើត​ឡើង​ក្នុង​ផ្ទះ ឯ​សេក​តប​វិញ​ថា ឱ​ម្ចាស់​ខ្ញុំ​អើយ ក្នុង​វេលា​យប់​មិញ​នេះ​រន្ទះ​ផ្គរ​ផ្លៀង​ធ្វើ​ទុក​ខ្ញុំ​ទើស​ភ្លឺ​ខ្ញុំ​បាន​សេចក្ដី​លំបាក​ឥត​ឧបមា បុរស​នោះ​បាន​ដឹង​ប្រាកដ​ថា​ក្នុង​វេលា​យប់​នោះ​ឥត​មាន​ផ្លៀង​ផ្គរ​សោះ នូវ​វេលា​ដែល​បាន​ឮ​សេក​និយាយ​ប្រាប់​ដូច្នោះ ក៏​គិត​ថា​សេក​និយាយ​ពាក្យ​មុសាវាទ ដូច​ជា​ពាក្យ​ដែល​ប្រាប់​កាល​ជាន់​មុន អំពី​កិរិយា​មារយាទ​ភរិយា​ខ្លួន ក៏​សុទ្ធ​តែ​ជា​ពាក្យ​ពោល​បង្កាច់ ជា​ពាក្យ​កុហក​មិន​ពិត​ទាំងអស់​ដែរ គិត​ដូច្នេះ​ហើយ ក៏​ទាញ​យក​សេក​ពី​ទ្រុង​បោក​ផ្ទប់​ទៅ​លើ​ដី​ដល់​អន្តរាយ​ជីវិត​ក្នុង​គ្រា​នោះ​ទៅ​លុះ​ដល់​ថ្ងៃ​ក្រោយ​មក​ទើប​បាន​ដឹង​ហេតុ​ជា​ប្រាកដ​អំពី​អ្នក​ជិត​ខាង ថា​សត្វ​សេក​នោះ​មិន​បាន​ពោល​ពាក្យ​កុហក​បង្កាច់​កិរិយា​មារយាទ​ភរិយា​ខ្លួន​ទេ បុរស​ម្ចាស់​សេក​ដឹង​ហើយ​កើត​សេចក្ដី​សោក​ស្ដាយ​សត្វ​បក្សី​មហិមា ព្រោះ​ខ្លួន​បាន​ពិឃាត​ចោល​ដោយ​ឥត​ពិចារណា ។

            វេលា​ដែល​បាន​សារ​ស័ព្ទ​រឿង​ប្រាប់ អគ្គសេនាបតិ​ដូច្នោះ​ហើយ ស្ដេច​ក៏​មាន​ព្រះ​បន្ទូល​ត​ទៅ​ទៀត​ថា ម្នាល​អគ្គមហា​សេនា ខ្លួន​ឯង​នេះ​ច្បាស់​ជា​មាន​សេចក្ដី​ច្រណែន​ឫស្យា​ដល់​ពេទ្យ​ឌូប័ន​ដែល​ជា​មនុស្ស​សុចរិត ឥត​ធ្វើ​អំពើ​អាក្រក់​អ្វី​ដល់​ឯង​សោះ ម្ដេច​ក៏​ឯង​មក​ពោល​បង្កាច់​ឲ្យ​អញ​សំឡាប់​វា​ដូច្នេះ អញ​នឹង​តាម​ពាក្យ​ឯង​ឯ​ណា​បាន ព្រោះ​អញ​ខ្លាច​មាន​សេចក្ដី​ស្ដាយ​ទៅ​ឯ​ក្រោយ ដូច​យ៉ាង​បុរស​សំឡាប់​សេក​នោះ​ឯង ឯ​អគ្គ​មហា​សេនា​ដោយ​ប្រាថ្នា​ចង់​ឲ្យ​ពេទ្យ​ឌូប័ន​បាន​សេចក្ដី​អន្តរាយ​ណាស់ ក៏​ខំ​ចចេ​សួរ​រក​រឿង​ទូល​ត​ទៅ​ទៀត​ថា បពិត្រ​ព្រះ​ករុណា​ជា​អម្ចាស់ សូម​ព្រះ​អង្គ​ជ្រាប​ថា​ជីវិត​សត្វ​សេក​ដែល​បាត់​បង់​ទៅ​នោះ​មិន​ជា​ថ្លៃ​ថ្លា​ប៉ុន្មាន​ទេ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ស្មាន​ថា​បុរស​ជា​ម្ចាស់​សត្វ​នោះ​ក៏​មិន​បាន​សោក​ស្ដាយ​ជា​យូរ​អង្វែង​ដែរ ដូច​ជា​ព្រះ​អង្គ​ក៏​មិន​គួរ​នឹង​ស្ដាយ​ថា​ក្រែង​ពេទ្យ​នោះ​ជា​មនុស្ស​និរទោស តើ​សេចក្ដី​ដែល​ថា​ពេទ្យ​នេះ​មាន​ប្រាថ្នា​នឹង​ធ្វើ​ជីវិត​ព្រះ​អង្គ​ឲ្យ​អន្តរាយ នៅ​មិន​ទាន់​ធួន​ល្មម​នឹង​បំបាត់​ជីវិត​វា​ឬ ? ចំណែក​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​យល់​ថា​កិរិយា​ដែល​រក្សា​អង្គ​មហាក្សត្រ​និមួយ​ៗ ឲ្យ​បាន​សុខ​ស្រួល កុំ​ឲ្យ​មាន​សត្រូវ​ណា​មក​បៀត​បៀន​បាន នោះ​គួរ​ណាស់​តែ​យក​ហេតុ​ដែល​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ​បន្តិច​បន្តួច​មក​ទុក​ជា​ការ​ពិត​ការ​មែន​បាន​គឺ​ថា​សូវ​សំឡាប់​មនុស្ស​ឥត​ទោស​ជា​ជាង​សង្រ្គោះ​មនុស្ស​មាន​ទោស បពិត្រ​ព្រះ​សមតិទេវាវង្ស រឿង​ដែល​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នាំ​មក​ក្រាប​ទុល​នេះ មិន​មែន​ជា​រឿង​មិន​ពិត​ទេ គ្រូ​ពេទ្យ​ឌូប័ន​នេះ​ប្រុង​នឹង​ប្រហារ​ជីវិត​ព្រះ​អង្គ​ដោយ​ជាក់​ស្ដែង​ណាស់​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ មិន​មែន​ក្លែង​បង្កាច់​ដោយ​សេចក្ដី​ច្រណែន​ឈ្នា​និះ​ឡើយ គឺ​ទូល​ដោយ​ត្រង់ ព្រោះ​ចង់​ឲ្យ​គង់​ជីវិត​ព្រះ​អង្គ​ត​ទៅ​មុខ ប្រសិន​បើ​ពាក្យ​ដែល​ទូល​ព្រះ​បង្គំ​ក្រាប​ទូល​នេះ ជា​ពាក្យ​ក្លែង សូម​ឲ្យ​ព្រះ​អង្គ​ប្តន្ទា​ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​ដូច​ជា​ស្ដេច ១ អង្គ​ប្តន្ទា​មហា​មាត្យ​ម្នាក់​ក្នុង​រឿង​ដែល​មាន​ពី​បុរាណ​មក ។ គ្រា​នោះ​ស្ដេច​ក្រិក​សួរ​ទៅ​វិញ​ថា ចុះ​មហាមាត្យ​ក្នុង​រឿង​នោះ​បាន​ប្រព្រឹត្ត​ដូច​ម្ដេច​ក៏​បាន​ជា​ត្រូវ​ទណ្ឌកម្ម អគ្គមហា​សេនា​ទូល​ថា សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​សណ្ដាប់​ចុះ ទូល​ព្រះ​បង្គំ​ជា​ខ្ញុំ​នឹង​នាំ​មក​និទាន រឿង​ មហាមាត្យត្រូវទណ្ឌកម្ម

ដកស្រង់ចេញពីៈ កម្ពុជសូរិយា

នាំមកជូនដោយៈ THE KHMER SPOT